(វៀងច័ន្ទ, ឡាវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់ទុកគ្រឿងឥស្សរិយយស «មេដាយផូសៃឡានសាង ឬពរជ័យឡានសាង» គឺជាមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងជានិមិត្តរូបដ៏មានសារៈសំខាន់គ្មានពីរ នៃទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ឡាវ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចបែបនេះក្នុងសុន្ទរកថា ពេលអញ្ជើញទទួលគ្រឿងឥស្សរិយយស ពីប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសូលីត កាលពីថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ។
គ្រឿងឥស្សរិយយស «មេដាយផូសៃឡានសាង» ជាមេដាយមានគុណតម្លៃខ្ពស់បំផុតរបស់ឡាវ សម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃក្នុងការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយប្រទេសឡាវ។
សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងឡាយជាមួយបណ្តាប្រទេសភូមិផងរបងជាប់កម្ពុជា។ សម្រាប់ប្រទេសឡាវ មិនត្រឹមទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ក្នុងការពង្រឹងចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ តែសម្តេចតេជោ តែងចូលរួមចំណែកដោះស្រាយរាល់ពេលឡាវ ជួបការលំបាកនានា។
កាលពីឆ្នាំ២០២១ នៅពេលឡាវ ជួបការលំបាកដោយសារការរាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាបន្តបន្ទាប់នូវជំនួយជាថវិកា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនជិត ១លានដូស គ្រឿងបរិក្ខារពេទ្យ និងរថយន្តសម្រាប់ដឹកវ៉ាក់សាំងប្រមាណជា ១០គ្រឿង។ ថវិកាដែលសម្តេចតេជោ បានជួយទៅប្រទេសឡាវ មានសរុបជាង ១៣លានដុល្លារ។ ក្នុងនោះថវិកាជាង ១លានដុល្លារ ជារបស់រាជរដ្ឋាភិបាល និង១០លានដុល្លារ ជាការចូលរួមរបស់សប្បុរសជនតាមរយៈសម្តេចតេជោ។
ការជួយជ្រោមជ្រែងក្នុងគ្រាឡាវជួបការលំបាកនេះហើយ ទើបធ្វើឱ្យរដ្ឋាភិបាល និងប្រជាជនឡាវ ផ្តល់ការគោរពយ៉ាងធំធេងសម្រាប់សម្តេចតេជោ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយឈានដល់ការផ្តល់គ្រឿងឥស្សរិយយសកម្រិតកំពូលជូនសម្តេចតេជោនាយករដ្ឋមន្ត្រី។
សម្តេចតេជោ បានថ្លែងគូសបញ្ជាក់ថា «មោទនភាពដែលខ្ញុំទទួលបាននៅពេលនេះ គឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល ហើយជាការរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាល និងប្រជាជនឡាវ ជាបងប្អូនក្នុងការពូនជ្រុំទំនាក់ទំនងល្អជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកផងដែរថា ចំណងមិត្តភាពជាប្រពៃណី ជាបងប្អូនកម្ពុជា-ឡាវ រាប់សតវត្សរ៍មកនេះ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសយើងទាំងពីរ ក្នុងការធ្វើឱ្យសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
សម្តេចតេជោ បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា គ្រឿងឥស្សរិយយសនេះ នឹងមានគុណតម្លៃជាប្រវត្តិសាស្ត្រ គឺជានិមិត្តរូបដ៏សំខាន់គ្មានពីរ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ក្រៅតែពីការបំពាក់គ្រឿងឥស្សរិយយសកម្រិតកំពូលរបស់ឡាវ ជូនសម្តេចតេជោហើយនោះ រដ្ឋាភិបាលឡាវ ក៏បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់ឡាវ ជូនអ្នកឧកញ៉ា ឧកញ៉ា របស់កម្ពុជា ៦រូប ដែលបានឧបត្ថម្ភថវិកា ជូនរដ្ឋាភិបាលឡាវ សម្រាប់ដោះស្រាយការលំបាកពីការរាតត្បាតជំងឺកូវីដ១៩ផងដែរ។
អ្នកឧកញ៉ា ឧកញ៉ាទាំង៦រូបនោះរួមមាន អ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឧកញ៉ា Guy Chhay លោក៉កញ៉ា Ing Seav Meng និងឧកញ៉ា លី ហុង៕