លោកប្រធានសាខាពន្ធដារខេត្តបានបន្ថែមថា ការចុះអនុវត្តត្រួតពិនិត្យប្រចាំឆ្នាំលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ គឺអនុវត្តតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២២។ ចំពោះការចុះអនុវត្តត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដើម្បីឲ្យម្ចាស់យានយន្តគ្រប់ប្រភេទចូលមកបង់ពន្ធ និងធ្វើការផាកពិន័យតាមផ្លូវច្បាប់ និងដើម្បីឲ្យពួកគាត់ចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធលើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួនទៅតាមឆ្នាំនិមួយៗ ដែលសាខាពន្ធដារបានប្រកាសបង់ពន្ធ។
ក្រុមការងារចម្រុះ នឹងបន្តចុះត្រួតពិនិត្យលើមធ្យោបាយយានជំនិះគ្រប់ប្រភេទលើដងផ្លូវសាធារណៈ នៅភូមិសាស្ត្រខេត្តព្រះសីហនុ សម្រាប់ឆ្នាំ ២០២២ តាមគោលដៅក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
លោកប្រធានសាខាពន្ធដារខេត្ត បានឲ្យដឹងបន្ថែមទៀតថា ការប្រមូលពន្ធលើមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ នេះ បានចំនួនជាង ២១ ម៉ឺនគ្រឿង ហើយកាលពីឆ្នាំ ២០២១ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដែលបានចូលមកបង់ពន្ធប្រចាំឆ្នាំមានជាង ២០ ម៉ឺនគ្រឿងតែប៉ុណ្ណោះ។ ហើយឆ្នាំ ២០២២ យានយន្តចូលមកបង់ពន្ធមានការកើនឡើង។
លោក សន ស៊ីផល បានឲ្យដឹងថា នៅពាក់កណ្ដាលខែមករា និងនៅខែកុម្ភៈ ឆ្នាំ ២០២៣ នេះ សាខាពន្ធដារខេត្ត សហការជាមួយកម្លាំងចម្រុះ បន្តចុះត្រួតពិនិត្យពន្ធលើមធ្យោបាយប្រចាំឆ្នាំ ២០២២ លើយានជំនិះគ្រប់ប្រភេទ យើងសង្កេតឃើញថា មានរថយន្តមួយចំនួនបានបង់ពន្ធផ្លូវរួចរាល់ ក៏ប៉ុន្តែពួកគាត់មិនបានយកមកបិទលើកញ្ចក់រថយន្តរបស់ខ្លួន ជាហេតុបង្កឲ្យមានការរំខានដល់ការធ្វើដំណើររបស់ពួកគាត់តាមចំណុចគោលដៅថែមទៀតផង។ ជាមួយគ្នានេះ មន្ត្រីសាខាពន្ធដារ ដែលចុះតាមគោលដៅ ក៏បានស្នើសុំឲ្យម្ចាស់យានជំនិះគ្រប់ប្រភេទ ពេលបង់ពន្ធផ្លូវប្រចាំឆ្នាំរួចរាល់ សូមបិទពន្ធប្រចាំឆ្នាំលើកញ្ចក់រថយន្តឲ្យបានត្រឹមត្រូវ ដើម្បីឲ្យភ្នាក់ងាររបស់យើងមានការងាយស្រួលក្នុងការត្រួតពិនិត្យពន្ធប្រចាំឆ្នាំ ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្ត្រីអ្នកចុះអនុវត្តច្បាប់ ក៏ដូចជាម្ចាស់រថយន្ត និងអ្នកបើកបរផងដែរ។ ម្យ៉ាងទៀត វាមិនរំខានដល់ការធ្វើដំណើររបស់ពលរដ្ឋនៅតាមចំណុចគោលដៅត្រួតពិនិត្យថែមទៀតផង៕