Alynana Media Cambodia
Icon Collap
clinic narit

តើនឹងមានអ្វីពិសេសនៃជំនួបទល់មុខគ្នាជាលើកដំបូងរវាងបុរសខ្លាំងរដ្ឋចិនលោក ស៊ី ជីនពីង និងលោក ចូ បៃដិននៅសប្ដាហ៍ក្រោយ?

Admin Alynana | Nov 12, 2022
តើនឹងមានអ្វីពិសេសនៃជំនួបទល់មុខគ្នាជាលើកដំបូងរវាងបុរសខ្លាំងរដ្ឋចិនលោក ស៊ី ជីនពីង និងលោក ចូ បៃដិននៅសប្ដាហ៍ក្រោយ?
Clinic narith

មេដឹកនាំនៃប្រទេសមហាអំណាចទី១ និងទី២របស់ពិភពលោកនឹងណាត់ជួបពិភាក្សាគ្នាផ្ទាល់ជាលើកដំបូងនៅកោះបាលីប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃ ចន្ទ ទី ១៤ វិច្ឆិកា មួយថ្ងៃមុនការបើកកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មរីកចម្រើនទាំង២០ (G20) ដែលប្រទេសមហាយក្សទាំងពីរនឹងលើកយកបញ្ហាដូចជាភាពតានតឹងជុំវិញកោះតៃវ៉ាន់ ការមិនរីកសាយភាយនុយក្លេអ៊ែរ និងបញ្ហាសង្គ្រាមពាណិជ្ជកម្មផងនោះ មកដាក់លើតុពិភាក្សាគ្នា នៅចំពេលដែលទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកបាននឹងកំពុងប្រេះស្រាំខ្លាំងឡើងៗ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

មែនទែនទៅ ចាប់តាំងពីលោក ចូ បៃដិន បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោកមិនដែលបានជួបផ្ទាល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងម្តងណាឡើយ។ ហើយជំនួបនៅថ្ងៃចន្ទទី ១៤ ខែវិច្ឆិកានេះ នឹងក្លាយជាជំនួបលើកដំបូងបង្អស់ដែលមេដឹកនាំប្រទេសទាំងពីរជួបជជែកគ្នាទល់មុខ ដោយកាលពីជំនួបមុនៗកន្លងទៅគឺប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញតែប៉ុណ្ណោះ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ជាងពីរឆ្នាំកន្លងមកនេះ។

ម្យ៉ាងវិញទៀត ការជួបប្រជុំគ្នាដោយផ្ទាល់រវាងថ្នាក់ដឹកនាំកំពូលរបស់ដឹកនាំចិន និងអាមេរិកនេះគឺមានសារៈសំខាន់ណាស់ ដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយចៃដន្យ និងការគិតខុសផ្នែកយោធាជាដើម។ បើគិតពីជំនួបតាមទូរស័ព្ទរវាងលោក ស៊ី និងលោក បៃដិន ចុងក្រោយគេបង្អស់ គឺនៅថ្ងៃទី ២៨ ខែកក្កដា ដោយតាំងពីពេលនោះមក មេដឹកនាំទាំងពីរមិនបានទាក់ទងគ្នាតទៅទៀតទេ ក្រោយពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់កាលពីខែសីហា បានធ្វើឱ្យទីក្រុងប៉េកាំងមានការខឹងសម្បារនឹងវ៉ាស៊ីនតោនជាខ្លាំង។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ទី ៩ វិច្ឆិកា លោក Biden បាននិយាយថា លោកនឹងពិភាក្សាជាមួយលោក Xi អំពីកន្លែងដែលជា «បន្ទាត់ក្រហមរវាងប្រទេសទាំងពីរ» លើបញ្ហាកោះតៃវ៉ាន់។ យោងតាម លេខាធិការទទួលបន្ទុកសារព័ត៌មានប្រចាំសេតវិមានអាមេរិក លោកស្រី Karine Jean-Pierre តាមរយៈសេចក្តីថ្លែងការណ៍មួយកាលចេញកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា «មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សា និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងសហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាការគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍រួម ជាពិសេសលើបញ្ហាប្រឈមធំៗរបស់ពិភពលោក»។ គេមិនអាចប្រកែកបានឡើយថា សហរដ្ឋអាមេរិកក្នុងនាមជាមហាអំណាចទី១ និងបងធំរបស់ពិភពលោកចង់ឬមិនចង់គឺត្រូវតែចាត់ទុកប្រទេសចិនជាគូប្រជែងយុទ្ធសាស្ត្រដ៏ស្រួចស្រាល់ក្នុងសទវត្សន៍ទី២១នេះ។

ជាមួយគ្នានេះ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបាននិងកំពុងស្វែងរកទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយទីក្រុងប៉េកាំងឡើងវិញ បើទោះបីជាមានភាពតានតឹងលើកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង ពាណិជ្ជកម្ម និងបញ្ហាជាច្រើនទៀតក៏ដោយ។ បើតាមលោកស្រី Bonnie Glaser អ្នកជំនាញកិច្ចការអាស៊ីនៃមូលនិធិ Marshall របស់អាល្លឺម៉ង់ បាននិយាយថា កិច្ចប្រជុំរវាងលោក ស៊ី និងលោក បៃដិននេះគឺជាឱកាសបើកផ្លូវមួយ ដើម្បីកាត់បន្ថយភាពតានតឹង ហើយប្រទេសចិនបាននិងកំពុងផ្តល់សញ្ញាថា ខ្លួនមិនចង់ឃើញការប្រេះស្រាំនៃទំនាក់ទំនងរវាងប៉េកាំង-វ៉ាស៊ីនតោនតទៅទៀតទេ។

យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ជំនួបទល់មុខនេះនឹងមិនអាចចេញសេចក្តីថ្លែងការណ៍រួមមួយក្រោយកិច្ចប្រជុំនោះបានទេ ដោយហេតុថាភាគីទាំងពីរមិនបានគ្រោងទុកសម្រាប់កិច្ចព្រមព្រៀងជាក់លាក់ណាមួយឡើយ។ គួរជម្រាបថា លោក បៃដិន នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-Yeol នៅខាងក្រៅកិច្ចប្រជុំអាស៊ានបូកក្នុងរាជធានីភ្នំពេញសិន មុននឹងបន្តដំណើរទៅប្រទេសឥណ្ឌូនេស៊ីដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងចូលរួមកិច្ចប្រជុំកំពូល G20នៅថ្ងៃទី១៥-១៦ វិច្ឆិកា ខាងមុខនេះតែម្តង៕