Alynana Media Cambodia
Icon Collap
clinic narit

តើដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់ មកកម្ពុជាទទួលបានលទ្ធផលអ្វីខ្លះ?

Admin Alynana | Feb 16, 2023
តើដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់ មកកម្ពុជាទទួលបានលទ្ធផលអ្វីខ្លះ?
Clinic narith

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ្រាំ្វង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម ហ្រាំ្វង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ មានកិច្ចសន្ទនា ផ្លូវការជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី១៥ ខែកុម្ភៈ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានកោតសរសើរយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម ប្រធានាធិបតី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយបានគូសបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតកំពុងកាន់តំណែង នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

បន្ទាប់ពីកិច្ចសន្ទនាផ្លូវការនេះ ឯកឧត្តម ហ្រាំ្វង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានអញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងថ្ងៃដដែល ឯកឧត្តមប្រធានាធិបតី ក៏មានកិច្ចសន្ទនា ផ្លូវការប្រកបដោយផ្លែផ្កាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រធានបទសំខាន់ៗជាច្រើនត្រូវបានលើកយកមកពិភាក្សា រួមមាន ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងបញ្ហាសំខាន់ៗផ្សេងទៀតដែលជាផលប្រយោជន៍ និងកង្វល់រួម ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹក ពីកិច្ចពិភាក្សា ដ៏មានសារៈសំខាន់រវាង សម្តេចតេជោ និងអធិការបតី អាល្លឺម៉ង់ អូឡាហ្វ៍ ហ្សុលស៍ នៅឯកិច្ចប្រជុំ កំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងប្រ៊ុចសែល។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរដោយស្មោះចំពោះការគាំទ្រ និងការចូលរួមចំណែក ជាបន្តបន្ទាប់របស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើវិស័យជាច្រើន រួមមាន អប់រំ វប្បធម៌ ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ថាមពល ការបោសសម្អាតមីន អភិបាលកិច្ចល្អ វិមជ្ឈការ កំណែទម្រង់ដីធ្លី ។ល។ ព្រមទាំងការរួមចំណែកដ៏សំខាន់នាពេលថ្មីៗនេះ ក្នុងផែនការឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាល ចំពោះវិបត្តិកូវីដ-១៩ ដែលបានជួយឱ្យកម្ពុជា យកឈ្នះលើជំងឺកូវីដ-១៩ និងបានបើកប្រទេសឡើងវិញទាំងស្រុង។ ឯកឧត្តម ប្រធានាធិបតី ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានកោតសរសើរយ៉ាងខ្លំាងចំពោះវឌ្ឍនភាពដែលកម្ពុជាសម្រេចបានក្នុងរយៈកាលជាង ២៥ឆ្នាំ កន្លងមកនេះ និងសាទរចំពោះជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២។

ក្នុងអំឡុងពេលនៃកិច្ចសន្ទនា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅថា ក្នុងចំណោមប្រទេសសហភាពអឺរ៉ុបទាំង ២៧ ប្រទេសអាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មទ្វេភាគីដ៏ធំបំផុតរបស់កម្ពុជា។ សម្ដេចតេជោ ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់សម្រាប់សកម្មភាពដោះមីននៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក និងបានជម្រាបជូនឯកឧត្តមប្រធានាធិបតី ថា កម្ពុជាបានដាក់គោលដៅក្លាយជាប្រទេសគ្មានគ្រាប់មីនត្រឹមឆ្នាំ ២០២៥។ ឯកឧត្តមប្រធានាធិបតី ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានឆ្លើយបញ្ជាក់វិញដោយក្តីរីករាយថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងនៅតែបន្តគាំទ្រដល់ប្រតិបត្តិការដោះមីននៅកម្ពុជា និងកិច្ចខំប្រឹងប្រែងអភិរក្សប្រាង្គប្រាសាទអង្គរ។

បន្ទាប់ពីកិច្ចសន្ទនាផ្លូវការបានបញ្ចប់ ឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានដឹកនាំគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចូលរួមក្នុងជំនួបឧទ្ទេសនាម ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់សាជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេចរបស់ប្រទេសអាល្លឺម៉ង ក្នុងការជួយដល់កម្ពុជាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។ បច្ចេកវិទ្យាអាល្លឺម៉ង់ក៏មានផងដែរដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេលវែងរបស់កម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរ បានចែករំលែកទស្សនលើទិដ្ឋភាពសំខាន់ៗនានានៃការវិនិយោគ ក៏ដូចជាសក្តានុពលនៅកម្ពុជា។ សម្តេចតេជោ បានជម្រាបជូនវិនិយោគិនអាល្លឺម៉ង់អំពីឱកាសវិនិយោគនៅកម្ពុជា និងបានអញ្ជើញក្រុមធុរកិច្ចជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅ វិនិយោគផ្ទាល់ពីបរទេស (FDI) របស់អាល្លឺម៉ង់ ដោយផ្តោតលើគុណសម្បត្តិប្រៀបធៀបដែលកម្ពុជាមាន មានដូចជា ច្បាប់វិនិយោគថ្មី សហគមន៍អាស៊ាន និងកិច្ចព្រមព្រៀងភាពជាសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានទទួលស្គាល់ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម មានភាពបើកចំហ និងមានស្ថិរភាព។ គណៈប្រិតភូ បានកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជាក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជាពិសេស ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩។ គណៈប្រតិភូធុរកិច្ច បានសម្តែងនូវបំណងក្នុងការបង្កើនវត្តមានរបស់ខ្លួននៅកម្ពុជា។

អំឡុងពេលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានអញ្ជើញទៅទស្សនាអង្គការហាឡូត្រាស (Halo Trust) និងឧទ្យានបុរាណវិទ្យាអង្គរ ក៏ដូចជាគម្រោងផ្សេងៗនៅក្នុងខេត្តសៀមរាប ដែលគាំទ្រដោយប្រទេសអាល្លឺម៉ង់ជាមួយនឹងអាជ្ញាធរជាតិ អប្សរា។ ខណៈដែលនៅរាជធានីភ្នំពេញ ឯកឧត្តមប្រធានាធិបតី បានអញ្ជើញទៅទស្សនាសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។

ដើម្បីអបអរសាទរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្តដ៏មានតម្លៃដ៏ឧត្តុងឧត្តមនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវការជាកិត្តិយសជូន ឯកឧត្តមប្រធានាធិបតី ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ លោកជំទាវទី១ និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសន្តិភាព។ ជាផ្នែកមួយនៃទស្សនកិច្ចនេះ គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ មានកិច្ចប្រជុំការងារដោយឡែក ជាមួយ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ហ្រាំ្វង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានបើកទំព័រមាសក្នុងប្រវតិ្តសាស្រ្តនៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ទស្សនកិច្ចនេះ បានប្រារព្ធឡើងប្រកបដោយផ្លែផ្កា និងក្នុងបរិយាកាសស្និទ្ធស្នាលនៃការជឿទុកចិត្តគ្នាទៅវិញទៅមក ការវាយតម្លៃខ្ពស់ និងការគោរព ដែលបង្កើតបានជាឆ្អឹងខ្នងសម្រាប់ទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនរវាងប្រទេសទាំងពីរ៕