ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម វីនហ្វាស (VinFast) បានថ្មីៗនេះបានបានដឹកជញ្ជូនរថយន្តអគ្គិសនីចំនួន ៩៩៩ គ្រឿងជាលើកដំបូងរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក ដោយគ្របដណ្ដប់លើការខិតប្រឹងប្រែងរយៈពេល៥ឆ្នាំ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលផលិតរថយន្តនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ សម្រាប់ទីផ្សារនៅអាមេរិកខាងជើង និងអឺរ៉ុប។ ក្រុមហ៊ុនវៀតណាមួយនេះ បានបញ្ជាក់ថា រថយន្តដែលនាំចេញក្នុងជំហានដំបូងទាំងនេះត្រូវគេរំពឹងថា នឹងដឹកទៅដល់ដៃអតិថិជនរបស់ខ្លួននៅចុងខែធ្នូខាងមុខ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
នាយកប្រតិបត្តិក្រុមហ៊ុន វីនហ្វាស លោក ឡឺ ធី ធូ ធុយ (Le Thi Thu Thuy) បាននិយាយថា រថយន្តអគ្គិសនីលក្ខណៈគ្រួសារស៊េរី VF 8 មួយចំនួន ដែលត្រូវបានដឹកជញ្ជូនកាលពីនៅថ្ងៃទី ២៥ខែវិច្ឆិកានេះ នឹងត្រូវបានបញ្ជូនទៅឱ្យក្រុមហ៊ុនសេវាកម្មជាវរថយន្តរបស់សហរដ្ឋអាមេរិក Autonomy ប៉ុន្តែភាគច្រើននឹងបញ្ជូនទៅឱ្យក្រុមអ្នកលក់រាយ ដែលបានបញ្ជាទិញរថយន្តទាំងនេះ។
លោក ធុយ បាននិយាយថា ក្រុមហ៊ុន វីនហ្វាស រំពឹងថានឹងអាចដឹកជញ្ជូនរថយន្តជាលើកទី២ទៀតទៅកាន់សហរដ្ឋអាមេរិកដែលជាទីផ្សារនាំចេញជាលើកដំបូងរបស់ខ្លួននៅក្នុងរង្វង់ខែមករាឆ្នាំក្រោយទៀត។ ក្រុមហ៊ុន វីនហ្វាស កំពុងដំណើរការសង់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅរដ្ឋខារ៉ូលីណាខាងជើង (North Carolina) សហរដ្ឋអាមេរិក ខណៈដែលកំពុងរង់ចាំការអនុម័តបទប្បញ្ញត្តិចុងក្រោយពីមន្ត្រីមូលដ្ឋាននៅទីនោះ។
ក្រុមហ៊ុន VinFast រំពឹងថា នឹងអាចចាប់ផ្តើមដំណើរការផលិតកម្មនៅក្នុងរោងចក្រនេះចាប់ពីខែកក្កដា ឆ្នាំ២០២៤ ហើយរថយន្តអគ្គិសនីដែលបានផលិតនៅទីនោះ នឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការទទួលបានការលើកទឹកចិត្តក្រោមលក្ខខណ្ឌនៃច្បាប់កាត់បន្ថយអតិផរណា ដែលបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ។
ច្បាប់កាត់បន្ថយអតិផរណា ដែលកំពុងធ្វើឡើងបច្ចុប្បន្ននេះតម្រូវឱ្យក្រុមហ៊ុនផលិតរថយន្តនេះមានវត្ថុធាតុដើមសំខាន់ៗចំនួន ៥០% សម្រាប់ប្រើក្នុងអាគុយរថយន្ដនាំចូលពីអាមេរិកខាងជើង ឬក៏ពីសម្ព័ន្ធមិត្តរបស់អាមេរិកនៅត្រឹមឆ្នាំ២០២៤ និងត្រូវបង្កើនដល់ ៨០% នៅត្រឹមចុងឆ្នាំ២០២៦។
ក្រុមហ៊ុនផលិតរថយន្តធំៗបាននិយាយថា គោលដៅទាំងនោះមិនច្បាស់លាស់ទេ ហើយវាមិនច្បាស់ភ្លាមៗទេថា តើក្រុមហ៊ុន វីនហ្វាស នឹងបំពេញតាមតម្រូវការប្រភពនោះដោយរបៀបណានោះទេ។
លោក នាយកប្រតិបត្តិក្រុមហ៊ុន VinFast បានប្រាប់រ៉យទ័រថា ច្បាប់របស់អាមេរិកនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះពួកគេទាំងអស់គ្នា ប៉ុន្តែវាពិតជាមិនប៉ះពាល់ដល់យុទ្ធសាស្រ្តរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិកនោះទេ ហើយដរាបណាពួកគេចាប់ផ្តើមផលិតរថយន្តនៅសហរដ្ឋអាមេរិក គឺអតិថិជនរបស់ពួកគេនឹងមានសិទ្ធិទទួលបានពន្ធលើកទឹកចិត្ត។
ក្រុមហ៊ុន វីនហ្វាស បាននិយាយកាលពីសប្តាហ៍មុនថា ក្រុមហ៊ុន Autonomy បានបញ្ជាទិញរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងដែលជាការបញ្ជាទិញសាជីវកម្មដ៏ធំបំផុតរបស់ខ្លួន គិតមកដល់បច្ចុប្បន្ននេះ ហើយថា ក្រុមហ៊ុនវៀតណាមនេះទទួលបានការបញ្ជាទិញជិត ៦ ម៉ឺន ៥ ពាន់គ្រឿងនៅទូទាំងពិភពលោក ហើយរំពឹងថា នឹងលក់រថយន្តអគ្គិសនីបានចំនួន ៧៥ ម៉ឺនគ្រឿងរៀងរាល់ឆ្នាំនៅត្រឹមឆ្នាំ២០២៦៕