ធនាគារកណ្ដាលជប៉ុនរងសម្ពាធជាថ្មី ក្រោយពីទិន្នន័យអតិផរណាបន្តកើនឡើងខ្ពស់ខ្លាំងមិនធ្លាប់មាននៅក្នុងពេល៤១ឆ្នាំចុងក្រោយនេះ។ការណ៍នេះកំពុងត្រូវបានគេចោទសួរអំពីគោលនយោបាយទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKKEI។
យោងតាមទិន្នន័យអតិផរណាដែលបានបង្ហាញនៅថ្ងៃសុក្រនេះឱ្យដឹងថា អ្នកបង្កើតគោលនយោបាយរបស់ប្រទេសជប៉ុនកំពុងប្រឈមមុខដោះស្រាយមិនរួចសោះ នូវការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ដែលបានប៉ះពាល់ដល់ការចំណាយក្នុងគ្រួសារ ហើយគេមិនទាន់ឃើញប្រាក់ចំណូលក្នុងគ្រួសារកើនឡើងដល់កម្រិតដែលអាចយកមកទប់ទល់ទៅនឹងការចំណាយដ៏ខ្ពស់ក្នុងពេលនេះបាននៅឡើយទេ។
គួរជម្រាបថា បើមិនរាប់បញ្ចូលតម្លៃនៃម្ហូបអាហារស្រស់ តែបូកបញ្ចូលថ្លៃថាមពលវិញ នោះសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ នៅទូទាំងប្រទេសជប៉ុនមានកំរិតខ្ពស់ដល់ទៅជាង៤,២% នៅក្នុងខែមករាឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកជំនាញយល់ថា កំណើននៅខែមករានេះគឺជាល្បឿនលឿនបំផុត រាប់ចាប់តាំងពីខែកញ្ញាឆ្នាំ ១៩៨១មក ដែលកាលនោះតម្លៃប្រេងឥន្ធនៈក៏បានកើនឡើងខ្លាំងដែរ ដោយសារតែវិបត្តិប្រេងនៅតំបន់មជ្ឈិមបូព៌ា បានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដែលជាប្រទេសពឹងផ្អែកខ្លាំងលើការនាំចូលថាមពល។
សូមជម្រាបថារយៈពេល៩ខែជាប់ៗគ្នាហើយ ដែលអតិផរណាអ្នកប្រើប្រាស់របស់ជប៉ុន បានកើនឡើងលើសពីគោលដៅដែលធនាគារកណ្តាលជប៉ុនបានកំណត់ត្រឹម២%។ ដើមចមនៃការកើនឡើងនេះ គឺបណ្ដាលមកពីការកើនឡើងជាបន្តបន្ទាប់នៃតម្លៃប្រេងឥន្ធនៈ និងវត្ថុធាតុដើមផលិត។
លោក យូស៊ីមាសា មារូយាសាប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ បាននិយាយថា អតិផរណាប្រទេសជប៉ុនប្រហែលជានឹងកើនឡើងដល់កម្រិតកំពូលជាងនេះទៀតនៅខែខាងមុខ ហើយវានឹងមិនធ្លាក់ចុះក្រោមគោលដៅ ២% របស់ធនាគារកណ្តាលជប៉ុនងាយៗនោះទេ។
សូមជម្រាបថា ថ្វីត្បិតតែក្នុងត្រីមាសទី៤ឆ្នាំ២០២២ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានគេចផុតពីវិបត្តិសេដ្ឋកិច្ចក៏ដោយ ក៏កំណើនសេដ្ឋកិច្ចបានស្ទុះងើបឡើងវិញបានតិចតួចប៉ុណ្ណោះ។ អ្នកវិភាគជឿថា ទោះបីជាអតិផរណាអាចចុះទាបនៅពេលណាមួយក៏ដោយ ក៏វានៅមានមិនប្រាកដប្រជាដដែល ដោយសារសេដ្ឋកិច្ចពិភពលោក នៅតែជាបញ្ហាចម្បង រាំងស្ទះដល់សេដ្ឋកិច្ចប្រទេសជប៉ុនក្នុងការស្ដារឡើងវិញដដែល៕