(កង់បេរ៉ា)៖ នៅថ្ងៃចន្ទនេះអូស្រ្តាលី បានសម្រេចបន្ថយកម្រិត នៃការគំរាមកំហែងអំពើភេរវកម្មនៅក្នុងប្រទេសខ្លួន ពីកម្រិត «ទំនងជានឹងកើតមានឡើង» ទៅត្រឹមកម្រិត «អាចនឹងកើតមានឡើង» វិញ ក្រោមហេតុផលថា ហានិភ័យអំពីការវាយប្រហារដោយក្រុមជ្រុលនិយម មានការថយចុះគួរឱ្យកត់សម្គាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
កម្រិតការគំរាមកំហែងភេរវកម្មខាងលើ ត្រូវបានដំឡើងកាលពី៨ឆ្នាំមុន គឺនៅឆ្នាំ២០១៤ ដោយសារតែក្តីបារម្ភអំពីកំណើនៃចំនួនជនជាតិអូស្រ្តាលី ដែលគេជឿបានចេញទៅចូលរួមប្រយុទ្ធ នៅឯក្រៅប្រទេសជាមួយក្រុមសកម្មប្រយុទ្ធផ្សេងៗ និងដោយសារតែលទ្ធភាពនៃការវាយប្រហារភេរវកម្ម ពីសំណាក់ក្រុមជ្រុលនិយមនៅប្រទេសអ៉ីរ៉ាក់ឬស៉ីរីជាដើម។ យ៉ាងណាមិញ ទីភ្នាក់ងារចារកម្មរបស់អូស្រ្តាលី ASIO បានអះអាងថា កត្តាដែលបានជំរុញឱ្យបង្កើន កម្រិតគំរាមកំហែងនាពេលនោះ គឺឥឡូវលែងមានទៀតហើយ ឬមួយក៏នៅមានក្នុងកម្រិតដ៏ទាបមួយប៉ុណ្ណោះ។
លោក ម៉ៃ បឺហ្គីស (Mike Burgess) អគ្គនាយកផ្នែកសន្តិសុខរបស់ទីភ្នាក់ងារ ASIO បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខណៈអូស្រ្តាលីនៅតែអាចជាគោលដៅវាយប្រហារមួយ របស់ក្រុមភេរវករ សព្វថ្ងៃគឺមានពួកជ្រុលតិចជាងមុនដែលមានចេតនា ចង់ធ្វើសកម្មភាពយ៉ាងដូច្នោះនៅលើទឹកដីរបស់អូស្រ្តាលី។ យ៉ាងណាក្តី វាមិនមែនមានន័យថា ការគំរាមកំហែងភេរវកម្ម បានរលាយបាត់ទាំងស្រុងនោះឡើយ»។
ជាចុងក្រោយលោក បឺហ្គីស បានសង្កត់ធ្ងន់ថា «វានៅតែអាចទៅរួចដែលមាននរណាម្នាក់ នឹងស្លាប់ក្រោមដៃពួកភេរវករ នៅប្រទេសអូស្រ្តាលីក្នុងរយៈពេល១២ខែខាងមុខ ប៉ុន្តែប្រាកដណាស់ពួកយើងនឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីរារាំងរឿងនោះមិនឱ្យកើតឡើងបាន។ ម៉្យាងវិញទៀត ទោះជាត្រូវបានបន្ថយចុះនាពេលនេះក៏ដោយ កម្រិតគំរាមកំហែងភេរវកម្ម ក៏អាចនឹងត្រូវដំឡើងសាជាថ្មីទៀត នៅចំណុចណាមួយនាពេលអនាគតផងដែរ»៕