ស្ថាប័នធនាគារហិរញ្ញវត្ថុរបស់អាមេរិកដ៏ធំ Goldman Sachs បានប៉ាន់ស្មានថា ប្រទេសចិនទំនងជាបិទបញ្ចប់វិធានការកូវីដ១៩ស្មើសូន្យដ៏តឹងតែងរបស់ខ្លួនលឿនជាងការគ្រោងទុក ក្រោយមានបាតុកម្មតវ៉ាដ៏កម្រពីពលរដ្ឋបានផ្ទុះឡើង និងកំពុងបន្ដរាលដាលនៅតាមក្រុងសំខាន់ៗជាច្រើន។ ស្របពេលដែលចិនកំពុងមានការផ្ទុះបាតុកម្ម តម្លៃប្រេងឆៅពិភពលោកវិញ ក៏បានរអិលធ្លាក់ចុះអស់ជាង២ដុល្លារភ្លាមៗផងដែរ ដោយសារតែបារម្ភពីការធ្លាក់ចុះតម្រូវការប្រេងនៅក្នុងប្រទេសចិន ដែលជាអ្នកនាំចូលដ៏ធំមួយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ស្ថាប័ន Goldman Sachs Group បានអះអាងថា ប្រទេសចិនអាចនឹងបញ្ចប់គោលនយោបាយ សូន្យកូវីដរបស់ខ្លួននៅមុនខែមេសាឆ្នាំក្រោយ គឺលឿនជាងការរំពឹង ក្នុងក្តីរំពឹងថា អាចរំងាប់ការមិនពេញចិត្តពីសាធារណៈជន ដែលកំពុងងើបឡើងតវ៉ាប្រឆាំងនឹងវិធានការដ៏តឹងរ៉ឹងរបស់អាជ្ញាធរ។ ស្ថាប័នដែលមានមូលដ្ឋាននៅអាមេរិកមួយនេះព្យាករណ៍ថា មានអត្រា ៣០% នៃការបើកដំណើរការប្រទេសចិនឡើងវិញនៅមុនត្រីមាសទី២ឆ្នាំ២០២៣។
ការព្យាករណ៍របស់ Goldman Sachs ដូចនេះធ្វើឡើងស្របពេលដែល តម្លៃប្រេងឆៅធំៗនៅលើទីផ្សារ សុទ្ធតែបានបង្ហាញពីការធ្លាក់ថ្លៃនៅថ្ងៃចន្ទទី២៨វិច្ឆិកា ដើមសប្តាហ៍នេះ។ ជាក់ស្តែង គិតត្រឹមរសៀលថ្ងៃទី ២៨ វិច្ឆិកា ប្រេងឆៅ Brent របស់អង់គ្លេសបានធ្លាក់តម្លៃអស់២ដុល្លារ៤៣សេន ឬស្មើនឹងប្រហែល៣% ដោយស្ថិតក្នុងតម្លៃជួញដូរត្រឹម ៨២ដុល្លារ៦២សេន ក្នុងមួយធុងបារ៉ែល។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះតម្លៃអស់ជាង២ដុល្លារផងដែរ ដោយមានតម្លៃជួញដូរត្រឹមជាង ៧៤ដុល្លារក្នុងមួយបារ៉ែល។
ការធ្លាក់ថ្លៃប្រេងឆៅធំៗទាំងពីររបស់ពិភពលោកនេះ កើតឡើងអស់ពេល ៣សប្តាហ៍ជាប់ៗគ្នាមកហើយ ដោយដំបូងចាប់ផ្តើមពីការផ្ទុះករណីឆ្លងរលកថ្មីក្នុងប្រទេសចិន រហូតដល់មានចលនាបាតុកម្មប្រឆាំងការបិទខ្ទប់ក្នុងពេលនេះ។
លោក ហ៊ីរ៉ូយូគី គីគូកាវ៉ា(Hiroyuki Kikukawa) អ្នកគ្រប់គ្រងទូទៅនៃវិទ្យាស្ថានស្រាវជ្រាវ Nissan Securities មាប្រសាសន៍ថា បន្ថែមពីលើការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈដែលនឹងថយចុះនៅក្នុងប្រទេសចិន ដោយសារការកើនឡើងនៃករណីឆ្លងកូវីដ១៩ ភាពមិនប្រាកដប្រជាផ្នែកសង្គមនយោបាយ ដែលបណ្តាលមកពីការតវ៉ាដ៏កម្ររបស់ពលរដ្ឋចិន លើការរឹតបន្តឹងវិធានការកូវីដ១៩របស់រដ្ឋអំណាច អាចជំរុញឱ្យតម្រូវការប្រេងកាន់តែមានតិចតួចបន្ថែមទៀត។
អ្នកជំនាញរូបនេះអះអាងថា ការជួញដូរប្រេងអាមេរិកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់ ៧០ទៅ៧៥ដុល្លារក្នុងមួយធុងបារ៉ែល ប៉ុន្តែទីផ្សារអាចមានភាពប្រែប្រួលអាស្រ័យលើលទ្ធផលនៃកិច្ចប្រជុំ OPEC+ នាពេលខាងមុខជុំវិញការកំណត់តម្លៃប្រេងរបស់រុស្ស៊ី។
គួរជម្រាបថា ប្រទេសចិនដែលក្តាប់ជាប់មិនលែងវិធានការណ៍កូវីដ១៩ដ៏តឹងរ៉ឹងជាងគេក្នុងលោកនាពេលបច្ចុប្បន្ន កំពុងជួបប្រទះនឹងបាតុកម្មតវ៉ាដ៏កម្រពីពលរដ្ឋរបស់ខ្លួន ប្រឆាំងនឹងគោលនយោបាយមួយនេះ ពិសេសគឺប្រឆាំងនឹងការបិទខ្ទប់តែម្តង។
ចលនាសង្គមដ៏កម្របានឃើញនៅក្នុងប្រទេសចិនមួយនេះ មិនធ្លាប់មានពីមុនមកនោះទេ បើគេរាប់ពីពេលដែលបុរសខ្លាំងលោក ស៊ី ជីនពីង ឡើងកាន់អំណាចកាលពីមួយទសវត្សរ៍មុន។ ពលរដ្ឋចិនទំនងជាឆ្អែតឆ្អន់នឹង វិធានការណ៍នានាពិសេសគឺការបិទខ្ទប់ម្តងហើយម្តងទៀត ហាមប្រាមមិនឱ្យចេញក្រៅផ្ទះ ដែលបានបន្តអនុត្តអស់ពេលជិត៣ឆ្នាំមកហើយ។
សូមបញ្ជាក់ថា ចលនាបាតុកម្មតវ៉ាបានឈានចូលដល់ថ្ងៃទី៣ហើយ។ កាលពីយប់ថ្ងៃអាទិត្យ ទី២៧វិច្ឆិកា បាតុកររាប់ពាន់នាក់បានប៉ះទង្គិចជាមួយប៉ូលីសចំកណ្តាលទីក្រុងសៀងហៃ។ ក្រុមអ្នកតវ៉ាក៏បានដើរតាមផ្លូវក្នុងទីក្រុង វ៉ូហាន(Wuhan) និង ក្រុងឆឹងទូ(Chengdu) ខណៈដែលនិស្សិតនៅតាមសាកលវិទ្យាល័យជាច្រើនជុំវិញប្រទេសចិនបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មកាលពីចុងសប្តាហ៍មុន។ ដោយឡែក នៅព្រឹកថ្ងៃចន្ទទី២៨វិច្ឆិកា មានបាតុករប្រម៉ាណ១ពាន់នាក់បានដើមតាមមហាវិថីនៃក្រុងប៉េកាំង ស្រែកទាមទារថាពួកគេ មិនត្រូវការការបិទខ្ទប់ មិនត្រូវការម៉ាស់ និងមិនត្រូវការការធ្វើតេស្តឡើយ ពួកគេត្រូវការសេរីភាព ហើយបើតាមសារព័ត៌មានមួយចំនួនក៏បានរាយការណ៍អំពី ការស្រែកទាមទាររបស់ក្រុមបាតុករ ឲ្យមេដឹកនាំកំពូលៗរបស់ចិនចុះចេញពីតំណែងទៅ រួមទាំងលោកស៊ី ជីនពីង ប្រធានាធិបតីចិនផងដែរ៕