Alynana Media Cambodia
Icon Collap
clinic narit

គម្រោងបន្តកិច្ចពិភាក្សាស្តីពី សន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែររវាងអាមេរិកនិងរុស្ស៉ី ត្រូវបានពន្យារពេល

Admin Alynana | Nov 30, 2022
គម្រោងបន្តកិច្ចពិភាក្សាស្តីពី សន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែររវាងអាមេរិកនិងរុស្ស៉ី ត្រូវបានពន្យារពេល
Clinic narith

 

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា រុស្ស៉ីបានសម្រេចពន្យារពេលកិច្ចពិភាក្សា ស្តីពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ដែលគ្រោងធ្វើឡើងក្នុងសប្តាហ៍នេះ នៅទីក្រុងគែរនៃប្រទេសអេហ្ស៉ីប ហើយភាគីទាំងពីរមិនបានបញ្ជាក់ពីមូលហេតុនៃការផ្អាកនេះ ឬក៏កាលបរិច្ឆេទថ្មីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមមន្រ្តីនៃប្រទេសទាំងពីរ ត្រូវបានកំណត់ថានឹងត្រូវជួបប្រជុំជាមួយគ្នា នៅរដ្ឋធានីរបស់អេហ្ស៉ីប ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ដើម្បីពិភាក្សាអំពីការចុះអធិការកិច្ចឡើងវិញ នៅក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ ហៅថា New START ដែលត្រូវបានផ្អាកចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ភាគីរុស្ស៉ីបានជូនដំណឹងដល់អាមេរិកថា ទីក្រុងមូស្គូបានសម្រេចចិត្តជា​ឯកតោភាគី ក្នុងការពន្យារពេលជំនួបប្រជុំខាងលើ ហើយបានអះអាងថានឹងដាក់សំណើកាលបរិច្ចេទជួបគ្នាថ្មី។ ឆ្លើយតបចំពោះ​ការសាកសួរអំពីរឿងនេះ ក្រសួងការបរទេសរុស្ស៉ី បានបញ្ជាក់ថា កិច្ចពិភាក្សាត្រូវបានពន្យារពេលពិតមែន ខណៈភាគីទាំងពីរ សុទ្ធតែមិនបានប្រាប់ពីមូលហេតុច្បាស់លាស់ នៃការផ្អាកឡើយ។

គួរបញ្ជាក់ថា សន្ធិសញ្ញា New START ដែលបានចូលជាធរមាននៅឆ្នាំ២០១១ កំណត់នូវចំនួនក្បាលនុយក្លេអ៊ែរយុទ្ធសាស្រ្ត ដែលសហរដ្ឋអាមេរិកនិងរុស្ស៉ី អាចដាក់ពង្រាយបាន រួមជាមួយការដាក់ពង្រាយមីស៉ីលបាញ់ចេញពីផ្ទៃដី ពីនាវាមុជទឹក ហើយនិងយន្តហោះទម្លាក់គ្រាប់បំបែក សម្រាប់នាំយកពួកវាទៅកាន់គោលដៅ៕
Russia postpones nuclear arms control talks with US, State Department says | CNN Politics