(ចិន)៖ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ក្រុមអវកាសយានិកចិនចំនួន ៣នាក់បានវិលត្រឡប់មកកាន់ភពផែនដីវិញកាលពីថ្ងៃអាទិត្យ ទី៤ធ្នូ តាមយានអវកាស Shenzhou-14 ក្រោយបញ្ចប់បេសកកម្មរយៈពេល ៦ខែនៅលើស្ថានីយអវកាសរបស់ចិន។
ក្រុមអវកាសយានិកទាំង ៣នាក់មានមេបញ្ជាការលោក Chen Dong និងក្រុមការងារលោក Liu Yang និងលោក Cai Xuzhe ដែលត្រូវបានត្រួតពិនិត្យចុងក្រោយ ជាពេលវេលាដ៏សំខាន់នៃការសាងសង់នៅស្ថានីយអវកាស ដែលបានបញ្ចប់រួចរាល់កាលពីខែវិច្ឆិកា បាននិយាយនៅក្នុងបន្ទប់ថតសំឡេងដែលបានផ្សាយនៅលើទូរទស្សន៍រដ្ឋ CCTV ថា ពួកលោកទាំងអស់គ្នាមានអារម្មណ៍ល្អណាស់បន្ទាប់ពីចុះចត។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា យានអវកាសនេះបានចុះចតនៅទីតាំង Dongfeng ក្នុងភាគខាងជើងតំបន់ស្វយ័តម៉ុងហ្គោលីនៅម៉ោង 8.09យប់ ដោយបុគ្គលិកមកពីទីភ្នាក់ងារអវកាសបានប្រកាសបេសកកម្មទាំងស្រុង ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី៥ ខែមិថុនាថាជាការបញ្ចប់ដោយជោគជ័យ។ ក្រុមអវកាសយានិកថ្មីរបស់ចិនមានគ្នា ៣នាក់បានទៅដល់ស្ថានីយអវកាសនោះតាមយានអវកាស Shenzhou-15 ដើម្បីគ្រប់គ្រងការងារបន្តពីពួកគេកាលពីថ្ងៃពុធសប្ដាហ៍មុន៕