(កៀវ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ុយក្រែន បានឲ្យដឹងថា ទីក្រុងកៀវបានទទួលថវិកាជិត៣៥០លានដុល្លារ ពីប្រទេសកាណាដា ដើម្បីបំពេញមូលដ្ឋានផ្ទុកឧស្ម័នក្រោមដីរបស់ខ្លួន សម្រាប់ប្រើប្រាស់កំលុងរដូវរងា។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ដោយដកស្រង់សម្តីរបស់នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស្មីហែល (Denis Shmygal) ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានឲ្យដឹងទៀតថា រដ្ឋាភិបាលទីក្រុងអូតាវ៉ា បានផ្ទេរប្រាក់ចំនួន ៣៤៤លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុនឧស្ម័នរដ្ឋរបស់អ៊ុយក្រែន ឈ្មោះ ណាហ្វតូហ្គាស (Naftogaz) កាលពីពេលថ្មីៗនេះ។
លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានបន្ថែមថា ក្នុងសប្តាហ៍នេះ ក្រុងកៀវក៏បានទទួលប្រាក់ចំនួន ២០៨លានដុល្លារ ពីប្រទេសន័រវែស សម្រាប់គោលបំណងដូចគ្នានេះដែរ ហើយក៏កំពុងរង់ចាំថវិកាជាង ៣០០លានដុល្លារទៀត ដែលនឹងត្រូវផ្ទេរមកពីធនាគារអ៊ឺរ៉ុប សម្រាប់ការកសាងនិងអភិវឌ្ឍន៍ឡើងវិញ ក្រោមកិច្ចព្រមព្រៀងដែលសម្រេចបានកន្លងមក។
គួរបញ្ជាក់ថា ការផ្តល់មូលនិធិរបស់កាណាដាសម្រាប់អ៊ុយក្រែនាពេលនេះ កើតឡើងចំពេលដែលពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួន ក៏ដូចជានៅសហភាពអឺរ៉ុប កំពុងប្រឈមមុខនឹងអតិផរណាផ្នែកថាមពលដែលមិនធ្លាប់មានពីមុនមក និងវិបត្តិតម្លៃនៃការរស់នៅ ដោយប្រជាជនរាប់ពាន់គ្រួសារ កំពុងជួបទុក្ខលំបាកក្នុងការទូទាត់ថ្លៃចំណាយប្រចាំថ្ងៃ៕