នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសសមាជិកអាស៊ាននៅតែមានកំណើនល្អប្រសើរនិយាយជារួម បើទោះបីជា ទំហំពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសខ្លះមានការថយចុះក៏ដោយ។ ក្នុងនោះ ប្រទេសសមាជិកអាស៊ានចំនួន៣ គឺប្រទេសវៀតណាម ថៃ និង សិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់កម្ពុជា ក្នុងក្របខណ្ឌអាស៊ាន ដោយសម្រេចបានទំហំទឹកប្រាក់សរុបជាង ១២ពាន់លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យដែលបង្ហាញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ទោះបីជាពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់យ៉ាងណាក្ដី ប៉ុន្ដែការធ្វើពាណិជ្ជកម្មកម្ពុជានៅតែរក្សាបាននូវសញ្ញាណវិជ្ជមាន ជាមួយកំណើនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្ដាប្រទេសសមាជិកអាស៊ានសំខាន់ចំនួន៣ រួមមានប្រទេសវៀតណាម ថៃ និង សិង្ហបុរី សម្រេចបានទំហំទឹកប្រាក់សរុបជាង ១២ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ប្រទេសវៀតណាមមានទំហំពាណិជ្ជកម្មសរុបជាមួយកម្ពុជាច្រើនជាងគេរហូតដល់៥ពាន់លានដុល្លារ មានកំណើនជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ មានទំហំទឹកប្រាក់ ១,៦ពាន់លានដុល្លារ កើនឡើងជិត ៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈការនាំចូលពីវៀតណាម មានទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ មានកំណើនជិត ៣២%។
ដោយឡែក ប្រទេសថៃ ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាទី២ នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២នេះ មានទំហំពាណិជ្ជកម្មសរុបជិត ៤ពាន់លានដុល្លារ កើនឡើងជាង ២១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសថៃ មានទំហំទឹកប្រាក់ជិត ៧រយលានដុល្លារ កើនឡើង ៣៦% ធៀបនឹងឆ្នាំ២០២១។ ចំណែកឯ ការនាំចូលពីប្រទេសថៃវិញ មានទំហំទឹកប្រាក់រហូតដល់ជាង ៣ពាន់លានដុល្លារឯណោះ ដែលមានកំណើនជិត ១៩%។
ចំពោះប្រទេសសិង្ហបុរី ដែលជាដៃគូពាណិជ្ជកម្មធំទី៣របស់កម្ពុជាក្នុងតំបន់អាស៊ាន នៅរយៈពេល ១០ខែ ឆ្នាំនេះ មានទំហំទឹកប្រាក់សរុបជាង ៣ពាន់លានដុល្លារ មានការថយចុះជាង ២៥% បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី មានចំនួន ៨១លានដុល្លារ ថយចុះជិត២៨% ធៀបនឹងឆ្នាំមុន ខណៈការនាំចូលពីប្រទេសសិង្ហបុរី មានទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ មានការថយចុះជាង ២៥%។
សូមបញ្ជាក់ថា នៅរយៈពេល ១០ ខែ ក្នុងឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤៤ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងជិត១៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១៕