Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចក្រឡាហោម ជំរុញដល់ក្រុមការងារយុវជន ត្រូវចុះដល់មូលដ្ឋាន"ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព"

Admin Alynana | Feb 03, 2023
សម្ដេចក្រឡាហោម ជំរុញដល់ក្រុមការងារយុវជន ត្រូវចុះដល់មូលដ្ឋាន"ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព"
Clinic narith
សម្ដេចក្រឡាហោម បានជំរុញដល់ក្រុមការងារយុវជន ឱ្យបង្កើនសកម្មភាពចុះមូលដ្ឋានរៀងៗខ្លួន និងត្រូវដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលមិនទាន់មានដំណោះស្រាយ
 
នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង-បាត់ដំបង និងឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជន ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយត្តិធម៌, រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
 
នាឱកាសនោះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានប្រតិបត្តិគណៈកម្មការរៀបចំពិធី បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្ថិតក្នុងស្ថានភាពដល់អំណោយផលនេះ ក្រុមការងារអភិវឌ្ឍយុវជនទាំង ៣ខេត្ត, ក្រុមការងារអាហារូបករណ៍ ស សុខា និង សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានបន្ដរួមកម្លាំងសាមគ្គីគ្នា បំពេញបេសកកម្ម ដោយរួមចំណែកបម្រើប្រទេសជាតិ និងប្រជាជន កាន់តែសកម្មជាងមុនផងដែរ។
សម្ដេចក្រឡាហោម បានចាត់ទុកភាពរីកចម្រើនរបស់កម្ពុជាថា មិនអាចខ្វះបាននូវការកសាងធនធានមនុស្ស និងការអភិវឌ្ឍធនធានមនុស្សដែលប្រកបទៅដោយបញ្ញាញាណ ចាប់តាំងពីកម្រិតបឋមសិក្សា រហូតដល់អនុវិទ្យាល័យ វិទ្យាល័យ ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាបានឡើយ។
 
សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញដល់ក្រុមការងារយុវជន ឱ្យបង្កើនសកម្មភាពចុះមូលដ្ឋានរៀងៗខ្លួន និងត្រូវដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលមិនទាន់មានដំណោះស្រាយ និងជំរុញការអភិវឌ្ឍ មូលដ្ឋានឱ្យបានផុសផល ដើម្បីជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។
 
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំក្រុមការយុវជន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបង្កើននូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ដើម្បីឆ្លើយតបទៅនឹងវឌ្ឍនភាពសង្គម ក្រុមការងារយុវជន ត្រូវបង្កើនការកសាងសមត្ថភាព ចំណេះដឹងពាក់ព័ន្ធការងារសង្គម និងនយោបាយ ហើយត្រូវមានសីលធម៌ និងអាកប្បកិរិយាល្អចំពោះប្រជាពលរដ្ឋនៅពេលចុះមូលដ្ឋានផងដែរ។
សម្ដេចក្រឡាហោម បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំយុវជនទាំងអស់ បន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជា និងការកសាងសន្តិសុខ ប្រកបដោយភាពសុខដុម ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក និងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ។
 
សម្ដេចក្រឡាហោម ក៏បានណែនាំបន្ថែមដល់ ក្រុមការងារយុវជនត្រូវបន្តចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម តាមរយៈ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការចូលរួមសហការ និងជំរុញឱ្យអាជ្ញាធរ និងសា្ថប័នមានសមត្ថកិច្ចចាត់វិធានការ ទប់ស្កាត់រាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និងចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន៕
រូបភាព ៖ នាយកដ្ឋានព័ត៌មានវិទ្យា
328959544_1534548690381748_5121154040385114364_n328878641_5677688188997437_3988392530955936063_n328256688_865781501314428_876865995554693548_n328821783_1346600939510143_5772913639067721684_n328019193_507285968251014_4922289692508704256_n