(ភ្នំពេញ)៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានអះអាងថា ចាប់តាំងពីក្រោយប្រទេសចិនបានបើកប្រទេសឡើងវិញមក ចំនួនភ្ញៀវទេសចរជនជាតិចិនដែលចូលមកកម្ពុជាមានការកើនឡើងជាលំដាប់ ដោយក្នុងមួយថ្ងៃ អាចមានដល់ប្រមាណ ២ពាន់នាក់។ អ្នកជំនាញ បានបង្ហាញក្ដីរំពឹងខ្ពស់ទៀតថា ចាប់ពីខែមីនាទៅ នឹងមានការបើកជើងហើរត្រង់រវាងកម្ពុជា និងប្រទេសចិនកាន់តែច្រើនថែមទៀត ខណៈដែលរាជរដ្ឋាភិបាលបានដាក់គោលដៅនឹងស្រូបទាញភ្ញៀវទេសចរចិនឲ្យបានដល់១លាននាក់នៅឆ្នាំនេះ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពទេសចរចិនចូលមកកម្ពុជាបច្ចុប្បន្ន គឺមានការកើនឡើងជារៀងរាល់ថ្ងៃ ពោលគឺនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ គឺទទួលបានទេសចរចិនចន្លោះពី ១៨០០ ទៅជាង ២០០០នាក់ក្នុងមួយថ្ងៃៗ និងមានជើងហោះហើរត្រង់ពីចិនមកកម្ពុជាប្រមាណ១០ ទៅ ១៣ ជើងក្នុងមួយថ្ងៃផងដែរផងដែរ។ លោកជំទាវ ឆាយ ស៊ីវលីន ក៏បានឱ្យដឹងទៀតថា ចាប់ពីខែមីនា តទៅ នឹងមានការហោះហើរត្រង់ពីប្រទេសចិន ទៅកាន់ព្រលានយន្តហោះក្នុងខេត្តសៀមរាប និងខេត្តព្រះស៊ីហនុផងដែរ ដែលរំពឹងថានឹងមានកំណើនទេសចរចិនចូលមកកម្ពុជាកាន់តែច្រើនឡើងថែមទៀតផងដែរ។
ទោះបីថា ភ្ញៀវទេសចរចិនចាប់ផ្ដើមមានធ្វើំណើរចូលមកកម្ពុជាឡើងវិញមួយចំនួនក្ដី ប៉ុន្ដែលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ថា រហូតមកទល់ពេលនេះ ហាក់មិនទាន់ឃើញមានសន្ទុះខ្លាំងគួរឲ្យកត់សម្គាល់នោះទេ ដោយលោកបានអះអាងថា ជនជាតិចិនដែលចូលមកកម្ពុជាបច្ចុប្បន្នភាគច្រើន គឺជាអ្នកវិនិយោគ ក៏ដូចជាបុគ្គលិកកម្មករដែលបម្រើការងារនៅតាមការដ្ឋានសាងសង់ធំៗតែប៉ុណ្ណោះ។ លោក ធួន ស៊ីណាន ហាក់មិនទាន់មានសុទិដ្ឋិនិយមខ្ពស់នៅឡើយទេចំពោះទេសចរចិនចូលមកកម្ពុជាបច្ចុប្បន្ន គឺត្រូវការពេលបន្ថែមទៀត និងរង់ចាំមើលតាមរយៈការហោះហើររបស់ចិនមកកម្ពុជា នៅអំឡុងខែមីនា និងខែមេសា ខាងមុននេះ ។
ជុំវិញស្ថានភាពនៃវិស័យទេសចរណ៍នេះដែរ ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យនៃក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា នៅរយៈពេល១ខែដំបូងឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៤០ម៉ឺននាក់ កើនឡើងជិត ៨០០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ មានទេសចរជនជាតិចិនប្រមាណ ២ម៉ឺន៥ពាន់នាក់ កើនឡើងប្រមាណ ៩០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រៅតែពីភ្ញៀវទេសចរជនជាតិចិន ភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងៗទៀត ដូចជាតំបន់អឺរ៉ុបជាដើមនោះ ក៏មានការកើនឡើងដូចគ្នាផងដែរ។
សូមបញ្ជាក់ថា ថ្លែងនៅក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកថា វិស័យទេសចរណ៍ នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយសម្រាប់ជាតិ ក្នុងនោះសម្រាប់ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ២លាន២សែននាក់ កើនឡើង ១០៥៩%។
ជាមួយគ្នានេះ បើតាមក្រសួងទេសចរណ៍នៅពេញមួយឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិសរុបប្រមាណ ៤លាននាក់ផងដែរ ក្នុងនោះ រំពឹងថា នឹងទទួលបានភ្ញៀវទេសចរជនជាតិចិនចន្លោះពី ៨០ម៉ឺន ទៅ១លាននាក់ផងដែរ៕