Alynana Media Cambodia
Icon Collap
clinic narit

តើពាក្យថា “ប្រាក់បៀវត្ស” សំដៅដល់អត្ថប្រយោជន៍អ្វីខ្លះនៅក្នុងការគិតពន្ធ?

Admin Alynana | Jan 24, 2023
តើពាក្យថា “ប្រាក់បៀវត្ស” សំដៅដល់អត្ថប្រយោជន៍អ្វីខ្លះនៅក្នុងការគិតពន្ធ?
Clinic narith

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លេខ ៥៤៣ ស្ដីពី ពន្ធលើប្រាក់បៀវត្ស  ពាក្យ “ប្រាក់បៀវត្ស” សំដៅដល់ បៀវត្ស លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវ នានា និងអត្ថប្រយោជន៍បន្ថែម ដែលបានទូទាត់ឱ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោល ដល់និយោជិត ចំពោះការបំពេញសកម្មភាពបម្រើការងាររបស់និយោជិត។

ក- ពាក្យ “បៀវត្ស” សំដៅដល់ ប្រាក់ឈ្នួលដែលទូទាត់ជូននិយោជិតចំពោះការបំពេញការងារ ទោះជា មូលដ្ឋានគិតជាប្រាក់ម៉ោងឬប្រាក់ថ្ងៃឬប្រាក់សប្ដាហ៍ក្តី ឬជាអប្បបរមាក្តី ទោះជាបើកឱ្យដោយចំពោះ ឬមិនចំពោះក្តី ឬក៍បើកជាសាច់ប្រាក់ឬជាវត្ថុក្តី។ ពាក្យ“បៀវត្ស ក៍រួមបញ្ចូលផងដែរនូវប្រាក់ហានិភ័យ (ការងារ តំបន់ ឬសុខភាព) ប្រាក់វិភាជន៍គ្រួសារ (ប្រពន្ធ ឬ/និងកូន) ប្រាក់រំលឹក។

ខ- ពាក្យ“លាភការ” សំដៅដល់ រង្វាន់នៃការអនុវត្តការងារ ដែលបន្ថែមលើប្រាក់ឈ្នួល ក្នុងន័យជាសគុណ នៃការបំពេញកិច្ចការអ្វីមួយដល់និយោជក។

ឧទាហរណ៍៖ កញ្ញា ខ ជាគណនេយ្យករ នៅក្រុមហ៊ុន ក ដែលមានសកម្មភាពអាជីវកម្មជាគោលដើម គីផ្គត់ផ្គង់ផលិតផលកសិកម្ម។ កញ្ញា ខ ត្រូវបានក្រុមហ៊ុនអញ្ជើញឱ្យជួយថតផ្សាយពាណិជ្ជកម្មដែល ក្រុមហ៊ុននឹងផ្តល់កម្រៃពីការថតផ្សព្វផ្សាយពាណិជ្ជកម្ម។ ដូចនេះ ប្រាក់កម្រៃពីការថតផ្សាយពាណិជ្ជកម្ម របស់កញ្ញា ខ ត្រូវបានចាត់ទុកជា លាភការ។

គ- ពាក្យ“ប្រាក់បំណាច់” សំដៅដល់ ប្រាក់បំណាច់មុខងារ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាចំពោះកិច្ចសន្យា ការងារដែលមានកំណត់ថិរវេលា ឬប្រាក់បំណាច់អតីតភាពការងារចំពោះកិច្ចសន្យាការងារមានថិរវេលា មិនកំណត់ ឬប្រាក់បំណាច់បញ្ឈប់លែងឱ្យធ្វើការ និងប្រាក់បំណាច់ផ្សេងៗទៀត។

ឃ- ពាក្យ“បុព្វលាភ” សំដៅដល់ ប្រាក់រង្វាន់លើកទឹកចិត្ត ប្រាក់លើសផែនការ ប្រាក់បៀវត្សបន្ថែមលើប្រាក់បៀវត្សប្រចាំខែ និងប្រាក់លើកទឹកចិត្តប្រហាក់ប្រហែល ចំពោះការបំពេញការងាររបស់និយោជិត ដែលជាប្រយោជន៍អាជីវកម្មរបស់និយោជក។

ឧទាហរណ៍៖ ក្រុមហ៊ុន ក ជាក្រុមហ៊ុនអចលនទ្រព្យដែលទទួលបានប្រាក់ចំណូលលើសផែនការប្រចាំឆ្នាំ ហើយក្រុមហ៊ុនបានបើកប្រាក់រង្វាន់លើកទឹកចិត្តដល់និយោជិតម្នាក់ៗចំនួន ៣ខែ នៃប្រាក់បៀវត្សប្រចាំខែ។ ដូចនេះ ប្រាក់រង្វាន់លើកទឹកចិត្តដែលនិយោជិតទទួលបាន ត្រូវចាត់ទុកជា បុព្វលាភ។

ង- ពាក្យ “ប្រាក់ម៉ោងបន្ថែម" សំដៅដល់ ប្រាក់ដែលកម្មករនិយោជិតបានទទួលក្នុងក្របខ័ណ្ឌនៃការ ធ្វើការងារបន្ថែមម៉ោង ក្រៅម៉ោងពេលការងារជាធម្មតារបស់ខ្លួន។

ច- ពាក្យ “ ប្រាក់ប៉ះប៉ូវ សំដៅដល់ ប្រាក់ឧបត្ថម្ភដទៃទៀតដែលផ្តល់ឱ្យនិយោជិត ដោយសារការផ្លាស់ ទីកន្លែងធ្វើការឆ្ងាយពីលំនៅឋាន ឬការងារដែលមានហានិភ័យជាដើម។