Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុន ចក្រភពអង់គ្លេស ហើយនឹងអ៉ីតាលី អាចនឹងប្រកាសគម្រោងរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងស៊េរីថ្មីនៅសប្តាហ៍ក្រោយ

Admin Alynana | Dec 03, 2022
ជប៉ុន ចក្រភពអង់គ្លេស ហើយនឹងអ៉ីតាលី អាចនឹងប្រកាសគម្រោងរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងស៊េរីថ្មីនៅសប្តាហ៍ក្រោយ
Clinic narith

 

(តូក្យូ)៖ ជប៉ុន ចក្រភពអង់គ្លេស ហើយនឹងអ៉ីតាលី នឹងប្រកាសពីកិច្ចព្រមព្រៀងធំមួយ ខណៈបើលឿនបំផុតគឺនៅសប្តាហ៍ក្រោយ ស្តីពីគម្រោងរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងស៊េរីថ្មី។ នេះបើតាមប្រភពទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន ហើយចេញផ្សាយ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។

សម្រាប់ទីក្រុងតូក្យូនិងទីក្រុងឡុងដ៍ គម្រោងខាងលើតំណាងឱ្យសមិទ្ធផលចុងក្រោយ នៃការរឹតបន្តឹងទំនាក់ទំនងការពារជាតិ កាន់តែជិតស្និទ្ធឡើងរវាងភាគីទាំងពីរ ខណៈការបង្កើនចំណងទាក់ទងនេះ ផ្តល់ឱកាសឱ្យចក្រភពអង់គ្លេស នូវតួនាទីផ្នែក​សន្តិសុខដ៏ធំមួយ ក្នុងតំបន់អាស៉ី ហើយទន្ទឹមគ្នាវាផ្តល់ឱ្យជប៉ុននូវដៃគូផ្នែកសន្តិសុខដ៏សំខាន់ថ្មីមួយ ដែលអាចជួយខ្លួនទប់ទល់នឹងការរីកធំឡើង នៃអានុភាពយោធារបស់ប្រទេសចិន ដែលនៅក្បែរខាង។

គម្រោងអភិវឌ្ឍយន្តហោះចម្បាំងនេះ នឹងច្របាច់បញ្ចូលគ្នារវាងកម្មវិធីយន្តហោះចម្បាំង Tempest របស់អង់គ្លេស ហើយនិងកម្មវិធីយន្តហោះចម្បាំង FX របស់ជប៉ុន។ វាក៏នឹងជាលើកដំបូងបំផុតផងដែរ ដែលទីក្រុងតូក្យូចាប់ដៃគ្នាសហការជាមួយប្រទេសដទៃ ក្រៅពីសហរដ្ឋអាមេរិក ក្នុងផែនការពាក់ព័ន្ធបរិក្ខារយោធាធំៗ។

គួរបញ្ជាក់ថា កិច្ចពិភាក្សារវាងជប៉ុន អង់គ្លេស និងអ៉ីតាលី ជុំវិញគម្រោងយន្តហោះចម្បាំងខាងលើ ដែលនឹងត្រូវដឹកនាំដោយ ក្រុមហ៊ុន BAE Systems របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុន Mitsubishi Heavy Industries របស់ជប៉ុន នឹងបន្តនៅឆ្នាំក្រោយ ដើម្បីកំណត់ខ្លឹមសារលម្អិតបន្ថែមទៀត នៅក្នុងគម្រោង ដូចជាទំហំចែករំលែកការងារ ហើយនិងការរចនា variant ផ្សេងៗគ្នា នៃយន្តហោះចម្បាំងនោះ ដែលដៃគូនីមួយៗនឹងយកទៅប្រើ។

ទន្ទឹមគ្នានេះ គណបក្សកាន់អំណាចជប៉ុន ក៏កំពុងពិនិត្យមើលសំណើ សំដៅបន្ធូរបន្ថយច្បាប់នាំចេញផលិតផលយោធារបស់ខ្លួន ផងដែរ ដើម្បីអាចឱ្យយន្តហោះចម្បាំងដែលផលិតរួមគ្នានោះ អាចនាំចេញទៅកាន់ប្រទេសដទៃទៀតបាន៕