(ប៉េកាំង)៖ ក្រុមអ្នកវិភាគទីផ្សាររបស់ចិនបានអះអាងថា ការជំរុញរបស់ទីក្រុងប៉េកាំងក្នុងការប្រើប្រាស់ពេញលេញនូវយានយន្ដអគ្គិសនីសម្រាប់វិស័យសាធារណៈ ត្រូវបានរំពឹងថា នឹងបង្កើតឲ្យមានតម្លៃទីផ្សារសរុបដល់ទៅ ១១៨ពាន់លានដុល្លារ នៅក្នុងឧស្សាហកម្មយានយន្ដថាមពលថ្មី ឬហៅថា NEVs នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
កាលពីសប្ដាហ៍មុន ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា និងភ្នាក់ងាររដ្ឋាភិបាលចំនួន៧ស្ថាប័នផ្សេងទៀតរបស់ចិន បានប្រកាសនូវកម្មវិធីសាកល្បងមួយ ដែលមានបំណងបង្កើនការប្រើប្រាស់យានយន្ដថាមពលថ្មី ពិសេសរថយន្ដអគ្គិសនីតែម្ដង ដូចជាឡានក្រុង ឡានតាក់ស៊ី ឡានប្រមូលសម្រាម និងយានយន្ដសម្រាប់សេវាប្រៃសណីយ៍ និងដឹកជញ្ជូនផ្សេងៗទៀតជាដើម។
កម្មវិធីនេះ គឺនឹងចាប់ផ្ដើមពីឆ្នាំនេះ រហូតដល់ឆ្នាំ២០២៥ និងមានការកំណត់នូវមហិច្ឆតាដូចជា បង្កើនការប្រើប្រាស់យានយន្ដថាមពលថ្មី (NEV) ឲ្យបានដល់អត្រា ៨០% សម្រាប់ការប្រើប្រាស់យានយន្ដនៅក្នុងវិស័យសាធារណៈ នៅត្រឹមឆ្នាំ២០២៥ ខណៈបច្ចុប្បន្នការប្រើប្រាស់យានយន្ដប្រភេទនេះមានត្រឹមតែ១០%ប៉ុណ្ណោះ។ បន្ថែមពីនេះ តាមរយៈកម្មវិធីដដែល ចិនក៏មានបំណងបង្កើនចំនួនកន្លែងសាកថ្មអាគុយយានយន្ដអគ្គិសនីបន្ថែមផងដែរ។ កម្មវិធីសាកល្បងនេះ ចិនមានបំណងនឹងពង្រីកបន្ថែមការប្រើប្រាស់យានយន្ដថាមពលថ្មីជាង ២លានគ្រឿងទៀត នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ សម្រាប់ប្រើប្រាស់ក្នុងវិស័យសាធារណៈ ហើយទីក្រុងស៊ាងហៃ និងប៉េកាំងគឺមានតម្រូវការច្រើនជាងគេ។
លោក Barney Yao អ្នកវិភាគនៅក្រុមហ៊ុនឈ្មួញជើងសារ Haitong International ដែលមានមូលនដ្ឋាននៅទីក្រុងហុងកុង បានអះអាងនៅក្នុងរបាយការណ៍មួយថា បច្ចុប្បន្ន អត្រាប្រើប្រាស់សរុបនៃយានយន្ដដែលមានប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់វិស័យពាណិជ្ជកម្មក្នុងប្រទេសចិន គឺមានតិចជាង ៩%ប៉ុណ្ណោះ ជាមួយនឹងរថយន្ដដឹកទំនិញធុនធ្ងន់ដែលប្រើប្រាស់អគ្គិសនី គឺមានចំណែក ៧%។
យ៉ាងណាក៏ដោយចុះ អ្នកជំនាញរូបនេះ មើលឃើញថា ឧស្សាហកម្មយានយន្ដប្រើប្រាស់ថាមពលថ្មី (NEV) បានឈានដល់ដំណាក់កាលថ្មីនៃទ្រង់ទ្រាយធំ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាមួយនឹងការបន្ធូរបន្ថយនៃវិធានការកូវីដ១៩ និងការធ្វើឲ្យប្រសើរឡើងនៃបច្ចេកវិទ្យានៅក្នុងវិស័យនេះ អ្នកជំនាញជឿជាក់ថា វានឹងធ្វើឲ្យការប្រើប្រាស់យានយន្ដថាមពលថ្មី នឹងមានកំណើនកាន់តែប្រសើរឡើងនាពេលខាងមុខ។
យានយន្ដប្រើប្រាស់ថាមពលថ្មី (NEVs) គឺមានប្រហែលជាង ២៥% នៃចំនួនយានយន្ដសរុបនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន ជាមួយនឹងយានយន្ដអគ្គិសនីដែលមានប្រើប្រាស់អាគុយស្ដុកថាមពល គឺមានប្រហែលជាង ៥លាន៣សែនគ្រឿង និងយានយន្ដប្រភេទកូនកាត់ ដែលអាចប្រើសាំងបានផង និងអាគុយផង គឺមានប្រហែលជាង១លាន ៥សែនគ្រឿង។ នេះបើតាមទិន្នន័យពីសមាគមរោងចក្រផលិតយានយន្ដរបស់ចិន៕