(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចុះពិនិត្យដំណើរ ការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រៅតែពិនិត្យដំណើរការសាងសង់ហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយក្រុមការងារសាងសង់ កម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យ សរុបប្រមាណ ១,២០០នាក់ផងដែរ។
មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» គឺជាមន្ទីរពេទ្យ ដែលបានផ្តួចផ្តើមបង្កើត ឡើងក្រោមគំនិតផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីត្រៀមឆ្លើយតប នឹងជំងឺរាតត្បាតផ្សេងៗ។ ការសាងសង់មន្ទីរពេទ្យនេះ បន្ទាប់ពីកម្ពុជា បានទទួលការវាយប្រហារធ្ងន់ធ្ងរពីជំងឺកូវីដ១៩ កាលពីឆ្នាំ២០២១។
មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ហើយគ្រោងបញ្ចប់ការសាងសង់ និងបំពាក់បរិក្ខារនៅចុងខែមិថុនា ឆ្នាំ២០២៣។ មន្ទីរពេទ្យជាតិនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិ ដែលនឹងដើរតួនាទីគាំពារយ៉ាងសំខាន់ លើសុខមាលភាពប្រជាពលរដ្ឋ មានអគារសរុបចំនួន១១អគារ រួមមាន៖ អគាររដ្ឋបាល (A) អគារអន្តេវាសិកដ្ឋាន (S) អគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលជំងឺធ្ងន់មានមួយអគារ (H1 & H2) អគារសម្រាកព្យាបាលជំងឺស្រាលមាន ៥អគារ (H3-H7) អគារបច្ចេកទេស (T1) និងអគារបច្ចេកទេស (T2)។ បន្ថែមពីលើនោះ ក៏មានចំណតយានយន្តអាចផ្ទុករថយន្ត ២៨៥គ្រឿង និងម៉ូតូ ៥៤០គ្រឿង មានសួនច្បារបៃតងជិត ៦ពាន់ម៉ែត្រក្រឡា។
មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ។ ក្នុងនោះ គ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ។
មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួលអ្នកជំងឺ ដោយមិនមានការព្រួយបារម្ដនោះទេ ដោយមន្ទីរពេទ្យនេះ បំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដារ៕