ព្រះសីហនុ៖ អាជ្ញាធរបានបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅចំណុចឃ្លាំងជួលមួយកន្លែងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយរឹបអូសបានគ្រឿងញៀនចំនួន ៣៤បាវ ដែលស្មើនឹង ៨៨៤គីឡូក្រោម។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានគូសបញ្ជាក់ថា ការឈានដល់ការបង្រ្កាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំបែបនេះ ក្រោយពីកងកម្លាំងរាជអាវុធហត្ថខេត្តបានបើកការស្រាវជ្រាវក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ លោក ចន្ទ ដារិទ្ធ ទើបអាចបង្រ្កាបបាននូវបទល្មើសគ្រឿងញៀនដ៏ធំមួយនេះ។
ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននេះ ជនល្មើសមិនបាននៅទីតាំងលាក់ទុកគ្រឿងញៀននោះទេ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ។ ចំណែកគ្រឿងញៀនទាំងនេះ អាជ្ញាធរបានយកមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី៕