(ហ្សាកាតា)៖ ក្រុមជួយសង្គ្រោះក្នុងប្រទេសឥណ្ឌូណេស៊ី បានទាញយកក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ ចេញពីគំនរបាក់បែកនៃផ្ទះដែលដួលរលំ ក្នុងហេតុការណ៍រញ្ជួយដីស្ថិតនៅទីក្រុងសៀនជួរ (Cianjur) ភាគខាងលិចកោះជ្វា នៃប្រទេសឥណ្ឌូណេស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្មេងប្រុសដែលនៅរស់រានមានជីវិតរូបនេះ ឈ្មោះ អាសកា មួឡាណា ម៉ាលីក (Azka Maulana Malik) បានជាប់គាំងក្នុងគំនរបែកបាក់អស់រយៈពេល២ថ្ងៃ ហើយត្រូវបានរកឃើញនៅក្បែរសាកសពជីដូនរបស់គេ ដែលបានស្លាប់។ ក្រោមមកត្រូវបានជួយសង្រ្គោះចេញមកក្រៅដោយសុវត្ថិភាព។
មកទល់នឹងពេលនេះ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍នេះមានចំនួន ២៧១នាក់ ប៉ុន្តែអាជ្ញាធររំពឹងថាចំនួននឹងកើនឡើងបន្ថែមទៀត ដោយសារតែកន្លែងកើតហេតុជាតំបន់ដាច់ស្រយាលមួយ ហើយភ្លៀងធ្លាក់ខ្លាំងបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ មនុស្សប្រហែល ៤០នាក់ នៅតែបាត់ខ្លួន និងជាង ២,០០០នាក់ផ្សេងទៀត រងរបួស។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះគឺបានបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត នៅក្នុងប្រទេសឥណ្ឌូណេស៊ី គិតចាប់តាំងពីឆ្នាំ២០១៨ ជាពេលដែលការរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារទីក្រុងប៉ាវឡូ (Palu) ក្នុងខេត្តស៊ូឡាវេស៉ី (Sulawesi) បង្កឲ្យមានរលកយក្សស៊ូណាមិ ការរអិលបាក់ដី សម្លាប់មនុស្សជាង ៤,០០០នាក់៕