Alynana Media Cambodia
Icon Collap
clinic narit

កិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឥណទានកាបូនក្រោមមាត្រា ៦ នៃទីក្រុងប៉ារីសកិច្ចព្រមព្រៀងរវាងកម្ពុជានិងទីប្រឹក្សាគោល...

Admin Alynana | Nov 16, 2022
កិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឥណទានកាបូនក្រោមមាត្រា ៦ នៃទីក្រុងប៉ារីសកិច្ចព្រមព្រៀងរវាងកម្ពុជានិងទីប្រឹក្សាគោល...
Clinic narith

(អេហ្ស៊ីប)៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២២ ឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងសហការី បានជួបប្រជុំពិភាក្សា ជាមួយ លោក Mischa Classen  ទីប្រឹក្សាគោលនយោបាយអាកាសធាតុ នៃប្រទេសស្វីស និងលោកស្រី Jacqueline Jakob នាយកទំនាក់ទំនងអន្តរជាតិ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឥណទានកាបូនក្រោមមាត្រា ៦ នៃទីក្រុងប៉ារីសកិច្ចព្រមព្រៀង។ ក្នុងកិច្ចប្រជុំនេះ លោក Mischa បានលើកឡើងអំពីគោលបំណងនៃកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុជាមួយកម្ពុជា ជាពិសេសលើមាត្រាទី៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបានណែនាំអំពីមូលនិធិ Klik Foundation ដែលជាមូលនិធិហិរញ្ញប្បទានរបស់ប្រទេសស្វីសមួយដែលផ្តោតលើកផ្នែកកាត់បន្ថយការបញ្ចេញឧស្ម័ន (Mitigation) និងបានស្នើឱ្យកម្ពុជារៀបចំនូវផែនការជាក់លាក់ និងសំណើគម្រោងលំអិតអំពីកិច្ចសហប្រតិបត្តិការ។ ជាការឆ្លើយតប លោកបណ្ឌិតបានជម្រាបជូនភាគីស្វីសថា កន្លងមកក្រសួងបរិស្ថានធ្លាប់មានកិច្ចសហប្រតិបត្តិការ និងជាដៃគូល្អជាមួយអង្គការ UNDP និង GGGI លើកិច្ចការងារមាត្រាទី៦ នេះ។ លោកបណ្ឌិត ក៏បានបញ្ជាក់បន្ថែមពីគោលនយោបាយ និងផែនការយុទ្ធសាស្ត្រមួយចំនួនស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសបច្ចុប្បន្នភាព NDC ដែលបានដាក់បញ្ចូលនូវសកម្មភាពអាទិភាពផ្នែកកាត់បន្ថយចំនួន ៣៣ និងផ្នែកបន្សុំាចំនួន ៥៨ហើយកម្ពុជារំពឹងថានឹងអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះប្រមាណ៤២% ត្រឹមឆ្នាំ២០៣០។ លោកបណ្ឌិតបានបញ្ជាក់ថាចំពោះការកំណត់វិស័យអាទិភាពលម្អិតនឹងពិភាក្សាតាមក្រោមដោយត្រូវការសុំយោបល់សម្រេចពីថ្នាក់ដឹកនាំ។

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមជាវាគ្មិនក្នុងវេទិកាស្តីពី«Adaptation, Implementation and Localization» ដែលសហការរៀបចំដោយ UNCDF/ LoCAL ។ វេទិកានេះរៀបចំឡើងក្នុងគោបំណងដើម្បី ១) លើកកម្ពស់ការយល់ដឹង និងចែករំលែកបទពិសោកធន៍ក្នុងការអនុវត្តគម្រោងគាំទ្រពី LoCAL ២). គាំទ្រ LoCAL ក្នុងការធានាការទទួលស្គាល់អភិក្រមមិនមែនទីផ្សារ(Non-Market Approach)ក្រោមមាត្រា 6.8 នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្រាប់ការបង្កើនហិរញ្ញវត្ថុសម្រាប់ការបន្សុំានៅកម្រិតមូលដ្ឋាន។ លោកបណ្ឌិត ហាក់ ម៉ៅ បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាជាប្រទេសងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ដូចបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចផ្សេងទៀត ហើយកំពុងប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីវិបត្តិអាកាសធាតុ ហើយកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការទប់ស្កាត់ និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានាដូចជា ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា (2014-2023) , ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងគោលនយោបាយនិងផែនការអភិវឌ្ឍន៍ជាតិ និងផែនការអភិវឌ្ឍន៍និងថវិកាថ្នាក់ក្រោមជាតិ របាយការណ៍បច្ចុប្បន្នភាព NDC,  យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន(LTS4CN) ជាដើម។ លោកបណ្ឌិត ក៏បានចែករំលែកបទពិសោធន៍ល្អៗពីការគាំទ្ររបស់ LoCAL ដែលទទួលបានជោគជ័យកន្លងមកជាពិសេសជួយគាំទ្រ NCDD ឱ្យក្លាយជាស្ថាប័នទទួលមូលនិធិផ្ទាល់ (Accredited Entities) សម្រាប់ GCF។ លោកបណ្ឌិតបានបន្ថែមថា ការបន្សុំានឹងការប្រែប្រួលអាកាសធាតុពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដែលជាប្រទេសងាយរងគ្រោះ ហេតុដូចនេះ យើងគួររួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដែលកំពុងគំរាមកំហែងពិភពលោកយើងសព្វថ្ងៃនេះ៕