ក្រោយពិនិត្យឃើញថា នៅក្នុងរយៈពេល ០២ខែចុងក្រោយនេះ ថ្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ចុះខ្លាំង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ក្ខាប្រមាញ់ និងនេសាទ ចាត់ថ្នាក់ដឹកនាំចូលរួមកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ផ្តល់យោបល់ និងកំណត់ដំណោះស្រាយចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុកនេះ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការអះអាងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០២២។
បើតាមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា ដោយពិនិត្យឃើញថា ក្នុងរយៈពេល ០២ខែចុងក្រោយនេះ ថ្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ចុះ ក៏ដូចជាតបតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីឱ្យជួយដោះស្រាយបញ្ហានេះ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ផ្តល់យោបល់ និងស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក និងការធានាស្ថិរភាពថ្លៃសាច់ជ្រូកនៅលើទីផ្សារ។ ក្នុងន័យនេះ រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ក្ខាប្រមាញ់ និងនេសាទ បាត់ថ្នាក់ដឹកនាំ ១ រូបអមដោយមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំនេះនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះ នឹងដឹកនាំដោយ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គួរជម្រាបដែរថា កាលពីពេលថ្មីៗនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏បានអះអាងដែរថា សព្វថ្ងៃនេះតម្លៃលក់ជ្រូករស់នៅតាមបណ្តាខេត្តក្រុង គឺឋិតនៅលើមាត់ឈ្មួញកណ្តាលដើរប្រមូលទិញរាល់ថ្ងៃ ដែលបណ្តាលឲ្យតម្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ថ្លៃយ៉ាងគំហុក។ ដូច្នេះដើម្បីពង្រឹង និងកុំឲ្យតម្លៃទីផ្សារជ្រូករស់ធ្លាក់ចុះបន្តទៀត សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់បងប្អូនកសិករ និងកសិដ្ឋានទាំងអស់ ត្រូវចូលរួមពង្រឹងតម្លៃលក់ជ្រូករស់ឲ្យបានចាប់ពី ៦ពាន់៧រយរៀល ក្នុងមួយគីឡូក្រាមឡើងទៅ ខណៈបច្ចុប្បន្នតាមបណ្តាក្រុមហ៊ុនធំៗទាំងអស់គឺ អាចលក់បានតម្លៃ ៧ពាន់៤រយរៀល ក្នុងមួយគីឡូក្រាមឯណោះ។
លោក ស្រ៊ុន ពៅ បានបញ្ជាក់បន្ថែមថា នៅពេលដែលទីផ្សារជ្រូកធ្លាក់ចុះខ្លាំងបែបនេះ វាបានធ្វើឲ្យកសិករចិញ្ចឹមជ្រូកត្រូវប្រឈមនឹងការខាតបង់ច្រើន ពោលគឺទោះបីជាលក់បានតម្លៃទាបត្រូវខាតថ្លៃដើមក្តី ប៉ុន្តែកសិករនៅពេលដែលជ្រូកដល់ពេលប្រមូលផលលក់ហើយនោះ គឺត្រូវតែលក់ចេញតែម្តង បើទោះបីជាត្រូវខាតពាក់កណ្តាលថ្លៃដើមក៏ដោយ៕