អ្នកប្រើប្រាស់បានចំណាយប្រាក់ជាង ៩ពាន់លានដុល្លារក្នុងការបញ្ជាទិញទំនិញតាមអនឡាញនៅក្នុងអំឡុងឱកាសលក់បញ្ចុះតម្លៃថ្ងៃសុក្រពណ៌ខ្មៅ ឬភាសាអង់គ្លេសហៅថា Black Friday នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះពោលគឺវាបានកើនឡើង ២,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ ការចំណាយប្រាក់តាមប្រព័ន្ធ «ទិញជាមុនបង់ប្រាក់ពេលក្រោយ» បានកើនឡើង ៧៨% បើធៀបនឹងសប្តាហ៍មុនដែលចាប់ផ្តើមនៅថ្ងៃទី១៩ ខែវិច្ឆិកាដោយសារអ្នកប្រើប្រាស់ភាគច្រើន ត្រូវគិតគូរលើការចំណាយអំឡុងតម្លៃកើនខ្ពស់ និងអតិផរណា។ នេះបើការចុះផ្សាយដោយសារព័ត៌មាន CNBC។
ក្រុមហ៊ុន Adobe ដែលតាមដានការលក់ទំនិញតាមគេហទំព័ររបស់អ្នកលក់រាយបាននិយាយថា អតិថិជន ឬអ្នកប្រើប្រាស់បានចំណាយទៅលើការទិញទំនិញតាមអ៊ីនធឺណិតចំនួន ៩,១២ ពាន់លានដុល្លារក្នុងអំឡុងពេលថ្ងៃសុក្រពណ៌ខ្មៅឬBlack Friday នៅឆ្នាំនេះ។
ក្រុមហ៊ុន Adobe បាននិយាយទៀតថា ការលក់តាមអ៊ីនធឺណិតសរុបសម្រាប់ថ្ងៃសុក្របន្ទាប់ពីពិធីដឹងគុណ ឬThanksgiving បានកើនឡើង ២.៣% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយគ្រឿងអេឡិចត្រូនិចក៏បានរួមចំណែកក្នុងការលក់តាមអនឡាញផងដែរ ខណៈដែលការលក់តាមអ៊ីនធឺណិតបានកើនឡើង ២២១% ជាមធ្យមក្នុងមួយថ្ងៃក្នុងខែតុលា។ ដោយឡែក ប្រដាប់ប្រដាក្មេងលេងគឺជាប្រភេទទំនិញដ៏ពេញនិយមមួយទៀតសម្រាប់អ្នកទិញឥវ៉ាន់តាមអនឡាញដោយវាបានកើនឡើង ២៨៥% ហើយសម្ភារៈហាត់ប្រាណកើនឡើង ២១៨%។
អ្នកប្រើប្រាស់ជាច្រើនបានជ្រើសរើសផែនការទូទាត់តាមអនឡាញនៅថ្ងៃសុក្រពណ៌ខ្មៅដោយសារពួកគេបន្តទប់ទល់នឹងតម្លៃកើនខ្ពស់ និងអតិផរណា ហើយប្រព័ន្ធដែលពេញនិយមបំផុតគឺ«ទិញជាមុនបង់ប្រាក់តាមក្រោយ» ដោយវាបានកើនឡើង ៧៨% បើធៀបនឹងសប្តាហ៍មុន ដែលចាប់ផ្តើមនៅថ្ងៃទី១៩ ខែវិច្ឆិកា ហើយប្រាក់ចំណូលបានមកពីប្រព័ន្ធមួយនេះ នេះបានកើនឡើង ៨១% សម្រាប់រយៈពេលដូចគ្នា។
ទំនិញដែលពេញនិយមបំផុតនៅក្នុងឆ្នាំនេះរួមមានសម្ភារៈលេងហ្គេម យន្តហោះដ្រូន កំព្យូទ័រផលិតផលឌីសុន (Dyson) និងប្រដាប់ប្រដាក្មេងលេងមួយចំនួនទៀត។ អ្នកទិញឥវ៉ាន់នៅថ្ងៃសុក្រខ្មៅក៏បានបំបែកកំណត់ត្រាសម្រាប់ការបញ្ជាទិញតាមទូរស័ព្ទផងដែរខណៈដែលការលក់តាមអនឡាញ ៤៨% ត្រូវបានធ្វើឡើងចំពោះទូរស័ព្ទស្មាតហ្វូនពោលគឺបានកើនឡើងពី ៤៤% កាលពីឆ្នាំមុន។
សម្រាប់ក្រុមហ៊ុនលក់រាយ តួលេខទាំងនេះអាចជាសូចនាករដ៏ជោគជ័យនៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។ ទោះបីជាថ្ងៃសុក្រពណ៌ខ្មៅត្រូវបានបញ្ចប់ក៏ដោយប៉ុន្តែសកម្មភាពពាណិជ្ជកម្មតាមអេឡិចត្រូនិកនឹងនៅតែរឹងមាំរហូតដល់ចុងសប្តាហ៍នេះ ហើយក្រុមហ៊ុន Adobe បានរំពឹងថាអ្នកប្រើប្រាស់នឹងចំណាយប្រាក់ជាង ៤,៥០ ពាន់លានដុល្លារនៅថ្ងៃសៅរ៍ និងចំនួន ជិត៥ពាន់លានដុល្លារនៅថ្ងៃអាទិត្យនៅមុនទិវាទិញទំនិញអនឡាញដ៏ធំបំផុតប្រចាំឆ្នាំហៅថា Cyber Monday។
នៅឆ្នាំនេះ ទិវាទិញទំនិញ Cyber Monday ត្រូវគេរំពឹងថានឹងជំរុញការចំណាយជាង ១១ពាន់ ពាន់លានដុល្លារពោលគឺកើនឡើង ៥.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម Adobeដដែល៕