Alynana Media Cambodia
Icon Collap
clinic narit

វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញលឿន ប្រសិនបើចិនមានការបន្ធូរបន្ថយ ឬលុបចោលវិធានការគ្មានកូវីដ

Admin Alynana | Dec 01, 2022
វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញលឿន ប្រសិនបើចិនមានការបន្ធូរបន្ថយ ឬលុបចោលវិធានការគ្មានកូវីដ
Clinic narith

អ្នកជំនាញក្នុងវិស័យទេសចរណ៍បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញលឿន ប្រសិនបើចិនមានការបន្ធូរបន្ថយ ឬលុបចោលវិធានការគ្មានកូវីដ ដូចការទាមទាររបស់ប្រជាពលរដ្ឋខ្លួន ដែលផ្ទុះការតវ៉ាដ៏កម្រប្រឆាំងនឹងវិធានការនេះ។ ការរំពឹងបែបនេះ ក៏ដោយសារចិនជាភ្ញៀវទេសចរបរទេស ដែលបានមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ ក្នុងអំឡុងពេលមិនទាន់មានការផ្ទុះការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

ទោះយ៉ាងណាអ្នកជំនាញមិនរំពឹងថា រដ្ឋបាលលោក ស៊ី ជិនពីង នឹងលុបចោលវិធានការគ្មានកូវីដ ដ៏តឹងរ៉ឹងរបស់ខ្លួនឆាប់ៗនោះទេ ដ្បិតវាជាវិធានការលើសពីការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ អ្នកជំនាញជំរុញឲ្យកម្ពុជាគួរងាកទៅប្រភពទេសចរពីប្រទេសផ្សេង កុំផ្តោតតែលើភ្ញៀវទេសចរជនជាតិចិនខ្លាំងពេក។

នៅប៉ុន្មានថ្ងៃចុងក្រោយនេះប្រជាជនចិនបានផ្ទុះការតវ៉ាដ៏កម្រប្រឆាំងនឹងវិធានការបិទខ្ទប់ និងទាមទារឲ្យរដ្ឋបាលលោក ស៊ី ជិនពីង បន្ធូរបន្ថយ និងលុបចោលវិធានការគ្មានកូវីដដ៏តឹងរ៉ឹង ដ្បិតពួកគេយល់ថា វិធានការនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេនោះទេ ថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចចិនផងដែរ។ ទោះយ៉ាងណា ការតវ៉ារបស់ក្រុមបាតុកររាប់ពាន់នាក់នេះ ត្រូវបានបង្ក្រាបយ៉ាងចាស់ដៃពីអាជ្ញាធរចិន ហើយមានបាតុករខ្លះត្រូវបានចាប់ខ្លួនទៀតផង។ ក្រោយផ្ទុះការតវ៉ាពីប្រជាជនចិន ស្ថាប័នអន្តរជាតិមួយចំនួនបានព្យាករថា រដ្ឋបាលលោក ស៊ី ជិនពីង ទំនងជាអាចលុបចោលវិធានការសូន្យកូវីដ ដ៏តឹងរឹងរបស់ខ្លួន មុនការកំណត់។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាយល់ឃើញថា ប្រសិនបើរដ្ឋាភិបាលចិនលុបចោលវិធានការគ្មានកូវីដ ដូចការទាមទាររបស់ពលរដ្ឋខ្លួន វានឹងក្លាយជាក្តីសង្ឃឹមមួយបន្ថែមទៀតសម្រាប់ការស្តារវិស័យទេសចរណ៍របស់កម្ពុជា ដែលបានរងផលប៉ះពាល់យ៉ាងដំណំដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ លោកជំទាវជឿជាក់ថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញលឿនជាងការគ្រោងទុកប្រសិនបើចិនលុបចោលវិធានការគ្មានកូវីដ ព្រោះចិនជាទីផ្សារទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា។ ពោលគឺកម្ពុជាអាចចំណាយពេលជាង១ឆ្នាំប៉ុណ្ណោះ ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ ខណៈកន្លងមកលោកជំទាវព្យាករថា កម្ពុជាអាចចំណាយពេលពី២ទៅ៣ឆ្នាំ។

ស្រដៀងគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាយល់ឃើញថា ប្រសិនបើចិនដកវិធានការគ្មានកូវីដ វាមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់វិស័យទេសចរណ៍កម្ពុជាប៉ុណ្ណោះទេ តែវាបានផ្តល់ប្រយោជន៍ដល់ប្រទេសផ្សេងៗផងដែរ ព្រោះចិនជាទីផ្សារទេសចរណ៍ធំជាងសម្រាប់ពិភពលោក។ តែយ៉ាងណាអ្នកជំនាញរូបនេះមិនរំពឹងចិនលុបចោលវិធានការគ្មានកូវីដ-១៩ នេះនោះទេ ព្រោះលោកយល់ថា ការដាក់ចេញវិធានការគ្មានកូវីដ-១៩ ដ៏តឹងតែងរបស់ចិន មិនមែនក្នុងគោលដៅសម្រាប់ទប់ស្កាត់តែកូវីដ-១៩មួយមុខនោះទេ តែវាអាចជាលេសរបស់រដ្ឋាភិបាលចិនក្នុងការទប់ស្កាត់ការចំណាយរបស់ពលរដ្ឋ និងធុរជនកុំឲ្យចេញមកក្រៅ ស្របពេលសេដ្ឋកិច្ចចិន ក៏ដូចជាពិភពលោកកំពុងរងការគំរាមកំហែងពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសធំៗជាដើម។

ជាមួយគ្នានេះឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានចាត់ទុកឆ្នាំនេះជាឆ្នាំនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ បន្ទាប់ពីបានរងផលប៉ះពាល់យ៉ាងដំណំពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-កូវីដ-១៩ អស់រយៈពេលជាងពីរឆ្នាំកន្លងមក។ ទោះយ៉ាងណា វិស័យទេសចរណ៍កម្ពុជា នៅតែជួបបញ្ហាប្រឈមមួយចំនួន ក្នុងការអភិវឌ្ឍន៍ និងស្តារឡើងវិញ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម តុប សុភ័ក នៅក្នុងរយៈពេល១០ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជិត១លាន៦០ម៉ឺននាក់ មានការកើនឡើងជាង៩០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះភ្ញៀវទេសចរបរទេសធ្វើដំណើរតាមផ្លូវអាកាសមានជិត៦០ម៉ឺននាក់កើនឡើង៧០៦% ខណៈភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹកមានជាង១លាននាក់៕