Alynana Media Cambodia
Icon Collap
clinic narit

សម្ដេច ហ៊ុន សែន ចេញសេចក្ដីសម្រេច ស្ដីពី​ ការដាក់ឲ្យដំណើរការកម្មវិធីសាច់ប្រាក់ ជូនគ្រួសារដែលមានភាពងាយរងហានិភ័យ

Admin Alynana | Dec 05, 2022
សម្ដេច ហ៊ុន សែន ចេញសេចក្ដីសម្រេច ស្ដីពី​ ការដាក់ឲ្យដំណើរការកម្មវិធីសាច់ប្រាក់ ជូនគ្រួសារដែលមានភាពងាយរងហានិភ័យ
Clinic narith

សម្ដេច ហ៊ុន សែន៖ ចេញសេចក្ដីសម្រេចថ្មី ស្ដីពី​ ការដាក់ឲ្យដំណើរការកម្មវិធីសាច់ប្រាក់ ជូនគ្រួសារដែលមានភាពងាយរងហានិភ័យ ក្នុងអំឡុងពេលរងសម្ពាធអតិផរណា និងកម្មវិធីជំនួយសាច់ប្រាក់ជូនគ្រួសារដែលមានភាពងាយរងហានិភ័យដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ "ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សយ៉ាងក្រៃលែង និងសូមជម្រាបជូនជនរួមជាតិទាំងអស់ឱ្យបានជ្រាបថា ដើម្បីសម្រួលដល់ជីវភាពគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក៏ដូចជាគ្រោះ ទឹកជំនន់ធ្ងន់ធ្ងរតាមបណ្តាខេត្តមួយចំនួន, រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវវិធានការអន្តរាគមន៍ គាំពារសង្គមពិសេស ដូចតទៅ"៖

១. ការដាក់ឱ្យដំណើការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមាន សម្ពាធអតិផរណា

គ្រួសារងាយរងហានិភ័យ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការ ត្រូវទទួលបាន ការឧបត្ថម្ភជាសាច់ប្រាក់ ចំនួន ៣លើក ក្នុងមួយលើកៗ ដូចខាងក្រោម៖

រាជធានីភ្នំពេញ មួយគ្រួសារ ៩៩ ៩០០ រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២៨ ០០០ រៀល

ទីប្រជុំជន មួយគ្រួសារ ៨៧ ៣០០ រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២៤ ០០០ រៀល

ជនបទ មួយគ្រួសារ ៨១ ៣០០ រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២០ ០០០ រៀល

កម្មវិធីនេះ ត្រូវអនុវត្ត ក្នុងមួយគ្រានៃវិបត្តិ ដែលការបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភធ្វើឡើងចំនួន ៣លើកតាមកាលបរិច្ឆេទ ដូចខាងក្រោម៖ 

លើកទី១ ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២

លើកទី២៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣

លើកទី៣៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងន័យនេះ សម្ដេចបានអញ្ជើញគ្រួសារងាយរងហានិភ័យដែលទទួលបាននូវការកំណត់អត្តសញ្ញាណ និងបានផ្ទៀងផ្ទាត់ឈ្មោះនៅឃុំ សង្កាត់ រួចរាល់ ទៅបើកប្រាក់ឧបត្ថម្ភនៅបញ្ជរវឹងណាមួយ ដែលនៅជិត កន្លែងបងប្អូនរស់នៅ តាមកាលបរិច្ឆេទខាងលើ កុំបីខាន។

២. ការដាក់ឱ្យដំណើរការកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់

បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជាបានជួបប្រទះគ្រោះទឹកជំនន់ធ្ងន់ធ្ងរនាពេលកន្លងទៅ, រាជរដ្ឋាភិបាល យកចិត្តទុកដាក់លើជីវភាពរបស់គ្រួសារងាយរងហានិភ័យ ដោយដាក់ចេញបន្ថែមនូវអន្តរាគមន៍ជំនួយសង្គម ជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រមួយចំនួនដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ក្នុងរាជធានី ខេត្តចំនួន ១៦ រួមមាន រាជធានីភ្នំពេញ, ខេត្តកណ្តាល, តាកែវ, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ខេត្តក្រចេះ, កំពង់ឆ្នាំង, ព្រៃវែង, កំពត, ស្វាយរៀង, និងឧត្តរមានជ័យ។ 

គ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ នៅក្នុងតំបន់ភូមិសាស្ត នៃរាជធានី ខេត្តគោលដៅទាំង ១៦ ខាងលើ ត្រូវទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ តាមអត្រាដូចខាងក្រោម៖
Screenshot 2022-12-05 at 9.17.06 AM

កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះ ទឹកជំនន់ ត្រូវអនុវត្តការបើកផ្តល់ជូនមួយខែម្តង សម្រាប់រយៈពេល ៣ ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២២ តទៅ។

ក្នុងន័យនេះ ខ្ញុំសូមអញ្ជើញគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែល ទទួលបាននូវការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ឈ្មោះនៅឃុំ សង្កាត់ រួចរាល់ ទៅបើកប្រាក់ ឧបត្ថម្ភ នៅរៀងរាល់សប្តាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០២២, ខែមករា និងកុម្ភៈ ឆ្នាំ២០២៣ នៅតាមបញ្ជរវឹងណាមួយ ដែលនៅជិតកន្លែងបងប្អូនរស់នៅ តាមកាលបរិច្ឆេទនីមួយៗ កុំបីខាន។

សូមជម្រាបជូនថា គ្រួសារដែលទទួលបានការឧបត្ថម្ភ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយ រងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ មិនទទួលបានការឧបត្ថម្ភលើកទី១ ពីកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា បន្ថែមនោះទេ។ ប៉ុន្តែគ្រួសារគោលដៅនេះ នឹងទទួលបានការឧបត្ថម្ភលើកទី២ និងទី៣ ដូចគ្រួសារងាយរងហានិភ័យដទៃទៀត នៅទូទាំងប្រទេស។

៣. ការបន្តអនុវត្តយន្តការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ

ឆ្លើយតបនឹងស្ថានភាពអូសបន្លាយនៃវិបត្តិកើតចេញពីសម្ពាធអតិផរណា ក៏ដូចជាដើម្បីផ្ដល់នូវ អន្តរាគមន៍ជំនួយសង្គមដល់គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, រាជរដ្ឋាភិបាលនឹងបន្តអនុវត្ត យន្តការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ ជាបន្តទៀត។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ ប្រជាពលរដ្ឋដែលមានជីវភាពលំបាក និងមានសមាជិកគ្រួសារមានភាពងាយរងគ្រោះ ១ ក្នុងចំណោម ៥ ដូចតទៅ៖ ជនមានពិការភាព, កុមារអាយុក្រោម ២ ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី ៦០ ឆ្នាំឡើង, ស្ត្រី ជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ឆ្នាំ) ទាក់ទងទៅកាន់ឃុំ សង្កាត់ដែលបងប្អូនរស់នៅ ដើម្បី ទទួលបានការកំណត់អត្តសញ្ញាណ និងប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលនៃវិបត្តិនេះ ឱ្យបាន ទាន់ពេល។

ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋងាយរងហានិភ័យ ក៏ដូចជាគ្រួសារក្រីក្រដែលកំពុងជួបការលំបាក ពិតប្រាកដដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងសម្ពាធអតិផរណា, ខ្ញុំសូមចេញ បញ្ហាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការកំណត់ អត្តសញ្ញាណ ក៏ដូចជាសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋគោលដៅឱ្យទទួលបានប្រាក់ឧបត្ថម្ភទាន់ពេល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវយុត្តិធម៌ សមធម៌ សុចរិតភាព និងតម្លាភាព តាមការកំណត់ របស់រាជរដ្ឋាភិបាល។

សម្រាប់ព័ត៌មានមួយបន្ថែមអំពីការទទួលបានប្រាក់ ឧបត្ថម្ភ សូមទាក់ទងអាជ្ញាធរឃុំ សង្កាត់ដែលនៅជិតផ្ទះ ឬមូលនិធិជាតិជំនួយសង្គម តាមរយៈទូរសព្ទលេខ ០១៥ ២១៩ ៨៨៨ ឬ ០៩២ ២១៩ ៨៨៨៕ photo_2022-12-05 08.53.51photo_2022-12-05 08.53.54photo_2022-12-05 08.53.58