កំណើនសេដ្ឋកិច្ចចិនរីកមាឌបាន ៣%គត់នៅពេញមួយឆ្នាំ២០២២ដែលបានបិទបញ្ចប់ថ្មីៗនេះ ហើយវាជាកំណត់ត្រាកំណើនទន់ខ្សោយបំផុតមួយ ក្នុងចំណោមអត្រាកំណើនតិចតួចបើធៀបនឹងកំណត់ត្រាដែលធ្លាប់ជួបកន្លងមក។ ការណ៍នេះក៏ដោយសារតែ ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទីពីរក្នុងពិភពលោកមួយនេះ ត្រូវបានយាយីមិនដាច់ស្រឡះពីវិបត្តិជំងឺឆ្លងសាកលកូវីដ១៩ គួបផ្សំនឹងគោលនយោបាយតឹងរ៉ឹងជ្រុល ហើយតម្រូវការបញ្ជាទិញពីក្រៅប្រទេសក៏មានសូវបានល្អផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ស្ថិតិផ្លូវការពីរដ្ឋអំណាចប៉េកាំងចេញផ្សាយនៅថ្ងៃអង្គារ១៧មករានេះឱ្យដឹងថា កំណើនសេដ្ឋកិច្ច៣% នៅឆ្នាំ២០២២ ហាក់ប្រាស់ចាកឆ្ងាយណាស់ពីគោលដៅរបស់រដ្ឋអំណាចក្រុងប៉េកាំងថា នឹងអាចសម្រេចបានដល់ទៅ ៥,៥%។ ស្ថិតិនេះគឺសមស្របទៅនឹងអ្វីដែលស្ថាប័នអន្តរជាតិធំៗជាច្រើន សុទ្ធតែបានព្យាករទម្លាក់សេដ្ឋកិច្ចចិននៅឆ្នាំ២០២២ទាំងអស់ ពោលគឺមិនមានស្ថាប័នណាមួយមានសុទិដ្ឋិនិយមចំពោះកំណើនរបស់ចិនឡើយ។
ដោយឡែក បើតាមស្ថិតិដដែល នៅត្រីមាសចុងក្រោយឆ្នាំ២០២២ GDP ចិនមានកំណើន២,៩% ថយចុះពីកំណើន ៣,៩% ដែលធ្លាប់មានកាលពីត្រីមាសទី៣។
គួរកត់សម្គាល់ថា បើគេមិនរាប់បញ្ចូលកំណើនសេដ្ឋកិច្ចកាលពីឆ្នាំ២០២០ ជាគ្រាដែលកូវីដ១៩វាយលុកខ្លាំង ហើយសម្រេចបានកំណើនត្រឹម ២,២%, អត្រា ៣%នៅឆ្នាំ២០២២ជាតួលេខដែលខ្សោយបំផុតមិនធ្លាប់បានជួប ចាប់តាំងពីឆ្នាំ១៩៧៦ គ្រាដែលចិននៅជាប្រទេសក្រីក្រនៅឡើយ។
បន្ថែមពីលើរបាយការណ៍ស្ថិតិខាងលើ សេចក្តីថ្លែងការណ៍ពីការិយាល័យជាតិស្ថិតិរបស់ចិន បានរៀបរាប់ថា មូលដ្ឋានគ្រឹះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក គឺមិនមានភាពរឹងមាំទេ ដោយសារស្ថានភាពអន្តរជាតិនៅតែមានភាពស្មុគស្មាញ និងកាន់តែធ្ងន់ធ្ងរទៅ ខណៈពេលដែលសម្ពាធក្នុងស្រុកចំនួនបីបានធ្លាក់ចុះមកផ្ទួនៗ ដូចជាតម្រូវការក្នុងស្រុក ខ្សែចង្វាក់ផ្គត់ផ្គង់ និងក្តីសង្ឃឹមរបស់អ្នកវិនិយោគសុទ្ធសឹងតែមានការថយចុះ។
សូមរំឭកថា មុននឹងមកជួបជាមួយកំណើនសេដ្ឋកិច្ចដ៏ខកបំណងមួយនេះ ចិនបានដើរអូសជើងជាមួយនឹងគោលនយោបាយសូន្យកូវីដរបស់ខ្លួន ដែលជាដើមចមនៃផលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់យ៉ាងខ្លាំង បង្កឡើងពីការបិទខ្ទប់ភ្លាមៗ និងទ្រង់ទ្រាយធំថែមទៀត។ ក្នុងនោះគេនៅចាំបានពីការបិទខ្ទប់ទីក្រុងហិរញ្ញវត្ថុដ៏សំខាន់គឺក្រុងសៀងហៃ រហូតដល់ទៅ២ខែពេញ។
ទោះបីបច្ចុប្បន្នគោលនយោបាយនេះ ត្រូវបានគេទាត់ចោលហើយក៏ពិតមែន តែអាជ្ញាធរចិននៅតែបារម្ភចំពោះស្ថានភាពសេដ្ឋកិច្ច។ បារម្ភនៅត្រង់ថា នឹងអាចមានរលកឆ្លងថ្មីហើយខ្លាំងជាងមុនទៀតនៅប៉ុន្មានខែក្រោយ ពោលគឺនៅបន្ទាប់ពីរដូវកាលបុណ្យចូលឆ្នាំចិន ដែលមានរយៈពេល៤០ថ្ងៃ បិទបញ្ចប់ទៅ។ រដូវកាលឈប់សម្រាកធំបំផុតរបស់ចិននេះ តែងតែមានចរន្តធ្វើដំណើររបស់ពលរដ្ឋរាប់លានជើងជារៀងរាល់ឆ្នំាំ។
សូមជម្រាបថា ការផ្ទុះឡើងនៃរលកឆ្លងខ្លាំងក្លាណាមួយក្នុងប្រទេសចិនដែលលើសពីសមត្ថភាពដែលគេអាចទប់ទល់បាន វានឹងត្រូវបន្ថែមទំងន់ទៅលើសេដ្ឋកិច្ចចិនដោយជៀសមិនរួច៕