Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​នឹង​ផ្តោត​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ឱ្យ​កាន់តែច្រើន​

Admin Alynana | Feb 25, 2023
កម្ពុជា​នឹង​ផ្តោត​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ឱ្យ​កាន់តែច្រើន​
Clinic narith

(ភ្នំពេញ)៖ កម្ពុជា​នឹង​ជំរុញ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត ដើម្បី​ពង្រីក​ចំណែក​ទីផ្សារ​កាន់តែ​ធំ ស្របពេល​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា​និង​សហគមន៍​អឺរ៉ុប​កាន់តែ​ល្អប្រសើរ​។​

​ផែនការ​នេះ​ត្រូវបាន​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លើកឡើង​ទៅកាន់​បណ្តា​ក្រុមហ៊ុននាំចេញ​នៅក្នុង​ជំនួប​រវាង​ផ្នែក​រដ្ឋ និង​ឯកជនដើម្បី​ជំរុញ​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ​នៅ​ទីស្តីការក្រសួង​។​

​លោក​លើកឡើងថា វិស័យ​ឯកជន​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​សិក្សា​ពី​លទ្ធភាព ដើម្បី​ជំរុញ​ទំនិញ​ពី​កម្ពុជា​រួមទាំង​អង្ករ​ដែល​អាច​ធ្វើការ​ជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ឱ្យបាន​កាន់តែ​ទូលំទូលាយ ជាពិសេស​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​។​

​លោក​បញ្ជាក់ថា​៖ «​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ពិនិត្យ​នូវ​យន្តការ​អនុវត្ត​បច្ចុប្បន្ន និង​កត្តា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ដូចជា ប្រភព បរិមាណ និង​តម្លៃ ដែល​កត្តា​ទាំងនេះ​គឺជា​មូលហេតុ​អាច​ជះឥទ្ធិពល​ដល់ទី​ផ្សារ​អង្ករ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​»​។​

​លោក សូរ​ស័ក្តិ ក៏បាន​ណែនាំ​វិស័យ​ឯកជន ពិសេស​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឱ្យ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន និង​សហភាព​អឺរ៉ុប តាមរយៈ​ការផ្លាស់ប្តូរ​នូវ​ព័ត៌មាន​ទីផ្សារ និង​លក្ខខណ្ឌ​តម្រូវការ​សម្រាប់​ការនាំចេញ ព្រមទាំង​បទពិសោធន៍​នានា​សំដៅ​ជំរុញ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរឡើង​មួយកម្រិត​បន្ថែមទៀត​។​

 

​លោក សុខ ពុទ្ធិ​វុ​ធ សហប្រធាន​ក្រុមការងារ ​«​ឈ​»​ ផ្នែក​ស្រូវ​អង្ករ និង​ជា​ប្រធានកិត្តិយស​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានលើកឡើង​ពី​សក្តានុពល​ទីផ្សារ​នាំចេញ​ស្រូវ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​ក្រៅប្រទេស ពិសេស​សហភាព​អឺរ៉ុប​។​

​លោក​ប្រាប់ថា​៖ «​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​សហភាព​អឺរ៉ុប​បាន​បង្កើត​នូវ​ភាពជា​ដៃគូ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន តាមរយៈ​ការផ្លាស់ប្តូរ និង​ចែករំលែក​នូវ​ព័ត៌មាន ព្រមទាំង​បាន​សហការ​ជាមួយ​សហភាព​អឺរ៉ុប​លើ​គ្រប់ផ្នែក ដើម្បី​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក ពិសេស​ស្វែងយល់​ពី​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក៏ដូចជា​ពី​ទីផ្សារ​អង្ករ​នៅ​សហភាព​អឺរ៉ុប​»​។

​លោក សុង សារ៉ន ប្រធាន​ក្រុមហ៊ុន​អេ​ម​រុរ៉ា​យ បានបញ្ជាក់ក្នុង​ថ្ងៃទី ​២៣ ខែកុម្ភៈ​ថា ចាប់តាំងពី​អង្ករ​កម្ពុជា​រួច​កាតព្វកិច្ច​បង់ពន្ធ​នាំ​ចូលទៅ​ទីផ្សារ​អឺរ៉ុប ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ប្លុក​នេះ​ចាប់ផ្តើម​មាន​កំណើន​ជា​បណ្តើរៗ ប៉ុន្តែ​សន្ទុះ​នៃ​កំណើន​ហាក់​មិនទាន់​ខ្ពស់​ដូច​មុន​ឆ្នាំ ​២០១៩ ឡើយ​។

​លោក​ថ្លែងថា​៖ «​សហគមន៍​អឺរ៉ុប គឺជា​ទីផ្សារ​សំខាន់​ណាស់​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដោយបាន​ជួយ​ដល់​កសិករ​យើង​ច្រើន​ដាំ​ដុះ​ស្រូវ​ប្រភេទ​ម្លិះ និង​ស្រូវ​សរីរាង្គ​ផ្តោតលើ​ទីផ្សារ​អឺរ៉ុប​។ ជាមួយ​ការ​រួច​ពន្ធ​នាំចូល​នេះ ធ្វើឱ្យ​តម្លៃ​អង្ករ​យើង​មានការ​ប្រកួតប្រជែង​ខ្ពស់​សម្រាប់​ទីផ្សារ​អង្ករ​ក្រអូប និង​លក់​ក្នុងតម្លៃ​ធូរ​ថ្លៃ​ជាង​ប្រទេស​ផ្សេងៗ​។ ឆ្នាំ​ ២០២៣ នេះ​យើង​នឹង​ព្យាយាម​ជំរុញ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​បន្ថែមទៀត​។ យើង​ក៏​នឹង​អញ្ជើញ​អ្នកទិញ​ពី​អឺរ៉ុប​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ផងដែរ​»​។

​សហភាព​អឺរ៉ុប បានសម្រេច​យកពន្ធ​អង្ករ​នាំចូល​ពី​ប្រទេស​កម្ពុជា​សម្រាប់​រយៈពេល ៣ឆ្នាំ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ ដោយ​ក្នុង​ឆ្នាំ​ដំបូង ​(២០១៩) តម្លៃ​ពន្ធ​គឺ ១៧៥ ​អឺរ៉ូ​ក្នុង​ ១​តោន​, ឆ្នាំ​ទី​២ តម្លៃ ១៥០​អឺរ៉ូ​, និង​ឆ្នាំ​ទី​៣ តម្លៃ ១២៥ អឺរ៉ូ​។ ការសម្រេច​យកពន្ធ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​តវ៉ា​ពី​សំណាក់​ប្រទេស​អ៊ី​តា​លី និង​អេ​ស្ប៉ា​ញ ដែលជា​ប្រទេស​នាំចេញ​អង្ករ​ទៅកាន់​អឺរ៉ុប​។ ចាប់ពី​ដើមខែ​មករា ឆ្នាំ​២០២២​ មកការនាំចេញ​អង្ករ​របស់​កម្ពុជា​បាន​រួច​ពន្ធ​នាំចូល​។​

​យោងតាម​របាយការណ៍​របស់ CRF ក្នុង​ខែមករា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ចំនួន ៣៦ ៩០០តោន ដែល​គិត​ជា​ប្រា​ក់មាន​ចំនួន ២៨,៨៣​លាន​ដុល្លារ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ៣៤​គោលដៅ ដោយ​ក្នុងនោះ​ទៅកាន់​ប្រទេស​ក្នុង​តំបន់​សហគមន៍​អឺរ៉ុប​ចំនួន ២០ ​ប្រទេស​ស្មើនឹង ៤៨ ​ភាគរយ​នៃ​ការនាំចេញ​សរុប គិត​ជា​បរិមាណ​មាន​ចំនួន ១៧ ៧៩៥​ តោន ដែល​ស្មើនឹង​ទឹកប្រាក់​ ១៣,៤៤​ លាន​ដុល្លារ ខណៈ​ប្រទេស​ចិន និង​ហុងកុង គ្រប់គ្រង​ចំណែក​ការនាំចេញ​អង្ករ​កម្ពុជា ចំនួន ៤១ ​ភាគរយ ដែលមាន​បរិមាណ ១៥ ០៤៥ ​តោន ស្មើនឹង​ទឹកប្រាក់ ១១,៧៧​ លាន​ដុល្លារ ប្រទេស​អាស៊ាន​ចំនួន ២ (​ម៉ាឡេស៊ី និង​សិង្ហ​បុរី​) ចំនួន ១ ៨៧១​តោន គិត​ជា​ប្រាក់​មាន​ចំនួន ១,០៩​លាន​ដុល្លារ និង​គោលដៅ​ផ្សេងៗ​ចំនួន ៧ រួមមាន ប្រទេស​ហ្គា​បុ​ង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ រុស្ស៊ី និង​អារ៉ាប៊ីសាអ៊ូឌីត ចំនួន​២ ១៨៩​តោន គិត​ជា​ប្រាក់​ចំនួន ​២,៥៣​ លាន​ដុល្លារ​។​

​ចំពោះ​ប្រភេទ​អង្ករ​នាំចេញ កម្ពុជា​បានធ្វើ​ការនាំចេញ​អង្ករ​ក្រអូប​ប្រណីត «​ម្លិះ​អង្គរ​» ​ចំនួន ២២ ៨១០តោន អង្ករ​សែន​ក្រអូប​ចំនួន ៩ ៣៥៨តោន អង្ក​រស​ធម្មតា ១ ៧២១តោន អង្ករ​ចំហុយ ១ ៨៦៧តោន អង្ករ​សរីរាង្គ​ចំនួន ១ ១៤៤តោន និង​បាន​នាំ​ស្រូវ​ចេញ​ចំនួន ២៥២ ៧១៤​តោន​។ សរុប​តម្លៃ​នៃ​ការ នាំចេញ​អង្ករ​ស្រូវ​បាន​ទឹកប្រាក់​ចំនួន ៩២​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕