(កុងហ្គោ)៖ អធិការនគរបាលទីក្រុងលោក Sylvano Kasongo បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងតិច ១០០នាក់បានស្លាប់នៅក្នុងរដ្ឋធានី Kinshasa សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់ និងបណ្តាលឱ្យមានបំណាក់ដី។
ទីក្រុងទាំងមូលត្រូវបានជន់លិចដោយទឹកភក់ ហើយលំនៅឋាន និងផ្លូវជាច្រើនកន្លែងបានខូចខាត រួមទាំងផ្លូវ Highway ទៅកាន់កំពង់ផែសមុទ្រ Matadi។ រូបភាពបានបង្ហាញពីផ្លូវធំមួយកន្លែងដែលកកកុញដោយមនុស្ស និងរថយន្ត ដែលភ្លាមៗនោះបានបាក់ស្រុតបណ្តាលឲ្យមានជង្ហុកធំ។ ប្រជាជនបានដាក់កំហុសលើរដ្ឋាភិបាល ចំពោះហេដ្ឋារចនាសម្ព័ន្ធមិនធន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងបំណាក់ដី។
យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ផ្លូវ Highway ដែលជាផ្លូវធំតភ្ជាប់ទីក្រុង Kinshasa ទៅកាន់ទីក្រុងផ្សេងទៀតបានបាក់ដាច់ ប៉ុន្តែនឹងត្រូវបើកឡើងវិញក្នុងរយៈពេល ៣ទៅ ៤ថ្ងៃខាងមុខ។ ទីក្រុង Kinshasa ងាយរងគ្រោះដោយសារទឹកជំនន់ភ្លាមៗបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលកាន់តែញឹកញាប់ដោយសារតែបម្រែបម្រួលអាកាសធាតុ៕