ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារសម្រាប់ការផលិតបន្ទះឈីបសំខាន់ៗរបស់អាមេរិក កំពុងផ្លាស់ប្ដូរប្រតិបត្តិការអាជីវកម្មរបស់ខ្លួនចេញពីប្រទេសចិន មកកាន់តំបន់អាស៊ីអាគ្នេយ៍កាន់តែច្រើនឡើង នៅក្នុងសញ្ញាមួយដែលថា ការគ្រប់គ្រងការនាំចេញឧបករណ៍បច្ចេកវិទ្យាសម្រាប់ការផលិតបន្ទះឈីបរបស់អាមេរិកទៅកាន់ទីផ្សារចិនដែលបានអនុវត្តកាលពីខែតុលានោះ កំពុងពន្លឿនការកាត់បន្ថយខ្សែចង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យារវាងប្រទេសមហាអំណាចទាំងពីរនេះកាន់តែខ្លាំងមែនទែនហើយនាពេលនេះ។
មិនត្រឹមតែអាមេរិកម្នាក់ឯងទេ ដែលកំពុងរឹតត្បិតការនាំចេញឧបករណ៍សំខាន់ៗទាំងនេះទៅកាន់ប្រទេសចិន សម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត ដូចជាជប៉ុន កោះតៃវ៉ាន់ និងហូឡង់ជាដើម ក៏បានបង្ហាញពីគោលជំហរដើរតាមសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុនអាមេរិកដូចជា Applied Materials, Lam Research និង KLA រួមគ្នាទាំងបីក្រុមហ៊ុននេះ គឺមានគ្រប់គ្រងប្រហែល៣៥% នៃទីផ្សារឧបករណ៍ផលិតបន្ទះឈីបសរុបរបស់ពិភពលោកទាំងមូល។ គិតតាំងពីខែតុលាឆ្នាំមុនមក ក្រុមហ៊ុនគ្រាក់ៗរបស់អាមេរិកទាំងបីនេះ បានផ្លាស់ប្ដូរបុគ្គលិករបស់ខ្លួនដែលមិនមែនជាជនជាតិចិន ចេញពីប្រទេសចិន ទៅកាន់សិង្ហបុរី និងម៉ាឡេស៊ី ឬក៏មានការបង្កើនសមត្ថភាពផលិតកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាដើម។ នេះបើតាមប្រភពចំនួន៥ ដែលជិតស្និទ្ធនឹងរឿងនេះ បានបញ្ជាក់នៅក្នុងសារព័ត៌មានជប៉ុន Nikkei។
ប្រភពព័ត៌មានដដែលនេះ បានឲ្យដឹងថា និន្នការផ្លាស់ប្ដូរនេះ បានកើនឡើងមួយរយៈហើយ ដោយក្រុមហ៊ុនអាមេរិកមិនអាចធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិនបានដូចពីមុនទៀតឡើយ ដោយសារតែមានច្បាប់រឹតត្បិតពីរដ្ឋាភិបាលអាមេរិក ដែលបានហាមប្រាមការនាំចេញឧបករណ៍សម្រាប់ការផលិតបន្ទះឈីបគុណភាពខ្ពស់ទៅកាន់ទីផ្សារប្រទេសចិន ហើយជនជាតិអាមេរិកាំង ក៏មានការរឹតត្បិតក្នុងការបម្រើការនៅក្នុងរោងចក្រផលិតបន្ទះឈីបនៅប្រទេសចិនផងដែរ។ ដូច្នេះហើយ ទើបក្រុមហ៊ុនអាមេរិកដែលមានប្រតិបត្តិការនៅប្រទេសចិនមួយចំនួន បានបញ្ជូនបុគ្គលិករបស់ពួកគេ ដែលមិនមែនជាជនជាតិចិន ឲ្យទៅធ្វើការនៅក្រុមហ៊ុនមេនៅអាមេរិកវិញ ឬក៏ចាត់តាំងឲ្យបំពេញការងារនៅប្រទេសផ្សេងៗនៅតំបន់អាស៊ីគ្នេយ៍ ដែលក្រុមហ៊ុននោះមានប្រតិបត្តិការ។
បើទោះបីជាមានការផ្លាស់ប្ដូរដូច្នេះក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុនអាមេរិកធំៗ នៅតែមានប្រតិបត្តិការនៅក្នុងប្រទេសចិននៅឡើយ មិនទាន់មានការដកប្រតិបត្តិការទាំងស្រុងនោះឡើយ។
សូមរំឭកថា សហរដ្ឋអាមេរិកកាលពីខែតុលា បានដាក់ចេញវិធានការគ្រប់គ្រងការនាំចេញ ដែលមានការរឹតត្បិតខ្លាំងចំពោះប្រទេសចិនក្នុងការទទួលបាននូវឧបករណ៍បច្ចេកវិទ្យាសម្រាប់បម្រើដល់ការផលិតបន្ទះឈីបកម្រិតខ្ពស់។ វិធានការនេះ ក៏មានការកម្រិតលើសមត្ថភាពធ្វើការងាររបស់ជនជាតិអាមេរិកាំងនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ កាលពីខែមករាកន្លងទៅ អាមេរិក ក៏បានសម្រេចកិច្ចព្រមព្រៀងមួយជាមួយនឹងជប៉ុន និងហូឡង់ ដើម្បីដាក់ការរឹតត្បិតការនាំចេញឧបករណ៍ផលិតបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ទីផ្សារប្រទេសចិនថែមទៀតផង។
ទោះយ៉ាងណា ចង់ ឬមិនចង់ការរឹតត្បិតរបស់អាជ្ញាធរអាមេរិក ក៏បានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកខ្លួនឯងដែលរកស៊ីជាមួយចិនដូចគ្នាដែរ។ ជាក់ស្ដែង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន គឺជាអ្នកបញ្ជាទិញដ៏ធំមួយពីអាមេរិក សម្រាប់គ្រឿងឧបករណ៍បម្រើដល់ការផលិតបន្ទះឈីបនេះ ដោយសារតែប្រទេសចិន មានការខិតខំប្រឹងប្រែងខ្លាំងក្នុងការជំរុញការផលិតផលិតបន្ទះឈីបដោយខ្លួនឯង ដើម្បីកាត់បន្ថយការនាំចូលបន្ទះឈីបពីបរទេស៕