Alynana Media Cambodia
Icon Collap
clinic narit

អង្គការណាតូ លោក ចេន ស្តូលថេនបឺកបានព្រមានកុំឱ្យមើលស្រាលកម្លាំងយោធារុស្ស៊ី បើទោះបីអ៊ុយក្រែនទទួលជោគជ័យក្នុងសមរភូមិក្តី

Admin Alynana | Nov 16, 2022
អង្គការណាតូ លោក ចេន ស្តូលថេនបឺកបានព្រមានកុំឱ្យមើលស្រាលកម្លាំងយោធារុស្ស៊ី បើទោះបីអ៊ុយក្រែនទទួលជោគជ័យក្នុងសមរភូមិក្តី
Clinic narith

អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថេនបឺក (Jens Stoltenberg) បាននិយាយកាលពីថ្ងៃចន្ទ ទី ១៥ វិច្ឆិកា នេះថា វាអាស្រ័យលើប្រទេសអ៊ុយក្រែន ប៉ុណ្ណោះដែលត្រូវសម្រេចចិត្តថា តើលក្ខខណ្ឌបែបណាដែលខ្លួនអាចទទួលយកបានសម្រាប់ចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម ដោយលោកក៏បានព្រមានចំៗដែរថា កម្លាំងយោធាវិមានក្រឹមឡាំងមិនគួរត្រូវបានមើលស្រាលនោះទេ បើទោះបីជា នៅលើសមរភូមិកម្លាំងអ៊ុយក្រែនបានទទួលជ័យជំនះជាបន្តបន្ទាប់ក៏ដោយ។

ក្រោយមានការលើកនេះ លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅមុនបើកកិច្ចប្រជុំ G20 ចាប់ផ្ដើម ក៏បានថ្លែងតាមរយៈវីដេអូ អំពីការឈានទៅបញ្ចប់សង្គ្រាម តាមរយៈផែនការសន្ដិភាព ដែលខ្លួនធ្លាប់បានស្នើឡើងផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

កាលព្រឹកថ្ងៃចន្ទនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានទៅទស្សនាទីក្រុង Kherson ភាគខាងត្បូង ដែលទើបនឹងរណ្ដោះបានមកវិញ ដែលបង្ហាញពីទទួលបរាជ័យដ៏អាម៉ាសរបស់យោធារបស់រុស្ស៊ី ក៏ដូចជាលោក ពូទីន ក្នុងសង្គ្រាមឈ្លានពានជិតប្រាំបួនខែមកនេះ។

លោក ចេន ស្តូលថេនបឺក បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយមន្ត្រីរដ្ឋាភិបាលហូឡង់នៅទីក្រុងឡាអេថា៖ «យើងមិនគួរមានការគិត ឬវាយតម្លៃខុសលើប្រទេសរុស្ស៊ីទេ ព្រោះកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងម៉ូស្គូនៅតែមានសមត្ថភាព និងមានកងកម្លាំងដ៏ច្រើនត្រៀមសម្រាប់រដូវរងាខាងមុខ ហើយលោក ពូទីន ចង់ទុកឱ្យអ៊ុយក្រែនងងឹតគ្មានអគ្គិសនី និងថាមពលប្រើប្រាស់ទើបធ្វើការវាយប្រហារតាមក្រោយ»។

ទន្ទឹមគ្នានេះ ប្រធានអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ថា «វាអាស្រ័យលើអ៊ុយក្រែនក្នុងការសម្រេចចិត្តថាតើខ្លួនចង់ចរចាបែបណាជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម»។ ព្រោះសង្គ្រាមដែលកំពុងតែអូសបន្លាយដ៏យូរនេះ បាននិងកំពុងឆក់យកជីវិតមនុស្សជារៀងរាល់ថ្ងៃ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ក្នុងប្រទេសអ៊ុយក្រែនឥតគណនា។

យ៉ាងណាមិញប្រមុខអង្គការណាតូរូបនេះ បានបញ្ជាក់ថា ណាតូ នឹងមិនបោះបង់ចោលអ៊ុយក្រែននោះទេ ហើយនឹងបន្តផ្តល់ជំនួយ ក៏ដូចជាគាំទ្រគ្រប់មធ្យោបាយទាំងអស់ ដើម្បីពង្រឹងទីក្រុងកៀវក្នុងការបន្តទប់ទល់ ឬអាចធ្វើការចរចាជាមួយរុស្ស៊ីក្នុងកម្រិតណាមួយ ដោយធ្វើយ៉ាងណាប្រែក្លាយជាអ៊ុយក្រែនជាប្រជាជាតិឯករាជ្យ និងអធិបតេយ្យមួយឱ្យបាននៅទ្វីបអឺរ៉ុប។

ស្របពេលជាមួយគ្នានេះ នៅមុនការបើកឆាកកិច្ចប្រជុំ G20 ដែលធ្វើឡើងនៅឥណ្ឌូនេស៊ី ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានថ្លែងតាមរយៈប្រព័ន្ធវីដេអូ ប្រាប់មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង២០ កាលពីថ្ងៃអង្គារថា ឥឡូវនេះគឺជាពេលវេលា ដើម្បីបញ្ឈប់សង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនក្រោមផែនការសន្តិភាពដែលលោកបានស្នើឡើង។

តាមរយៈខ្សែវីដេអូខ្លីមួយផ្ញើទៅកាន់កិច្ចប្រជុំ លោកបាននិយាយថា សង្គ្រាមគួរតែត្រូវបានបញ្ចប់ «ដោយយុត្តិធម៌ និងឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។ លោកបានអំពាវនាវឱ្យមានការស្ដារឡើងវិញនូវ «សុវត្ថិភាពវិទ្យុសកម្ម» នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក៏ដូចជារឹតបន្តឹងតម្លៃថាមពលរបស់រុស្ស៊ី និងពង្រីកគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិ ព្រមទាំងដោះលែងអ្នកទោសអ៊ុយក្រែនទាំងអស់ផងដែរ។

ទោះជាបែបនេះក្ដី អំឡុងពេល​ដែលក្រុមប្រទេសមេដឹកនាំ G20 បើកកិច្ចប្រជុំ​កំពូល​នៅលើកោះបាលី និងមានការឡើងថ្លៃពីសំណាក់​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេលេស្គី នៅមុនកិច្ចប្រជុំកំពូលចាប់ផ្ដើមនោះ កងទ័ពរុស្ស៊ី បានបន្ដវាយប្រហារខ្លាំងក្លា​ថែមទៀត​នៅសមរភូមិអ៊ុយក្រែន ថែមទាំងបាន​បាញ់កាំជ្រួចទៅលើអគារស៊ីវិល​នៅក្នុង​រដ្ឋធានីកៀវថែមទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 បានប្រាប់ដោយការអង្វរ និងអំពាវនាវឱ្យមានការរួបរួម និងសកម្មភាពជាក់ស្តែង ដើម្បីជួសជុលសេដ្ឋកិច្ចពិភពលោក ទោះបីជាមានការប្រេះឆាយ៉ាងជ្រៅដោយសង្គ្រាមក៏ដោយ។

លោកបានបន្តថា៖ «យើងគ្មានជម្រើសផ្សេងទៀតទេ គឺមានតែការសហការគ្នាប៉ុណ្ណោះ ដើម្បីសង្គ្រោះពិភពលោក» ហើយ G20 ត្រូវតែជាកាតាលីករសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចសាលកលោក។ យើងមិនគួរបែងចែកពិភពលោកជាផ្នែកៗទេ ហើយយើងក៏មិនត្រូវអនុញ្ញាតឱ្យពិភពលោកធ្លាក់ចូលទៅក្នុងសង្រ្គាមត្រជាក់មួយផ្សេងទៀតនោះដែរ»។

គួរជម្រាបថា ក្របខណ្ឌនៃកិច្ចប្រជុំ G20 ដែលរាប់បញ្ចូលទាំងប្រទេសចាប់ពីប្រេស៊ីល រហូតដល់ឥណ្ឌា អារ៉ាប៊ីសាអូឌីត និងអាល្លឺម៉ង់ មានចំណែកផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកដល់ទៅ ៨០% ពាណិជ្ជកម្មអន្តរជាតិ ៧៥% និងមានប្រជាជនប្រមាណ ៦០% នៃប្រជាជនសាកលលោក៕