អ្នកជំនាញក្នុងវិស័យទេសចរណ៍អះអាងថា ទោះបីចរន្តភ្ញៀវទេសចរចិន ដែលចូលមកកម្ពុជានៅមិនទាន់មានភាពច្បាស់លាស់ ប៉ុន្តែកម្ពុជារំពឹងថា នឹងអាចទទួលបានទេសចរជនជាតិចិនប្រមាណចន្លោះពី ២០ ទៅ៣០ម៉ឺននាក់ក្នុងឆ្នាំនេះ។
ការលើកឡើងពីក្ដីសង្ឃឹមនេះ ធ្វើឡើងនៅក្រោយពេលដែលរដ្ឋាភិបាលចិន បានប្រកាសនឹងបើកប្រទេសសម្រាប់ការធ្វើដំណើរពីអន្តរជាតិឡើងវិញចាប់ពីថ្ងៃទី ៨ ខែមករានេះតទៅ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន ក៏បានប្រកាសស្វាគមន៍ភ្ញៀវទេសចរចិនយ៉ាងកក់ក្ដៅ ទោះបីជាបច្ចុប្បន្នស្ថានភាពឆ្លងកូវីដ១៩កំពុងបន្ដរីករាលដាលនៅក្នុងប្រទេសចិន និងមានប្រទេសខ្លះមានការរឹតត្បិតលើអ្នកដំណើរពីប្រទេសចិនចូលក្នុងទឹកដីរបស់ខ្លួនយ៉ាងណាក្ដី។
យោងតាមក្រសួងទេសចរណ៍ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣ ក្រោយវិបត្តិជំងឺឆ្គងកូវីដ១៩ បានធូរស្រាល ស្របតាមនិន្នាការថ្មីៗ និងការណ៍ដែលរដ្ឋាភិបាលចិនបានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស និងការបើកទទួលទេសចរអន្តរជាតិឡើងវិញ បានផ្តល់នូវកាលានុវត្តភាពដល់បណ្តាប្រទេសជាគោលដៅទេសចរណ៍នៅលើពិភពលោក រួមទាំងកម្ពុជា ក្នុងការស្វាគមន៍ទទួលទេសចរចិនឡើងវិញ។ សក្ដានុពលយ៉ាងធំ នៃវិនិយោគិន និងទេសចរចិនមកកម្ពុជា នឹងរួមចំណែកដល់ការរីកចម្រើននវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ជាមួយការត្រឡប់មកវិញនៃទេសចរចិន កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៥ ដូចការគ្រោងទុកក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩។
ពាក់ព័ន្ធនឹងទេសចរជនជាតិចិននេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក យល់ឃើញថា ចរន្តភ្ញៀវទេសចរចិន ដែលចូលមកកម្ពុជា ក្នុងឆ្នាំ២០២៣ នៅតែមានភាពមិនទាន់ច្បាស់លាស់ បើទោះជា រដ្ឋាភិបាលចិនប្រកាសបើកទ្វារប្រទេសទទួលអ្នកដំណើរអន្តរជាតិ ចេញ-ចូល ប្រទេសចិនឡើងវិញ នៅថ្ងៃទី០៨ ខែមករានេះតទៅក៏ដោយ។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ បញ្ជាក់ឱ្យដឹងថា ការត្រឡប់មកវិញនៃទេសចរចិន និងតាមរយៈទំនាក់ទំនងនៃការវិនិយោគរវាងប្រទេសទាំងពីរ លោករំពឹងថាកម្ពុជា នឹងអាចទទួលបានទេសចរចិនប្រមាណចន្លោះពី ២០ម៉ឺន ទៅ៣០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣នេះ។
បើតាមក្រសួងទេសចណ៍ មុនវិបត្តិជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩, ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ ១៥៥លាននាក់ ស្មើនឹង ១០% នៃទេសចរពិភពលោក នាំមកនូវចំណាយទេសចរណ៍ប្រមាណ ២៥៨ពាន់លានដុល្លារ ស្មើនឹង ១ ភាគ ៥ នៃចំណាយទេសចរណ៍ពិភពលោក។ ទន្ទឹមនេះ ទេសចរចិនមកកម្ពុជា នៅឆ្នាំ២០១៨ មានជាង ២លាន៣សែននាក់ ស្មើនឹងជិត ៣៦% នៃទេសចរអន្តរជាតិសរុប ៦លាន៦សែននាក់ គិតជាចំណូលស្មើប្រមាណ ១ពាន់៨រយលានដុល្លារ លើចំណូលទេសចរណ៍សរុបប្រមាណ ៥ពាន់លានដុល្លាររបស់កម្ពុជា។ ខណៈដែល ឆ្នាំ២០១៩ កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ឋ និងទេសចរណ៍ប្រមាណជាង ៥០% នៃទុនវិនិយោគបរទេសសរុបរបស់កម្ពុជាផងដែរ។
ដោយឡែក នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ១លាន៩សែននាក់ កើនឡើងជាង ១០០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះ ភ្ញៀវទេសចរដែលបានចូលមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ គឺភ្ញៀវទេសចរមកពីប្រទេសថៃ ដែលមានចំនួនជាង ៧២ម៉ឺននាក់ បន្ទាប់មកគឺភ្ញៀវទេសចរវៀតណាម មានជាង៤០ម៉ឺននាក់ ខណៈភ្ញៀវទេសចរចិន មានប្រមាណ ៩ម៉ឺននាក់។ នៅឆ្នាំ២០២៣ កម្ពុជារំពឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាង ៣លាននាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕