(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិ បានចំនួន ១ ២១៧.៣៨ ប៊ីលានរៀល (ប្រមាណជា ៣០០.៥៩ លានដុល្លារ) ស្មើនឹង៨.៤២% នៃផែនការច្បាប់ថវិការឆ្នាំ២០២៣។
ចំណូលពន្ធនេះ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែធ្នូ ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៥០.០៤ ប៊ីលានរៀល (ប្រមាណជា ១២,៣៦ លានដុល្លារ) ស្មើនឹង ៤,២៩%។ លើសពីនេះ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ក្នុងនោះពន្ធលើប្រាក់ចំណូល ២០.៧៣%, អាករលើតម្លៃបន្ថែម ៨.៥៧%, និងពន្ធលើប្រាក់បៀវត្ស ១៨.០៧%។
ការបង្ហាញតួលេខចំណូលពន្ធរបស់លោក គង់ វិបុល នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៣
ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
លោក គង់ វិបុល ថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបំពេញបេសកកម្មដ៏ជោគជ័យ ដោយបានប្រមូលចំណូលពន្ធផ្ទៃក្នុងជូនរដ្ឋបានគ្រប់ និងលើសផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ប្រកបដោយមោទកភាព។
លោកបន្តថា អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមឆ្នាំ២០២៣ ជាមួយនឹងលទ្ធផលល្អប្រសើរសម្រាប់ខែមករា ឆ្នាំ២០២៣ ធៀបនឹងខែមករា ឆ្នាំ២០២២ ក៏ដូចជាផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ហើយសម្រាប់រដូវកាលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូល សម្រាប់ឆ្នាំ២០២២ នឹងទទួលបាននូវលទ្ធផលល្អប្រសើរ និងមិនមានការថមថយឡើយ តាមរយៈប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing ដែលជាប្រព័ន្ធដ៏រឹងមាំនិងមានតម្លាភាព និងជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ (Cross check)។
លោកបន្ថែមថា ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបានចំនួន ៣៦.៦២ ប៊ីលានរៀល (ប្រមាណ ៩.០៤លានដុល្លារ) និងគិតចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន ចំណូលពន្ធពី E-Commerce ប្រមូលបានសរុបចំនួន ២១៤.៦៨ ប៊ីលានរៀល (ប្រមាណ ៥៣.០១ លានដុល្លារ)។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលជាជោគជ័យនិងជាសមិទ្ធផលរួម របស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕