(ចិន)៖ មហាយក្សចិនកំពុងក្លាយជាអ្នកនាំមុខគេនៅក្នុងពិភពលោក លើការបញ្ជាទិញឧស្ម័នធម្មជាតិរាវ LNG ពោលគឺមានប្រហែល ៤០% នៃការចុះកុងត្រាទិញឧស្ម័ន LNG ក្នុងរយៈពេលវែងកាលពីថ្មីៗនេះ ធៀបនឹងការបញ្ជាទិញជាសកល ពោលគឺទិញពីក្រុមហ៊ុននៅតំបន់អារ៉ាប់តែម្តង។ កន្លងមកនេះ អាមេរិកគឺជាអ្នកផ្គត់ផ្គង់ឧស្ម័ន LNG ដ៏ធំបំផុត ប៉ុន្តែដោយសារភាពតានតឹងរវាងប្រទេសទាំងពីរ បានធ្វើឱ្យក្រុងប៉េកាំង បានចាប់ផ្តើមងាកចេញទៅស្វែងរកប្រភពផ្គត់ផ្គង់ដទៃ ដើម្បីបញ្ចៀសនូវហានិភ័យណាមួយ ដែលនឹងអាចកើតឡើងនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
ក្រុមហ៊ុនថាមពលចិន Sinopec Group បានឈានដល់កិច្ចព្រមព្រៀងរយៈពេល២៧ឆ្នាំជាមួយក្រុមហ៊ុនរដ្ឋកាតា កាលពីចុងឆ្នាំកន្លងទៅ ក្នុងការទិញឧស្ម័នធម្មជាតិរាវ LNG ចំនួន ៤លានតោនក្នុងមួយឆ្នាំ។ ការនាំចូលឧស្ម័ននេះ នឹងចាប់ផ្តើមធ្វើឡើងនៅអំឡុងឆ្នាំ២០២៦។ ក្នុងនាមជាអតិថិជនដ៏សំខាន់មួយ ប្រទេសចិនក៏បានចរចាក្នុងការវិនិយោគលើគម្រោងដ៏ធំមួយដើម្បីពង្រីកទិន្នផលឧស្ម័ន LNG នេះក្នុងប្រទេសកាតាផងដែរ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវអឺរ៉ុប Rystad Energy បានឱ្យដឹងថា នៅអំឡុងឆ្នាំ២០២១និង២០២២ ចិនបានចុះកុងត្រាទិញឧស្ម័ន LNG រយៈពេលវែង ចំនួនជិត ៥០លានតោនក្នុង១ឆ្នាំ។
គួររំឭកថា កាលពីឆ្នាំមុនក្រុមហ៊ុនថាមពលចិន ENN Group បានចុះកុងត្រាជាមួយក្រុមហ៊ុនអាមេរិក Energy Transfer ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ ដើម្បីទិញឧស្ម័ន LNG ចំនួន ២,៧លានតោនក្នុងមួយឆ្នាំសម្រាប់រយៈពេល២០ឆ្នាំ។ ក្រុមហ៊ុន ENNនេះ បានបង្កើនកិច្ចព្រមព្រៀងបញ្ជាទិញជាមួយក្រុមហ៊ុនអាមេរិក NextDecade ចំនួន ២លានតោនក្នុង១ឆ្នាំសម្រាប់រយៈពេល ២០ឆ្នាំដូចគ្នាដែរ។ បន្ថែមលើសពីនេះ ក្រុមហ៊ុន NextDecade បានព្រមព្រៀងផ្គត់ផ្គង់ឧស្ម័ន LNG ចំនួន ១លានតោនក្នុង១ឆ្នាំ ទៅឱ្យក្រុមហ៊ុន China Gas Holding ផងដែរ។
កាលពីឆ្នាំ២០២១ ចិនបានវ៉ាដាច់ជប៉ុន ក្នុងនាមប្រទេសអ្នកនាំចូលឧស្ម័ន LNG ធំបំផុតក្នុងពិភពលោក។ ប៉ុន្តែនៅឆ្នាំ២០២២ ការនាំចូលរបស់ចិនបានធ្លាក់ចុះ១៨%ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩។ យ៉ាងណាក៏ដោយ តម្រូវការសម្រាប់ឧស្ម័នធម្មជាតិរបស់ចិននៅក្នុងឆ្នាំ២០៣០ គឺអាចនឹងមានខ្ពស់ជាង ៥០% ពីបរិមាណក្នុងឆ្នាំ២០២១។
គួរដឹងថា អាមេរិក គឺជាអ្នកផ្គត់ផ្គង់ឧស្ម័ន LNG ដ៏ធំបំផុតរបស់ចិន បើគិតទៅលើកិច្ចព្រមព្រៀងរយៈពេលវែង។ ក្រុងប៉េកាំង បានយកពន្ធគយ ២៥% ទៅលើការនាំចូលឧស្ម័ន LNG អាមេរិក កាលពីឆ្នាំ២០១៩ ក្នុងអំឡុងសង្គ្រាមពាណិជ្ជកម្ម តែក្រោយមកបានលើកលែងពន្ធនេះចេញវិញនៅឆ្នាំ២០២០។ ដូច្នេះចាប់ពីឆ្នាំ២០២១មក ក្រុមហ៊ុនចិន និងអាមេរិក បានបង្កើនការចុះកិច្ចព្រមព្រៀងឧស្ម័ន LNG ជាបន្តបន្ទាប់មក។
សូមជម្រាបថា បច្ចុប្បន្ននេះចិនបាននាំចូលឧស្ម័នLNGប្រហែល៩០លានតោន តាមរយៈកិច្ចព្រមព្រៀងរយៈពេលវែង ក្នុងនោះ ជាមួយអាមេរិកប្រហែល២៥លានតោន អូស្ត្រាលីប្រហែល១៧លានតោន មជ្ឈិមបូព៌ា១៤លានតោន និងរុស្ស៊ី៦លានតោន៕