មន្ត្រីសេតវិមានមួយរូបបានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើការបញ្ជាក់នៅក្នុងកិច្ចប្រជុំទ្វេភាគីរបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ថាអាមេរិក គឺមិនស្វែងរកជម្លោះជាមួយចិននោះទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការថ្លែងបញ្ជាក់របស់ប្រធានាធិបតីអាមេរិករូបនេះ គ្រោងនឹងធ្វើឡើងនៅក្នុងជំនួបក្រៅកិច្ចប្រជុំកំពូល G20 ក្នុងកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅក្នុងសប្ដាហ៍នេះ ខណៈនេះក៏ជាការជួបគ្នាដោយផ្ទាល់ជាលើកដំបូង ចាប់តាំងពីលោក ចូ បៃដិន ចូលកាន់តំណែងផងដែរ។ នេះបើតាមការឱ្យដឹងពីទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan។
ថ្លែងប្រាប់អ្នកយកព័ត៌មាន ប្រភពដដែលបន្តថា៖ «លោកប្រធានាធិបតី [ចូ បៃដិន] មើលឃើញថា សហរដ្ឋអាមេរិក និងចិន កំពុងតែស្ថិតនៅក្នុងការប្រកួតប្រជែងដ៏តឹងតែងមួយ ប៉ុន្តែការប្រកួតប្រជែងនោះមិនគួរធ្លាក់ចូលទៅក្នុងជម្លោះ ឬការប្រឈមមុខដាក់គ្នានោះទេ។ សកម្មភាពនេះត្រូវការការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ ដោយក្នុងនោះក៏មានផ្នែកមួយចំនួនដែលយើងអាចធ្វើការជាមួយគ្នាបានផងដែរ»។
លោក Jake Sullivan បន្ថែមថា កិច្ចសន្ទនារបស់លោក ចូ បៃដិន ជាមួយនឹងលោក ស៊ី ជីនពីង នឹងធ្វើឡើងដោយត្រង់ទៅត្រង់មក ខណៈវាក៏ជាវិធីសាស្រ្តដែលលោកប្រធានាធិបតីបានអនុវត្តតាំងពីដំបូងផងដែរ។
គួរបញ្ជាក់ថា លោក ចូ បៃដិន បានធ្វើដំណើរដល់កោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃអាទិត្យ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) នៅក្នុងសប្ដាហ៍នេះ៕