Alynana Media Cambodia
Icon Collap
clinic narit

អាមេរិក និងអឺរ៉ុបអាចឈប់ពឹងផ្អែកលើអាគុយរថយន្ដអគ្គិសនីពីចិនបាន ប៉ុន្ដែត្រូវចំណាយទុន១៦០ពាន់លានដុល្លារនៅឆ្នាំ២០៣០

Admin Alynana | Nov 23, 2022
អាមេរិក និងអឺរ៉ុបអាចឈប់ពឹងផ្អែកលើអាគុយរថយន្ដអគ្គិសនីពីចិនបាន ប៉ុន្ដែត្រូវចំណាយទុន១៦០ពាន់លានដុល្លារនៅឆ្នាំ២០៣០
Clinic narith

សហរដ្ឋអាមេរិក និងអឺរ៉ុប អាចនឹងកាត់បន្ថយ ឬបញ្ឈប់ការពឹងផ្អែករបស់ពួកគេលើដង្ហើមប្រទេសចិន សម្រាប់អាគុយរថយន្តអគ្គិសនី ដោយតាមរយៈការចំណាយទុនថ្មីប្រមាណ ១៦០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០។ ជាមួយគម្រោងទឹកប្រាក់ដ៏ច្រើនសម្បើមរបស់លោកខាងលិចនេះ គឺដើម្បីកាត់បន្ថយក្តីបារម្ភ ខណៈបច្ចុប្បន្ននេះ មហាយក្សចិន បានត្រួតត្រាទីផ្សារអាគុយយានយន្ដអគ្គិសនីបានច្រើនបំផុតក្នុងពិភពលោក ក៏ដូចជា វត្ថុធាតុដើម និងគ្រឿងបង្គុំសម្រាប់ផលិតអាគុយ។

បើតាម​ការចុះផ្សាយ​របស់ Financial Times ដែលដកស្រង់ការព្យាកររបស់ Goldman Sachs ដែល​ជាធនាគារ​វិនិយោគ​សាកល និង​ជាក្រុមហ៊ុន​សេវាហិរញ្ញវត្ថុអាមេរិក បានឲ្យដឹងថា អាគុយ​រថយន្តអគ្គិសនី គឺ​ជាបច្ចេកវិទ្យា​​ដ៏សំខាន់​បំផុត​មួយ​ ​​ដែលបង្កើន​ក្តី​បារម្ភ​ដល់​លោកខាងលិច​ ដោយសារតែការពឹងផ្អែក​លើ​​ប្រទេសចិន​ខ្លាំងពេក ខណៈ​ដែល​ប្រទេស​មួយនេះ ​បាន​​ផលិត​អាគុយ​ប្រមាណ ៣ ភាគ ៤ នៃ​អាគុយ​ក្នុងពិភពលោក ហើយ​ក៏គ្របដណ្តប់​​លើ​ការ​ផលិតរ៉ែ និង​គ្រឿង​បង្គុំ​សម្រាប់​អាគុយផងដែរ។

អ្នកវិភាគ​របស់ធនាគារវិនិយោគ Goldman Sachs ជឿជាក់ថា តម្រូវការ​សម្រាប់​អាគុយអាចនឹង​បំពេញ​គ្រប់គ្រាន់​ ដោយ​គ្មានការ​ផ្គត់ផ្គង់​​ពី​ប្រទេសចិន ក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំក្រោយ ដោយ​សារតែការវិនិយោគ​របស់​ក្រុមហ៊ុនកូរ៉េ LG និង​ SK Hynix នៅលើទឹកដីអាមេរិក។

បើតាមស្ថាប័នហិរញ្ញវត្ថុ​​ដដែល​នេះ បាន​គណនា​ឃើញថា ដើម្បី​សម្រេច​បាននូវខ្សែចង្វាក់​ផ្គត់ផ្គង់​ខ្លួន​ឯង គឺ​បណ្តា​ប្រទេស​ដែល​កំពុង​ប្រជែង​ជាមួយចិន ត្រូវការចំណាយ​ទឹកប្រាក់ជាង ៧៨ពាន់លានដុល្លារ ទៅលើអាគុយ ជាង៦០ពាន់លានដុល្លារ​​ទៅលើ​គ្រឿង​បង្គុំ និងជាង​ ១៣ពាន់លានដុល្លារ លើរ៉ែលីចូម នីកែល និងកូបាល ព្រមទាំងចំណាយជាង ១២ពាន់លានដុល្លារ​សម្រាប់​ការកែច្នៃ​រ៉ែទាំងនោះ។

ក្រុមហ៊ុន LG បាន​ឱ្យដឹងថា ខ្លួន​នឹង​វិនិយោគ​ជាង ៣ពាន់លានដុល្លារ ដើម្បី​សាងសង់​រោងចក្រ​អាគុយកាហ្សូត​នៅរដ្ឋ Tennessee សហរដ្ឋអាមេរិក។ Goldman ព្យាករ​ថា ចំណែក​ទីផ្សារ​របស់​​ក្រុមហ៊ុន​ផលិតអាគុយកូរ៉េនៅអាមេរិក នឹង​កើនឡើង​ដល់ប្រហែល ៥៥% នៅក្នុងរយៈពេល ៣ឆ្នាំ ពោលគឺ​កើនឡើង​ពី ១១% ក្នុង​ឆ្នាំ​២០២១។

សម្រាប់​បច្ចុប្បន្ន​នេះ ចិនបាន​គ្របដណ្តប់​លើ​​ការ​ផលិត​អាគុយ​ ដោយ​រួមមានទាំងការរុក​រក​ និងកែច្នៃ​វត្ថុធាតុដើម។ ក្រុម​អ្នក​វិភាគ​បាន​និយាយថា ការគ្របដណ្តប់​របស់​ចិននេះ ​គឺ​នឹងមិនប៉ះពាល់​ដោយ​គោលនយោបាយគាំពារនិយម នៅអឺរ៉ុប និងអាមេរិកឡើយ។ ប៉ុន្តែ​ដើម្បី​អាចកាត់បន្ថយ​ការពឹងផ្អែក​ទៅលើចិន នូវ​គ្រឿង​បង្គុំ និងវត្ថុធាតុដើម​សម្រាប់ផលិតអាគុយបាន គឺ​ពួកគេ​ត្រូវស្វែងរកជម្រើស​ប្រើអាគុយដែល​ត្រូវ​ការវត្ថុធាតុដើមកាន់តែតិច​ជាងមុន​ពីប្រទេសចិន ព្រមទាំង​បង្កើននូវ​ការកែច្នៃ​អាគុយ​ប្រើប្រាស់ឡើងវិញ​ផងដែរ៕