នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាលបានរៀបចំពិធីសម្ពោធបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៤១ ជាផ្លូវការហើយ។ ដោយការបើកការដ្ឋានសាងសង់នេះ គឺមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ការសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នេះមានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ពីថ្នល់ទទឹង ខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី ខេត្តកំពត ដែលឆ្លងកាត់ខេត្តចំនួន៤គឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត។ ហើយផ្លូវនេះផងដែរ នឹងត្រូវសាងសង់ក្រាលបេតុកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ ម៉ែត្រ។
តាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ ៤១ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ក៏ដូចជាតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជា កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្មដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ដែលនៅតាមបណ្តាខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ លេខ៤ លេខ៣១ និងលេខ៣៣។
សូមជម្រាបថា គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ នេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦ ដោយគ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕