រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសបារាំងលោក ព្រូណូ ឡឺ មែរ (Bruno Le Maire) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសបារាំងអាចនឹងព្យាយាមចរចាពីការលើកលែងពន្ធ និងការដាក់កម្រិតមួយចំនួន ដែលកំណត់ដោយច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក ប៉ុន្តែអឺរ៉ុបក៏ត្រូវតែធ្វើសកម្មភាព ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្លុកនេះដូចគ្នា ខណៈដែលសហភាពអឺរ៉ុបកំពុងមានក្ដីបារម្ភកាន់តែខ្លាំងចំពោះគោលប្រយុទ្ធប្រឆាំងការកើនឡើងអតិផរណា របស់អាមេរិកដែលបានដាក់ចេញថ្មីៗនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
លោក ឡឺ មែរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង នឹងអមដំណើរជាមួយប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋដ៏កម្រមួយនៅសហរដ្ឋអាមេរិកនៅក្នុងសប្ដាហ៍នេះក្នុងគោលបំណងបង្ហាញពីការរឹតចំណងមិត្តភាពបារាំង-អាមេរិកជាជាងការប្រកួតប្រជែងសេដ្ឋកិច្ចដ៏ជូរចត់រវាងភាគីទាំង ២ នេះ។
រយៈពេលជាងមួយឆ្នាំមកនេះបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍ និងទីក្រុងកង់បេរ៉ា បានផ្ដាច់កិច្ចសន្យាទិញនាវាមុជទឹកបារាំងដ៏ធំមួយនោះ វាជំរុញឱ្យទំនាក់ទំនងបារាំង-អាមេរិកហាក់មានភាពល្អក់កករខ្លះៗនឹងគ្នាដែរ ប៉ុន្ដែប្រទេសទាំង២នេះត្រូវគេរំពឹងថា នឹងបង្ហាញការរួបរួមគ្នាទប់ទល់ការគំរាមកំហែងពីប្រទេសរុស្ស៊ី និងចិន។
ប៉ុន្តែបញ្ហាសំខាន់ដែលត្រូវជជែករវាងភាគីបារាំង និងអាមេរិកនេះ គឺជាអ្វីដែលសហភាពអឺរ៉ុបហាក់ក្រែងចិត្តមិនចង់និយាយនោះឡើយ នោះគឺច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក (IRA) ។
ប្រទេសអឺរ៉ុបបាននិយាយថា កញ្ចប់ឧបត្ថម្ភធនដ៏ធំសម្បើម ដើម្បីការពារក្រុមហ៊ុនផលិតកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងច្បាប់កាត់បន្ថយអតិផរណានេះ អាចជាបន្ទុកដ៏ធ្ងន់មួយដែលបានបន្ថែមទៅលើឧស្សាហកម្មរបស់សហភាពអឺរ៉ុប ដែលកំពុងធ្លាក់ចុះរួចទៅហើយនោះ ដោយសារតម្លៃថាមពលកើនខ្ពស់ ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
លោក ឡឺ មែរ បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍បារាំងមួយថា ប្រទេសបារាំងអាចស្នើសុំការលើកលែងចំពោះកាតព្វកិច្ច និងដែនកំណត់មួយចំនួន ដែលកំណត់ដោយរដ្ឋបាលសហរដ្ឋអាមេរិក។ ប៉ុន្តែ សំណួរពិតប្រាកដដែលពួកគេត្រូវសួរខ្លួនឯងនោះ គឺថាតើសកលភាវូបនីយកម្មប្រភេទណា ដែលកំពុងស្ថិតនៅចំពោះមុខពួកគេ?។
លោក ឡឺ មែរ បានបន្ថែមថា ប្រទេសចិនគាំទ្រផលិតកម្មរបស់ខ្លួន ហើយអាមេរិកក៏គាំទ្រផលិតកម្មរបស់ខ្លួនដែរដូច្នេះហើយ វាដល់ពេលដែលអឺរ៉ុបត្រូវចេះគាំទ្រផលិតកម្មអឺរ៉ុបខ្លួនឯងផងដែរ។ រដ្ឋអឺរ៉ុបទាំងអស់ត្រូវតែយល់ថា បច្ចុប្បន្ននៅក្នុងពេលប្រឈមមុខនឹងការសម្រេចចិត្តរបស់អាមេរិកនោះ ពួកគេត្រូវរៀនគាំពារ និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។
នៅក្នុងសេចក្ដីរាយការណ៍មួយ ដោយសារព័ត៌មាន Fox News បានឲ្យដឹងដែរថា មន្ត្រីអឺរ៉ុបកំពូលៗមួយចំនួនបាននាំគ្នាវាយប្រហារទៅលើសកម្មភាពរបស់ប្រធានាធិបតីអាមេរិកចូបៃឌិន នៅចំពេលដែលសង្គ្រាមនៅអ៊ុយក្រែនបន្ដអូសបន្លាយ ដោយចោទប្រកាន់អាមេរិក គឺជាអ្នកទទួលបានផលចំណេញពីសង្គ្រាមនេះ ហើយមន្ត្រីអឺរ៉ុបទាំងនោះ ថែមទាំបានរិះគន់សហរដ្ឋអាមេរិកចំៗ ចំពោះច្បាប់កាត់បន្ថយអតិផរណាដែលទើបដាក់ចេញថ្មីៗនេះផងដែរ ដោយលើកឡើងថា វាបានធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុប ដែលជាសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននោះ កាន់តែយ៉ាប់យ៉ឺនឡើង។
សូមបញ្ជាក់ថា ច្បាប់កាត់បន្ថយអតិផរណានៅអាមេរិក គឺមានការចំណាយដល់ទៅប្រមាណជិត ៣៧០ពាន់លានដុល្លារ ក្នុងការឧបត្ថម្ភធន ក៏ដូចជាបន្ថូរបន្ថយពន្ធសម្រាប់ឧស្សាហកម្មក្នុងស្រុកពិសេសឧស្សាហកម្មទាក់ទងនឹងការមិនប៉ះពាល់ដល់បរិស្ថាន ហើយវា ត្រូវបានគេមើលឃើញថា ហាក់មិនសូវស្មើភាពនោះឡើយសម្រាប់ការប្រកួតប្រជែងរបស់រោងចក្រឧស្សាហកម្មបរទេស៕