(ចិន)៖ ធនាគារនៅប្រទេសចិនកំពុងបើកដំណើរការឥណទានជាង ៣ ពាន់ពាន់លានយន់ប្រហែល ៤៣១ ពាន់លានដុល្លារនៅក្នុងបន្ទាត់ឥណទានសម្រាប់ក្រុមហ៊ុនអចលនទ្រព្យដែលកំពុងខ្វះខាតសាច់ប្រាក់ ដោយស្នើឱ្យមានការផ្ដោតជាបណ្តោះអាសន្នលើការធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ច ជុំវិញការកាត់បន្ថយបំណុលរបស់ឧស្សាហកម្មមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិនដែលជាធនាគារគ្រប់គ្រងដោយរដ្ឋដ៏ធំបំផុតរបស់ប្រទេសនេះ បានប្រកាសផែនការផ្ដល់ថវិកាជាង ៩៤ ពាន់លានដុល្លារនៅក្នុងបន្ទាត់ឥណទាន (Credit Lines) សម្រាប់អ្នកខ្ចីចំនួន ១២ ស្ថាប័ន រួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលំដាប់កំពូល Country Garden Holdings ផងដែរ។
បន្ទាត់ឥណទានសរុប ដែលបានប្រកាសដោយធនាគារធំៗរបស់រដ្ឋ និងក្នុងតំបន់នេះបានកើនឡើងជាង ៤៥៨ ពាន់លានដុល្លារអាមេរិក។ ការបង្កើនចំនួនប្រាក់កម្ចីទាំងនេះនឹងជួយសម្រួលដល់ប្រាក់កម្ចីអភិវឌ្ឍន៍អចលនទ្រព្យ ដែលមិនទាន់សងបានប្រហែល ២៥% ពីចំនួនសរុបជិត ២ទ្រីលានដុល្លារនៅចុងខែកញ្ញា។
ឥណទានថ្មីនេះ បានផ្ដល់នូវការបន្ថូរបន្ថយបន្ទុកហិរញ្ញវត្ថុ សម្រាប់វិស័យអចលនទ្រព្យដែលជំពាក់បំណុលគេខ្លាំង ដែលវាបានចោលទម្ងន់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ប្រទេសចិន។ ដូចគ្នានឹងការផ្លាស់ប្ដូរថ្មីៗនេះ ក្នុងការបន្ធូរបន្ថយការរឹតបន្តឹងទាក់ទងនឹងជំងឺកូវីដនេះដែរ ជំនួយដែលជួយដល់ក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យនេះបានបង្ហាញថា ការដឹកនាំរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង គឺផ្តោតលើការជួយដល់សេដ្ឋកិច្ច។
ធនាគារ China Construction Bank និងធនាគារ Agricultural Bank of China ដែលជាធនាគាររដ្ឋដ៏ធំបំផុតទី២ និងទី៣របស់ប្រទេសនេះមិនបានបង្ហាញពីការដាក់ចេញបន្ទាត់ឥណទានជាក់លាក់នោះទេ ដូច្នេះហើយជំនួយបន្ថែមទៀតដល់វិស័យនេះ អាចនឹងមានទៀតក្នុងពេលខាងមុខ។
សូម្បីតែការជំរុញបង្កើនដែលបានប្រកាសនេះនឹងមិនដោះស្រាយបញ្ហាបំណុលបានភ្លាមៗនៅក្នុងឧស្សាហកម្មអចលនទ្រព្យក៏ពិតមែន ប៉ុន្តែក្រុមអ្នកអភិវឌ្ឍន៍មានបំណុលជាច្រើនរួមទាំងគណនីដែលត្រូវបង់ និងផ្ទះដែលត្រូវបានលក់ ប៉ុន្តែមិនទាន់ប្រគល់ឱ្យអតិថិជនជាដើម។
វិធានការជំនួយថ្មីដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលកាលពីថ្ងៃទី២៣ ខែវិច្ឆិកានេះបានបន្ទន់ជំហរតឹងតែងរបស់ទីក្រុងប៉េកាំងលើការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យ។ នៅឆ្នាំ២០២០ និង២០២១ រដ្ឋាភិបាលបានប្រកាសពីការរឹតបន្តឹងមួយចំនួនដូចជា«បន្ទាត់ក្រហម៣» ដែលរួមទាំងដែនកំណត់សមាមាត្របំណុលទៅនឹងភាគហ៊ុន និងការកម្រិតលើប្រាក់កម្ចីអចលនទ្រព្យ។
សូមបញ្ជាក់ថា វិស័យអចលនទ្រព្យមាបានរួមចំណែកប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនរួមទាំងឧស្សាហកម្មពាក់ព័ន្ធផងដែរ។ រាល់ការផ្លាស់ប្តូរឥណទានចំពោះវិស័យអចលនទ្រព្យ គឺមានផលប៉ះពាល់ធំធេងណាស់សម្រាប់សេដ្ឋកិច្ចចិន។
គិតតាមតម្លៃ ការលក់លំនៅឋាននៅក្រុមហ៊ុនកំពូលទាំង ១០០ នៅប្រទេសចិន បានធ្លាក់ចុះជាង ២៥% បើធៀបនឹងឆ្នាំមុនកាលពីខែវិច្ឆិកាឆ្នាំ២០២១ ហើយបានធ្លាក់ចុះប្រហែលពាក់កណ្តាលបើធៀបនឹងខែវិច្ឆិកាឆ្នាំ២០២០។ នេះបើតាមព័ត៌មានអចលនទ្រព្យរបស់ប្រទេសចិន។ ភាពចលាចលនៃទីផ្សារលំនៅឋានបានបង្កឱ្យមានភាពចលាចលក្នុងសង្គមដូចជាការធ្វើកូដកម្មប្រឆាំងកម្ចីផ្ទះ ដោយក្រុមអ្នកទិញផ្ទះផ្អាកការបង់សងទៅធនាគារ ដោយសារការសាងសង់ផ្ទះរបស់ពួកគេត្រូវបានផ្អាក ឬសង់មិនទាន់រួចរាល់តាមកាលកំណត់ជាដើម៕