តម្លៃប្រាក់រូប្លិដែលជារូបិយប័ណ្ណរបស់រុស្ស៊ីបានងើបឡើងវិញបន្តិចហើយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយពីនៅសប្តាហ៍មុនលុយរូប្លិធ្លាក់ចុះដល់ទៅកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១០ខែចុងក្រោយ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ ការធ្លាក់ចុះនេះ គឺដោយសារ និន្នាការធ្លាក់ចុះការនាំចេញប្រេង ដែលបង្កឡើងដោយទណ្ឌកម្មហ៊ុមព័ទ្ធលើផលិតផលប្រេងរបស់រុស្ស៊ី និងការកើនឡើងនៃតម្រូវការរូបិយប័ណ្ណបរទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
គិតត្រឹមព្រឹកថ្ងៃចន្ទទី២០កុម្ភៈ ប្រាក់រូប្លរបស់រុស្ស៊ី ៧៣,៣០រូប្លិ អាចប្តូរបាន១ដុល្លារអាមេរិក។ នេះជាការកើនតម្លៃវិញប្រមាណ ១,៣% បើធៀបនឹងកាលពីថ្ងៃសុក្រសប្តាហ៍មុន លុយរុស្ស៊ីបានធ្លាក់ចុះដល់ ៧៥,៣០រូប្លិ ទើបប្តូរបាន១ដុល្លារ ដែលនោះជាអត្រាទាបបំផុតបើគេគិតពីខែមេសាឆ្នាំមុនមក។ ដោយឡែក រូបិយប័ណ្ណរុស្ស៊ីក៏បានធ្លាក់ចុះដែរបើធៀបនឹងប្រាក់អឺរ៉ូ និងប្រាក់យ័នរបស់ចិន។
បើតាមអ្នកវិភាគទីផ្សារ លុយរូប្លិចុះទន់ខ្សោយនៅពេលនេះ គឺដោយសារសកម្មភាពនាំចេញនាំចូលមានការប្រែប្រួល ខណៈទីផ្សារប្ដូរប្រាក់បរទេសក៏មិនមានស្ថិរភាពដូចគ្នា។ ប្រឈមមុខនឹងអស្ថិរភាព គូបផ្សំគំនាបលើការនាំចេញនិងនាំចូល ដោយសារទណ្ឌកម្មលោកខាងលិច បូករួមទាំងការដករុស្ស៊ីចេញពីប្រព័ន្ធទូទាត់សកល SWIFT ផងនោះ ទីក្រុងម៉ូស្គូសម្រេចលើកលែងការទូទាត់ជារូបិយប័ណ្ណបរទេស ដល់អ្នកនាំចេញនាំចូលមួយចំនួននៅក្នុងប្រទេស។
រដ្ឋាភិបាលរុស្ស៊ីបានជួញដូររូបិយប័ណ្ណបរទេស ដែលមានតម្លៃសរុបចំនួន ៨,៩ពាន់លានរូប្ល ឬស្មើនឹងប្រមាណ ១២០លានដុល្លារក្នុងមួយថ្ងៃ ដើម្បីបំពេញចន្លោះថវិកា ដែលបណ្តាលមកពីការធ្លាក់ចុះនៃប្រាក់ចំណូលប្រេង និងឧស្ម័ន។
ប្រាក់រូប្លិក៏ស្ថិតនៅក្រោមសម្ពាធពីការលក់ថាមពលក្នុងតម្លៃទាបផងដែរ។ នេះក៏ដោយសារតែរុស្ស៊ីត្រូវបង្ខំចិត្តលក់ប្រេងបញ្ចុះតម្លៃ ដល់ប្រទេសចិន ឥណ្ឌា នឹងប្រទេសផ្សេងទៀត ក្រោយទីផ្សាររបស់ខ្លួនមួយចំនួន មិនហានបញ្ជាទិញ ព្រោះខ្លាចជាប់ទណ្ឌកម្មបស្ចិមលោក។
សូមជម្រាបថា ទោះមានកំណើនឡើងវិញបន្តិចនៅដើមសប្តាហ៍នេះ តែមិនមែនបានន័យថា រូបិយប័ណ្ណរុស្ស៊ីអាចគេចផុតពីហានិភ័យឡើយ។ ជាក់ស្តែង នៅសប្តាហ៍ក្រោយ ប្រាក់រូប្លិនៅតែប្រឈមមុខនឹងសម្ពាធដដែល ដោយសារតែមេដឹកនាំអឺរ៉ុប នឹងបើកកិច្ចប្រជុំ ពីកញ្ចប់ទណ្ឌកម្មថ្មីៗទៅលើរុស្ស៊ី ស្របពេលដែលសង្គ្រាមនៅអ៊ុយក្រែនឈានចូលដល់គំរប់មួយឆ្នាំ។ តាមប្រភពពីមន្ត្រីក្រុងព្រុយស៊ែល ទណ្ឌកម្មថ្មីសំដៅលើអ្នកនយោបាយ មេទ័ព និងធនាគាររបស់រុស្ស៊ីមួយចំនួនទៀត។
ក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីកាលពីសប្តាហ៍មុននិយាយថា ខ្លួនកំពុងប្រកាន់ភ្ជាប់នូវផែនការ ឱនភាពថវិកាមិនឱ្យលើសពី ២%នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៣នោះទេ ទោះបីជាការចំណាយមានខ្ពស់ និងការធ្លាក់ចុះនៃប្រាក់ចំណូលពីវិស័យថាមពលក៏ដោយ៕