(វៀតណាម)៖ ប្រទេសវៀតណាមបានកំណត់គោលដៅបង្កើនការវិនិយោគបរទេសទ្វេដងក្នុងវិស័យកសិកម្មដែលអាចនឹងមានតម្លៃដល់ទៅ ៣៤ ពាន់លានដុល្លារនៅចុងឆ្នាំ២០៣០។ ទោះយ៉ាងណា មានចំណុចខ្វះខាត និងដែនកំណត់មួយចំនួន ដែលប្រទេសក្បែរខាងកម្ពុជាមួយនេះត្រូវតែដោះស្រាយជាបន្ទាន់ ដើម្បីសម្រេចបាននូវគោលដៅនេះ។ នេះបើយោងតាមអ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញឧស្សាហកម្មបានឱ្យដឹង។
លោកស្រី តា ធូ ត្រាង (Tạ Thu Trang) អ្នកគ្រប់គ្រង និងស្រាវជ្រាវនៃវិទ្យាស្ថានគោលនយោបាយ និងយុទ្ធសាស្ត្រ ស្ថិតក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD)វៀតណាម បាននិយាយថា វិស័យកសិកម្មរបស់ប្រទេសនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
ចាប់ពីឆ្នាំ២០១០-២០២០ វិស័យកសិកម្មវៀតណាមរក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យមជាង ២,៨% ហើយវៀតណាមក៏មានចំណែកទីផ្សារ ១២% នៃការនាំចេញអង្ករសរុបរបស់ពិភពលោកផងដែរ។
វិនិយោគិនបរទេសបានដើរតួនាទីយ៉ាងសំខាន់ដែលធ្វើឱ្យវៀតណាមទទួលបានភាពជោគជ័យក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មរបស់ខ្លួនតាមរយៈការបង្កើតបច្ចេកវិទ្យាទំនើបៗ និងការបង្កើតការងាររាប់ពាន់កន្លែង។ ទោះយ៉ាងណាក៏ដោយ វានៅតែមានសក្តានុពលជាច្រើនទៀតដែលមិនបានប្រើប្រាស់នៅឡើយនៅក្នុងវិស័យនេះ។
លោកស្រី ត្រាង បាននិយាយថា ក្នុងអំឡុងឆ្នាំ២០០៩-២០២១ វិនិយោគិនបរទេសបានចុះបញ្ជីជាមួយគម្រោងចំនួន ២០០០គម្រោងតែប៉ុណ្ណោះ គឺស្មើនឹង ៥,៧% នៃគម្រោងវិនិយោគសរុបនៅវៀតណាម ដោយមាននៅក្នុងទឹកប្រាក់វិនិយោគសរុប ១៧,៦៤ ពាន់លានដុល្លារ ឬស្មើ ៤,៣% នៃទុនវិនិយោគសរុប។
ទោះយ៉ាងណា លោកស្រីបានបន្តថា សម្រាប់ប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មដូចជាវៀតណាម បរិមាណនៃការវិនិយោគបរទេសនៅក្នុងចំនួនប៉ុណ្ណោះ គឺល្អណាស់ហើយ។
លោកស្រីបានបន្ថែមថា ភាគច្រើននៃគម្រោងទាំងនោះ គឺមកពីបណ្តាប្រទេសអាស៊ី ដែលភាគច្រើនបានពង្រីកទៅតំបន់នៅជុំវិញទីក្រុងហាណូយ និងដីសណ្ដទន្លេមេគង្គដោយសារតែហេដ្ឋារចនាសម្ព័ន្ធនៅទីនោះមានការអភិវឌ្ឍ។
លោកបណ្ឌិត ង្វៀន អាញ់ ផុង (Nguyễn Anh Phong) ប្រធានមជ្ឈមណ្ឌលព័ត៌មានរបស់ វិទ្យាស្ថាន MARD បាននិយាយថា ដើម្បីនាំការវិនិយោគបរទេសក្នុងវិស័យកសិកម្មវៀតណាមឱ្យកើនដល់ ៣៤ ពាន់លានដុល្លារត្រឹមដំណាច់ឆ្នាំ២០៣០នោះ គឺចាំបាច់ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មធំៗលើគ្រប់វិស័យជាពិសេសក្នុងការផ្ទេរបច្ចេកវិទ្យាតែម្ដង។
ទោះជាយ៉ាងណា វាមានសារៈសំខាន់ណាស់ក្នុងការផ្តោតលើការជំរុញខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុកសម្រាប់ធាតុចូលសំខាន់ៗដែលវៀតណាមជាប្រពៃណីពឹងផ្អែកខ្លាំងពេក លើការនាំចូល ដូចជាគ្រាប់ពូជ ចំណីសត្វ ជី វ៉ាក់សាំង ឱសថ ថ្នាំសម្លាប់សត្វល្អិត កម្មវិធីគ្រប់គ្រង សាច់ និងបច្ចេកវិទ្យាកែច្នៃផ្សេងៗជាដើម។
អ្នកជំនាញអះអាងថា ដើម្បីបង្កើនការវិនិយោគពីបរទេសទ្វេដងលើវិស័យកសិកម្មនៅវៀតណាមចាប់ពីឥឡូវនេះ ទៅដល់ឆ្នាំ២០៣០អាចសម្រេចទៅបាន វៀតណាមត្រូវមានផែនការសកម្មភាពឲ្យបានម៉តចត់ និងត្រូវតែអនុវត្តវាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕