Alynana Media Cambodia
Icon Collap
clinic narit

អាកាសយានដ្ឋានយោធារុស្ស៊ីចំនួនពីរកន្លែង ត្រូវបានវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន

Admin Alynana | Dec 07, 2022
អាកាសយានដ្ឋានយោធារុស្ស៊ីចំនួនពីរកន្លែង ត្រូវបានវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន
Clinic narith

អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបន្តបាញ់ស្រោចមីស៊ីលនៅតំបន់ភាគអាគ្នេយ៍ និងបានកាត់ផ្តាច់ប្រព័ន្ធថាមពលស្ទើរតែទាំងស្រុងក្នុងប្រទេសកាលពីថ្ងៃចន្ទ ទី៥ ខែធ្នូ នេះ ខណៈដែលក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា យន្តហោះដ្រូនរបស់អ៊ុយក្រែនបានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសពីរកន្លែងរបស់ខ្លួនដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីសមរភូមិជួរមុខជាមួយអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដោយលោកបានបន្ថែមថា ភាគច្រើននៃមីស៊ីលប្រហែល ៧០ គ្រាប់ដែលបាញ់នោះ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស។

ក្រោយពីការវាយប្រហារឥតរើសមុខពីសំណាក់រុស្ស៊ីនេះ តាមរយៈក្រសួងការពារជាតិទីក្រុងម៉ូស្គូបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានធ្វើការវាយប្រហារមូលដ្ឋានទ័ពអាកាសចំនួនពីរកន្លែងនៅតំបន់ រីហ្សាន (Ryazan) និងសារ៉ាតូវ (Saratov) ភាគនិរតីនៃប្រទេសរុស្ស៊ីដោយបានសម្លាប់ទាហាន ៣ នាក់និងរងរបួស ៤ នាក់ ហើយយន្តហោះពីរគ្រឿងត្រូវបានខូចខាតដោយសារបំណែកនៃយន្តហោះគ្មានមនុស្សបើកនៅពេលវាត្រូវបានបាញ់ទម្លាក់។

ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែនមិនបានអះអាងទទួលខុសត្រូវដោយផ្ទាល់ចំពោះការវាយប្រហារនោះទេ។ តែប្រសិនបើអ៊ុយក្រែនជាអ្នកនៅពីក្រោយការវាយប្រហារនេះមែន នោះវានឹងក្លាយជាការវាយប្រហារដ៏ជ្រៅបំផុតចូលទៅក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ កុម្ភៈមក។

បើតាមកាសែត The New York Times ដែលដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បាននិយាយថា យន្តហោះគ្មានមនុស្សបើក ដែលពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃទី៥ខែធ្នូនេះ ត្រូវបានបាញ់ចេញពីទឹកដីអ៊ុយក្រែន ហើយយ៉ាងហោចណាស់ ការវាយប្រហារមួយត្រូវបានធ្វើឡើង ដោយមានជំនួយពីកងកម្លាំងពិសេសនៅជិតមូលដ្ឋាននោះ។ តាមក្រុមហ៊ុនរូបភាពផ្កាយរណបរបស់អ៊ីស្រាអែល ImageSat International បានចែករំលែករូបភាពដែលឃើញមានបង្ហាញពីការឆេះ និងវត្ថុនៅជិតយន្តហោះ (Tu-22M) នៅមូលដ្ឋានអាកាស ឌីហ្គីឡេវ៉ូ (Dyagilevo)។

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានគូសបញ្ជាក់ថា គោលដៅមួយក្នុងចំណោមគោលដៅចំនួនទៀត គឺ មូលដ្ឋានទ័ពអាកាស Engels ក្បែរទីក្រុង Saratov ចម្ងាយប្រហែល ៧៣០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងម៉ូស្គូ ដែលមូលដ្ឋាននោះមានយន្តហោះទម្លាក់គ្រាប់បែក ដែលជាកម្មសិទ្ធិរបស់កងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី។ ចំណែកឯមួយកន្លែងទៀតគឺនៅមូលដ្ឋាន Ryazan ចម្ងាយ ១៨៥ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងម៉ូស្គូ។

ទន្ទឹមគ្នានេះ ក្រសួងការពារជាតិរុស្ស៊ីបានហៅការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនេះថា ជាសកម្មភាពភេរវករក្នុងគោលបំណងរំខានដល់អាកាសចរណ៍រយៈចម្ងាយឆ្ងាយរបស់ខ្លួន ហើយវិមានក្រឹមឡាំងក៏សន្យាថា នឹងធ្វើសងសឹកវិញឱ្យបានឆាប់រហ័ស និងឱ្យមានប្រសិទ្ធវិញផងដែរ។

ដោយឡែក កងទ័ពជើងអាកាសរបស់អ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់កាំជ្រួចមីស៊ីលជាង ៦០ គ្រាប់ក្នុងចំណោមជាង ៧០ គ្រាប់ដែលត្រូវបានបាញ់ដោយរុស្ស៊ីកាលពីថ្ងៃទី ៥ខែធ្នូ ដែលជាការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន ដែលបានកាត់ផ្តាច់ថាមពល កំដៅ និងទឹកក្នុងកន្លែងជាច្រើនទូទាំងប្រទេសអ៊ុយក្រែនផងដែរ។

គួរគូសបញ្ជាក់ដែរថា ទីក្រុង Saratov មានចម្ងាយយ៉ាងហោចណាស់ ៦០០ គីឡូម៉ែត្រពីទឹកដីអ៊ុយក្រែនដែលនៅជិតបំផុត។ ក្នុងន័យនេះ បើតាមអ្នកអត្ថាធិប្បាយព័ត៌មានរុស្ស៊ីបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រសិនបើអ៊ុយក្រែនអាចវាយលុកបានឆ្ងាយនៅក្នុងប្រទេសរុស្ស៊ី នោះទីក្រុងកៀវអាចនឹងមានសមត្ថភាពវាយប្រហារទីក្រុងម៉ូស្គូដូចគ្នា៕