(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២។
លោក Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានធ្វើអត្ថាធិប្បាយបែបនេះ ដើម្បីឆ្លើយតបទៅនឹងការហាមឃាត់នាពេលថ្មីៗ របស់គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក លើការនាំចូល និងលក់ឧបករណ៍ទូរគមនាគមន៍នៃក្រុមហ៊ុនចិនចំនួនប្រាំ។
លោក Shu បាននិយាយថា សហរដ្ឋអាមេរិកបានបំផ្លើសម្តងហើយម្តងទៀត នូវគោលគំនិតនៃសន្តិសុខជាតិ និងបានបំពានអំណាចរដ្ឋដើម្បីព្យាបាទក្រុមហ៊ុនចិន ហើយប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។
អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ទង្វើរបស់អាមេរិកមិនត្រឹមតែបំផ្លាញសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន និងអ្នកប្រើប្រាស់អាមេរិកផងដែរ ហើយវាក៏រំខានដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ និងច្បាប់ពាណិជ្ជកម្មសកលលោកទៀតផង។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋបាលលោក បៃដិន បានហាមឃាត់ការលក់ ឬនាំចូលឧបករណ៍ទូរគមនាគមន៍ថ្មីពីក្រុមហ៊ុន Huawei Technologies និង ZTE របស់ចិន ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ៕