(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការហួសចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលបានចោទប្រកាន់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សា និងរស់នៅក្នុងតំបន់អឺរ៉ុបមកជួបសម្តេច គឺជាការជួញដូរ ឬក៏ជួលជាដើម។
ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយប្រជាពលខ្មែរជិត ២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការចោទប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលមកទទួលស្វាគមន៍ និងគាំទ្រសម្តេចនៅទីក្រុងព្រុចសែលថា ជាការទិញដូរ ឬជួលនោះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ឬបំពានសិទ្ធិពលរដ្ឋ ខណៈបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយ ដែលក្រុមប្រឆាំងមួយចំនួនធ្លាប់នៅក្នុងប្រទេសកម្ពុជា ហើយមករស់នៅក្រៅប្រទេស តែងវាយប្រហារថា នរណាដែលមកចូលរួមជាមួយគណបក្សប្រជាជន ឬក៏មកជួបសម្តេចនោះ គឺអាយ៉ងទាំងអស់ ឬយួនទាំងអស់។ យ៉ាងណាក៏ដោយសម្តេចតេជោបានបញ្ជាក់ថា ការលើកឡើងរបស់ក្រុមប្រឆាំងទាំងនោះ គឺជាទម្លាប់ដ៏អាក្រក់របស់ពួកគេទៅហើយ ហើយការចោទប្រកាន់របស់ក្រុមជ្រុលនិយមទាំងនោះ ក៏មិនមែនជាលើកទីមួយដែរ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើទៅក្រុមប្រឆាំងប៉ុន្មាននាក់ដែលកំពុងរស់ នៅប្រទេសបារាំង ហើយប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្តេចនៅបារាំងនាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២នេះផងដែរថា ការប្រមូលផ្តុំរបស់ក្រុមប្រឆាំងទាំងនោះមានមនុស្សប៉ុន្មាននាក់ ខណៈវត្តមានបងប្អូនប្រជាពលរដ្ឋមកទទួលស្វាគមន៍សម្តេចរហូតដល់ជិត ២០០០នាក់។
ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីក្រុមប្រឆាំង ដែលចង់កម្ចាត់ត្រកូលហ៊ុនផងដែរ។ ដោយសម្តេចបានលើកឡើងបែបចំអកថា អ្នកដែលចង់កម្ចាត់ត្រកូលហ៊ុន ទោះបីជា៥០០ជាតិទៀត មិនទាន់ធ្វើអ្វីដល់សម្តេចបានផង៕