Alynana Media Cambodia
Icon Collap
clinic narit

ចិនប្រមូលទិញមាសទុកច្រើនបំផុតនៅជាង ៣ឆ្នាំមកនេះ ក្នុងគោលបំណងរើខ្លួនចេញពីឥទ្ធិពលប្រាក់ដុល្លាររបស់អាមេរិក

Admin Alynana | Dec 09, 2022
ចិនប្រមូលទិញមាសទុកច្រើនបំផុតនៅជាង ៣ឆ្នាំមកនេះ ក្នុងគោលបំណងរើខ្លួនចេញពីឥទ្ធិពលប្រាក់ដុល្លាររបស់អាមេរិក
Clinic narith

ធនាគារកណ្តាលរបស់ប្រទេសចិន បានបង្កើននូវការបម្រុងទុកមាសរបស់ខ្លួនច្រើនបំផុតជាលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ ដែលជាសញ្ញាបញ្ជាក់ច្បាស់ៗថា វាជាការប៉ុនប៉ងរបស់ក្រុងប៉េកាំង ក្នុងការបង្កើតជម្រើសផ្សេងចេញពីឥទ្ធិពលប្រាក់ដុល្លារអាមេរិក ចំពេលដែលវិបត្តិសាកលកំពុងកើតឡើង ដូចជាការដំឡើងអត្រាការប្រាក់គោល អតិផរណាឡើងខ្ពស់ និងការដាក់ទណ្ឌកម្មផ្សេងៗមកលើប្រទេសរុស្ស៊ីជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។

ធនាគារ​កណ្តាលចិន បាន​ប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២២​​ថា ខ្លួន​​បាន​បង្កើន​​ចំនួនមាស​បម្រុងទុក​ប្រមាណ ៣២តោនបន្ថែមទៀតក្នុងខែវិច្ឆិកាកន្លងទៅនេះ ដែលមានតម្លៃប្រហែលជិត​២ពាន់លានដុល្លារ ដែល​​វា​គឺ​ជាការកើនឡើងខ្ពស់ជាលើកដំបូង គិត​ចាប់តាំង​ពីខែកញ្ញា ឆ្នាំ​២០១៩មក។

សរុបជារួម ធនាគារ​កណ្តាលចិន បាន​រក្សាទុកមាសដល់ចំនួនជិត​២ពាន់តោនហើយ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានតម្លៃប្រហែល ១១២ពាន់លានដុល្លារ ពោលគឺធនាគារកណ្ដាលចិន ត្រូវបានចាត់ទុកថា​ ​ជាធនាគារ​កណ្តាល​ធំបំផុតទី៦ក្នុងពិភពលោក ​ដែលមានការរក្សាទុកមាសច្រើនបំផុត​បន្ទាប់ពីរុស្ស៊ី អាល្លឺម៉ង់ និងអាមេរិក។ នេះបើតាម​ទិន្នន័យបញ្ជាក់ដោយសារព័ត៌មាន Bloomberg។

ក្នុងអំឡុង​ត្រីមាស​ទី៣ នៃឆ្នាំ​២០២២នេះ​ មាន​មនុស្សជាច្រើន​ដែលគេមិនស្គាល់ប្រភព បាន​ប្រមូលទិញមាស​យ៉ាងច្រើន​សម្បើមនៅក្នុងទីផ្សារ ហើយក្នុងចំណោមនោះ​ មានមនុស្សតិចតួចប៉ុណ្ណោះ បាន​បង្ហាញការទិញ​​ជាសាធារណៈ។ គេបាន​ប៉ាន់ស្មាន​ថា ប្រភ​ពដែលទិញមាសនោះ អាចជា​ចិន ឬ រុស្ស៊ី។

ក្នុងពេល​ជាមួយគ្នានេះដែរ ទុនបម្រុងអន្តរជាតិ​ ដែលរក្សា​​កាន់កាប់ដោយធនាគារ​កណ្តាលចិន ដែលរួមមាន​ទាំងមាសផងនោះ គឺ​បានកើនឡើងបន្ថែមជាង ៦៥ ពាន់លានដុល្លារទៀត​កាលពីខែ​មុន នាំឲ្យទុនបម្រុងអន្តរជាតិសរុប​បានកើនដល់ជាង ៣ទ្រីលានដុល្លារ ដែលខ្ពស់​ជាងការរំពឹងទុក។

កាលពីថ្ងៃទី៧ ខែធ្នូ តម្លៃមាស​បច្ចុប្បន្នមានដល់ជិត ១ពាន់​៨រយ​ដុល្លារ ក្នុង១អោន ឬស្មើនឹង​ជាង៨ជីមាស ហើយតម្លៃមាសនេះ បើធៀបនឹងខែមុន គឺកើនឡើងជាង ៥%។

គួរដឹងដែរថា ក្នុងប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ចិន​បាន​បង្កើន​ការរើខ្លួនចេញពី​ប្រព័ន្ធហិរញ្ញវត្ថុ​ដែលគ្របដណ្តប់ដោយអាមេរិក ខណៈដែល​ភាពតានតឹង​ភូមិសាស្រ្តនយោបាយ​ រវាង​មហាអំណាច​ទាំងពីរ​គឺនៅតែខ្ពស់ ហើយ​ផលប៉ះពាល់ដែល​បណ្តាល​មក​​ពីការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ក្រុងវ៉ាស៊ីងតោន ទៅលើ​រុស្ស៊ី ប្រៀបដូចជា​សំឡេងកណ្តឹង​ដាស់តឿន​ឱ្យក្រុងប៉េកាំង​ ត្រូវត្រៀម​​ដកខ្លួនចេញពី​ឥទ្ធិពល​របស់​លោកខាងលិចដូច្នោះដែរ។

សូមរំលឹកថា ក្រុមប្រឹក្សាមាសពិភពលោក បាន​និយាយកាលពីខែមុនថា ធនាគារកណ្តាលសាកល បានទិញមាសចំនួន ៣៩៩តោន ក្នុងឆមាសទី៣ ឆ្នាំ​២០២២ ដោយវាជាចំនួនច្រើនបំផុត​ក្នុងការទិញ​មាស​តែ​ត្រឹម​រយៈពេល ៣ខែ។ ក្នុងនោះ ធនាគារ​ដែលទិញមាសច្រើនៗ មិន​បាន​ទម្លាយ​ឱ្យជាសាធារណៈឡើយ ដែលធ្វើឱ្យមានការប៉ាន់ស្មានថា ធនាគារ​ទាំងនោះ អាច​ជារបស់​ចិន និងរុស្ស៊ី៕