(ភ្នំពេញ)៖ បើទោះបីជា នៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានការប្រារព្ធរៀបចំកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងមានតម្រូវការទំនិញកើនឡើង ពិសេសសាច់ជ្រូកក៏ដោយចុះ ប៉ុន្ដែ អ្នកជំនាញនៅក្នុងវិស័យចិញ្ចឹមជ្រូកហាក់មិនសូវមានក្ដីរំពឹងថា វានឹងអាចជួយជំរុញឲ្យតម្លៃសាច់ជ្រូកឡើងថ្លៃមកវិញនោះទេ ខណៈដែលបច្ចុប្បន្ន តម្លៃជ្រូករស់នៅតែមិនទាន់អាចងើបឡើងខ្ពស់ត្រឡប់មកវិញនៅឡើយ ខណៈដែលខាងក្រសួងពាក់ព័ន្ធក៏កំពុងស្វែងរកដំណោះស្រាយចំពោះបញ្ហានេះដែរ។
ជាក់ស្ដែង បច្ចុប្បន្ន តម្លៃជ្រូករស់ក្នុងស្រុក អាចលក់បានក្នុងតម្លៃចាប់ពី ៧ពាន់រៀល ទៅ ៨ពាន់រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ នេះបើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។
លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ជាការពិតបញ្ហាធ្លាក់ចុះនៃតម្លៃជ្រូករស់ក្នុងស្រុក នៅតែជាកត្តាប្រឈមសម្រាប់វិស័យកសិសកម្ម ពិសេសសម្រាប់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុកតែម្ដង ហើយលោកក៏មិនសូវមានក្ដីរំពឹងដែរថា នៅពេលពិធីបុណ្យឆ្នាំចិន ដែលនឹងឈានមកដល់ នាពេលដ៏ខ្លីខាងមុខនេះ តម្លៃជ្រូករស់ក្នុងស្រុកនឹងកើនឡើងខ្លាំងនោះ។ បើតាមលោកស្រ៊ុនពៅ សព្វថ្ងៃនេះ កសិករអាចលក់ជ្រូករស់ក្នុងស្រុកបានក្នុងតម្លៃចាប់ពី ៧ពាន់រៀល ទៅ ៨ពាន់រៀល ក្នុងមួយគីឡូក្រាម។
យ៉ាងណាក៏ដោយ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា ក៏បានអំពាវនាវផងដែរ ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យបន្តគាំទ្រនូវផលិតផលក្នុងស្រុក ដើម្បីចូលរួមលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា។ លោកក៏បន្តអំពាវនាវដល់បណ្ដាអាជីវករលក់សាច់ជ្រូកនៅតាមទីផ្សារទាំងអស់ កុំមានការឡើងថ្លៃខ្លាំងនូវតម្លៃសាច់ជ្រូក ថែមទាំងអំពាវនាវដល់រាជរដ្ឋាភិបាលនិងអជ្ញាធរពាក់ព័ន្ធនានា បង្កើនការបញ្ចេញជ្រូកដែលនៅសល់ក្នុងស្រុក និងជំរុញការនាំចេញសត្វជ្រូករស់ទៅទីផ្សារខាងក្រៅ ផងដែរ។
ជុំវិញបញ្ហានេះត្រូវបានឈ្មួញទិញជ្រូកពីកសិករផ្ទាល់ និងជាអាជីវករលក់សាច់ជ្រូកដែលសុំមិនបញ្ចេញឈ្មោះបានអះអាង បច្ចុប្បន្ន គាត់បានទិញជ្រូករស់ពីកសិករក្នុងតម្លៃ ៨ពាន់រៀលក្នុងមួយគីឡូក្រាម។ ចំណែកឯ តម្លៃសាច់ជ្រូកដែលដាក់លក់នៅលើទីផ្សារវិញ មានតម្លៃ ១ម៉ឺន៨ពាន់ ក្នុងមួយគីឡូក្រាម។ ដ្បិតថា ពិធីបុណ្យចូលឆ្នាំចិន អាចនឹងធ្វើឲ្យមានតម្រូវការសាច់ជ្រូកកើនឡើង តែអាជីវកររូបនេះ បានបញ្ជាក់ថា ជានិច្ចកាល គាត់មិនមានការដំឡើងថ្លៃសាច់ជ្រូកខុសទៅនឹងទីផ្សារនោះទេ ចំណែកឯ តម្លៃដែលទិញជ្រូករស់ពីកសិករក៏រក្សាតម្លៃទៅតាមទីផ្សារដូចគ្នា។
ដោយឡែក អ្នកចិញ្ចឹមជ្រូកនៅក្នុងខេត្តពោធិ៍សាត់ទៀត បានគូសបញ្ជាក់ថា សព្វថ្ងៃ តម្លៃជ្រូករស់អាចលក់បានត្រឹម ៧ ២០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម ខណៈកាលពីពិធីបុណ្យចូលឆ្នាំចិន នាឆ្នាំមុន តម្លៃជ្រូកអាចលក់បានរហូត ១ម៉ឺនរៀល ទៅ១ម៉ឺន១ពាន់រៀល ក្នុង១គីឡូក្រាម។ កសិកររូបនេះ នៅតែបង្ហាញពីក្ដីព្រួយបារម្ភខ្លាំង ចំពោះស្ថានភាពទីផ្សារជ្រូករស់នៅកម្ពុជា បើទោះបីជា កន្លងមក បញ្ហានេះត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជា មានការជួបប្រជុំគ្នាដើម្បីរកដំណោះស្រាយពីក្រសួងពាក់ព័ន្ធនានា ជាបន្តបន្ទាប់ ក៏ដោយ។ ប្រសិនបើតម្លៃជ្រូករស់មិនប្រសើរជាងពេលបច្ចុប្បន្ន ហើយការចំណាយលើចិញ្ចឹមជ្រូកនៅតែខ្ពស់នោះកសិករកាន់តែប្រឈមនូវការខាតបង់កាន់តែខ្លាំង និងឈានដល់បោះបង់ការចិញ្ចឹមក៏ថាបាន។
សូមបញ្ជាក់ថា ដើម្បីរកដំណោះស្រាយលើបញ្ហានៃការធ្លាក់ចុះតម្លៃជ្រូករស់ក្នុងស្រុក ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម បានជួបប្រជុំគ្នា ដើម្បីពិនិត្យ ផ្តល់យោបល់ និងកំណត់ដំណោះស្រាយលើបញ្ហានេះ ក្នុងការដោះស្រាយបញ្ហាធ្លាក់ចុះនៃតម្លៃជ្រូករស់ក្នុងស្រុក នាពេលបច្ចុប្បន្ន។ ក្នុងនោះ ភាគីពាក់ព័ន្ធស្នើដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពង្រឹងការទប់ស្កាត់ និងបង្កើនការបង្ក្រាបការនាំចូលសាច់ជ្រូកបង្កកដោយខុសច្បាប់, រួមគ្នាត្រួតពិនិត្យលើបច្ចេកទេស ព្រមទាំងអនាម័យទីតាំងដែលមានស្តុកផ្ទុកសាច់បង្កក អំពីលិខិតបទដ្ឋានដែលតម្រូវឲ្យមានក្នុងការនាំចូល និងបង្កើតក្រុមការងារអ្នកច្បាប់ ដើម្បីពិភាក្សាពិនិត្យមើលច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីលើកសំណើ កែសម្រួលឬធ្វើវិសោធនកម្ម ដើម្បីឲ្យមានសង្គតភាពក្នុងការអនុវត្តស្របតាមការអនុវត្តក្នុងប្រទេសក៏ដូចជាមានសង្គតភាពជាមួយយន្តការ ដែលតម្រូវដោយតំបន់និងសាកល ផងដែរ៕