Alynana Media Cambodia
Icon Collap
clinic narit

អាមេរិកមានការព្រួយបារម្ភជាខ្លាំងចំពោះរដ្ឋាភិបាលចិនដែលបង្កើត«ស្ថានីយប៉ូលិស»ដោយគ្មានការអនុញ្ញាតនៅទីក្រុងនានារបស់អាមេរិក

Admin Alynana | Nov 19, 2022
អាមេរិកមានការព្រួយបារម្ភជាខ្លាំងចំពោះរដ្ឋាភិបាលចិនដែលបង្កើត«ស្ថានីយប៉ូលិស»ដោយគ្មានការអនុញ្ញាតនៅទីក្រុងនានារបស់អាមេរិក
Clinic narith

សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិនដែលបង្កើត«ស្ថានីយប៉ូលិស»ដោយគ្មានការអនុញ្ញាតនៅក្នុងទីក្រុងនានារបស់សហរដ្ឋអាមេរិក ដែលអាមេរិកមើលឃើញថា វាអាចបន្តប្រតិបត្តិការឥទ្ធិពលរបស់ចិននៅលើទឹកដីអាមេរិក។ នេះបើតាមនាយកការិយាល័យស្រាវជ្រាវសហព័ន្ធ (FBI) របស់អាមេរិក គឺលោក គ្រីស្ដូហ្វឺ វីរ៉េយ៍ (Christopher Wray) ដែលបានប្រាប់សមាជិកសភាកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា និងត្រូវបានផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ក្រុម​ការ​ពារ​ Safeguard Defenders ជាអង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅអឺរ៉ុប​បានចេញ​ផ្សាយរបាយការណ៍មួយកាលពីខែកញ្ញា​ដែលបង្ហាញពីវត្តមានរបស់ប៉ូលិសចិន​រាប់សិប «ស្ថានីយសេវាកម្ម»​ នៅក្នុងទីក្រុងធំៗជុំវិញពិភពលោករួមទាំងក្រុង​ញូវយ៉កផងដែរ។​

គណបក្សសាធារណរដ្ឋនៅក្នុងសភា​បានស្នើសុំ​ចម្លើយ​ពីរដ្ឋការ​របស់​លោក ចូ បៃដិន ប្រធានា​ធិបតី​អាមេរិក​​​អំពីឥទ្ធិពល​របស់ស្ថានីយ​ប៉ូលិស​ចិន​ទាំង​នេះ​។

របាយការណ៍នេះ​​បាននិយាយថា ស្ថានីយប៉ូលិស​ចិន​ទាំងនេះ ​គឺជាការពង្រីក​កិច្ចខិតខំប្រឹងប្រែង​​របស់​ទីក្រុង​ប៉េកាំងក្នុងការដាក់សម្ពាធលើ​ជនជាតិចិនមួយចំនួន ឬសាច់ញាតិរបស់ពួកគេ​​នៅបរ​ទេស​ឱ្យត្រឡប់ទៅប្រទេសចិនវិញ​ ​ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។ ​វាក៏បានភ្ជាប់ពួកគេទៅនឹងសកម្មភាពនៃនាយកដ្ឋានរណសិរ្សរួបរួមរបស់ប្រទេសចិន ជាស្ថាប័នបក្សកុម្មុយនិស្តមួយ​ដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយឥទ្ធិពល និងការឃោសនារបស់ខ្លួននៅក្រៅប្រទេស។

នាយកការិយាល័យស្រាវជ្រាវ​សហព័ន្ធ (FBI) របស់អាមេរិក គឺលោក គ្រីស្ដូហ្វឺ វីរ៉េយ៍ ​ បាន​លើកឡើងថា លោក​មិន​ពេញ​ចិត្ត​នោះ​ទេ​នៅពេល​គេ​​គិតថា ប៉ូលិសចិននឹងព្យាយាមបង្កើតទីតាំង​នៅក្នុង​ទីក្រុងញូវយ៉ក​ ដោយ​គ្មានការសម្របសម្រួលត្រឹមត្រូវ​នោះ​។ លោកបន្ថែមថា ប្រសិន​បើ​ដូច្នេះ​មែន​​ វាពិត​ជា​រំលោភលើអធិបតេយ្យភាព និងរារាំងដំណើរការកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងស្តង់ដារច្បាប់​ជា​មិន​ខាន​ឡើយ​​។

ដោយ​ត្រូវ​បាន​ចោទ​សួរ​ពី​លោក រិច ស្កត់ ​ជា​​សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ​​​ថា​តើ​ស្ថានីយបែបនេះ​បាន​បំពានច្បាប់សហរដ្ឋអាមេរិក​មែន ​ឬ​យ៉ាង​ណា​នោះ​ លោក វីរ៉េយ៍​បាននិយាយថា ទី​ការិយាល័យស្រាវជ្រាវសហព័ន្ធ (FBI) កំពុងតែ​ពិនិត្យមើលដែន​សមត្ថ​កិច្ច​ផ្លូវច្បាប់។​

គណបក្សសាធារណរដ្ឋនៅក្នុងសភា​តំណាងរាស្ត្រ​​សហរដ្ឋអាមេរិករួមទាំងលោក ក្រេ មឺ​ហ្វ៊ី​ (Greg Murphy)​ និងលោក​ ម៉ៃ​ វ៉ាល់​ (Mike Waltz)​ បានផ្ញើលិខិតទៅកាន់ក្រសួងយុត្តិធម៌​កាលពី​ខែតុលា​ដោយសួរថា តើរដ្ឋការ​របស់ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន ​​កំពុងស៊ើប​អង្កេតស្ថានីយបែបនេះ​ និង​ថាតើ​ចិន​អាចប្រើ​ស្ថានីយ​នេះ ​ដើម្បីគំរាមកំហែងប្រជាជនអាមេរិក​ ដែល​មានដើមកំណើតចិនដែរឬយ៉ាង​ណា​។

ស្ថានទូត​​ចិន​ប្រចាំទី​​ក្រុង​វ៉ាស៊ីង​តោន​មិន​ទាន់អាច​បំភ្លឺ​ប្រាប់អ្នកសារព័ត៌មានបានទេ ​ជុំវិញ​រឿងនេះ ​ប៉ុន្តែ​កាល​ពី​ដើម​ខែ​នេះ​ ក្រសួង​ការ​បរ​ទេស​ចិន​​បាន​បដិសេធ​ថា ខ្លួន​មាន​ស្ថានីយ​បែប​នេះ​នៅ​ប្រទេស​ហូឡង់​ក្រោយ​ពី​​មាន​ការ​ស៊ើប​អង្កេត​របស់​អាជ្ញា​ធរ​ហូឡង់​ ហើយ​ប្រទេស​ចិន​បាន​និយាយ​ថា ស្ថានីយ​ប៉ូលិស​ទាំង​នេះ​ គឺ​ជា​ការិយា​ល័យ​​​ដើម្បី​ជួយ​ពលរដ្ឋ​ចិនក្នុង​ការ​រៀប​ចំឯកសារ​​​ថ្មី​តែ​ប៉ុណ្ណោះ​៕