(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំការយោគយល់ពីពលរដ្ឋនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ដោយសារនឹងត្រូវបិទផ្លូវមួយចំនួនដើម្បីសម្រួលចរាចរណ៍ក្បួនដង្ហែសពប្អូនពៅរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតលោកស្រី ប៊ុន សុថា។
ផ្លូវដែលក្បួនដង្ហែសពឆ្លងកាត់រួមមាន ផ្លូវលេខ២៨៥ បត់ស្តាំតាមបណ្តោយផ្លូវលេខ៥១៦ ឆ្ពោះទៅផ្លូវលេខ៧០ ហើយបន្ត ទៅរង្វង់មូលគួចកាណុង បត់តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅស្តុបបេកាស បន្តក្បួនដង្ហែតាម មហាវិថីព្រះអង្គឌួង ឆ្ពោះទៅមហាវិថីព្រះនរោត្តម រង្វង់មូលវិមានឯករាជ្យ បន្តតាមមហាវិថីព្រះសីហនុ រហូតដល់ មហាវិថីព្រះសុធារស ផ្លូវលេខ២៤០ និងផ្លូវឧកញ៉ាស៊ូស៊្រុន រួចចូលទីតាំងប្រារព្ធពិធីនៅវត្តបទុមវតី។
ការដង្ហែសពនេះនឹងធ្វើនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់យោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវពិធីដង្ហែខាងលើ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
គួរឱ្យដឹងផងដែរថា លោកស្រី ប៊ុន សុថា គឺជាប្អូនស្រីពៅរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦និង១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
សពត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងដង្ហែរទៅបញ្ចុះនៅវត្តបុទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕