(ព្រុចសែល)៖ សម្ព័ន្ធមិត្តរបស់អង្គការណាតូ (NATO) នៅថ្ងៃពុធសប្តាហ៍នេះ បានរៀបចំសមយុទ្ធយោធាមួយ ដើម្បីសាកល្បងប្រព័ន្ធការពារដែនអាកាស និងមីស៉ីល នៅក្នុងប្រទេសរ៉ូម៉ានី ប្រហែលមួយសប្តាហ៍ប៉ុណ្ណោះក្រោយពីមួយគ្រាប់មីស៉ីលធ្លាក់លើទឹកដីប៉ូឡូញ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ទីបញ្ជាការដែនអាកាសរបស់សម្ព័ន្ធមិត្តណាតូ ក្នុងទីក្រុងរុំាស្ដែន (Ramstein) ស្ថិតនៅភាគលិចប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថាប្រព័ន្ធការពារដែនអាកាសបារាំង ដែលបានដាក់ពង្រាយទៅកាន់ប្រទេសរូម៉ានី បានវាយប្រហារទប់ទល់នឹងការវាយប្រហារចេញពីយន្តហោះចម្បាំងរបស់សម្ព័ន្ធមិត្ត ជាការហាត់សម។ យន្តហោះចម្បាំង F-16 របស់តួកគី យន្តហោះចម្បាំងអេស្ប៉ាញ Eurofighters យន្តហោះអាមេរិក និងយន្តហោះ Rafale របស់បារាំង ដែលហោះចេញពីនាវាផ្ទុកយន្តហោះ Charles de Gaulle ក៏បានចូលរួមក្នុងសមយុទ្ធនេះដែរ។
អ្នកនាំពាក្យរបស់អង្គការណាតូ លោកស្រី អនណា លូនហ្គេសខ្យូ (Oana Lungescu) បានគូសបញ្ជាក់ថា «ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន យើងបន្តពង្រឹងការរារាំង និងការការពាររបស់យើង នៅក្នុងផ្នែកខាងកើតនៃសម្ព័ន្ធមិត្ត។ លំហាត់សមយុទ្ធបែបនេះធានាថា កងកម្លាំងណាតូអាចធ្វើប្រតិបត្តិការរួមគ្នាបាន ហើយនៅតែត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីគ្រប់ទិសទី»។
គួរបញ្ជាក់ថា បារាំងបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស SAMP/T របស់ខ្លួនទៅកាន់ប្រទេសរូម៉ានី ចាប់តាំងពីខែឧសភាមក។ ប្រព័ន្ធនេះត្រូវបានរចនាឡើង ដើម្បីការពារសមរភូមិ និងចំណុចរសើប ដូចជាអាកាសយានដ្ឋាន ឬកំពង់ផែ ប្រឆាំងនឹងមីស៉ីល យន្តហោះដ្រូន និងមីស៉ីលផ្លោងយុទ្ធសាស្ត្រ។ សម្ព័ន្ធមិត្តមួយចំនួនទៀតក៏បានបញ្ចូនអាវុធបែបនេះ ទៅកាន់ផ្នែកខាងកើតរបស់អង្គការណាតូ ក្រោយរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន៕