សន្ទស្សន៍ផ្លូវការបានបង្ហាញថា សកម្មភាពផលិតកម្មរបស់ប្រទេសចិនបានពង្រីកស្ទុះឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មិនធ្លាប់មានក្នុងខែកុម្ភៈ ដែលជាសន្ទស្សន៍ផ្លូវការមួយបានបង្ហាញថា ចិនបានបំបែកកំណត់ត្រាការរំពឹងទុកលើផលិតកម្ម ក្រោយការដកការរឹតបន្តឹងនៃជំងឺកូវីដ-១៩។
សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) បានកើនឡើងដល់ ៥២.៦ ងើបពីចំនួនចាស់ ៥០.១ នៅក្នុងខែមករា។ នេះបើយោងតាមតួលេខការិយាល័យស្ថិតិជាតិដែលបានចេញផ្សាយក្តៅៗថ្ងៃពុធទី ១ ខែមីនា ឆ្នាំ២០២៣ លើសពីសញ្ញា ៥០ ស្តីពីការបំបែកកំណត់ត្រាការពង្រីក និងការធ្លាក់ចុះនៃសកម្មភាព។ PMI លើសពីការព្យាករណ៍របស់អ្នកវិភាគ ៥០.៥ ជាចំនួនដែលខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០១២។ ការងើបឡើងវិញនៃផលិតកម្មគ្រឿងសង្ហារិម ផលិតផលដែក និងបរិក្ខារគ្រឿងម៉ាស៊ីនអគ្គិសនី មានការរីកចំរើនធំដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ចិននេះ គឺក្រោយពេលដែលទីក្រុងប៉េកាំងបានលុបចោលនូវវិធានការបិទខ្ទប់ជំងឺឆ្លងកូវិដ-១៩ក្នុងខែធ្នូ បើកឲ្យលំហូរច្រកចេញចូលអន្តរជាតិ។
លោក Zhou Hao សេដ្ឋវិទូនៅ Guotai Junan International បាននិយាយថា “នេះក៏ដោយសារតែយើងបានយកចិត្តទុកដាក់ថែរក្សាជាមួយតួរលេខនេះយ៉ាងប្រុងប្រយ័ត្ន ក្នុងគ្រារដូវកាល និងព្រឹត្តិការណ៍ហានិភ័យជាច្រើន ទើបអាចមានការងើបឡើងវិញដ៏រឹងមាំនៅដើមឆ្នាំ ២០២៣នេះ” ។ ខាងទីផ្សាររំពឹងថា កិច្ចប្រជុំប្រចាំឆ្នាំរបស់សភារបស់ប្រទេសចិនដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ នឹងកំណត់គោលដៅសេដ្ឋកិច្ច និងជ្រើសរើសមន្ត្រីសេដ្ឋកិច្ចកំពូលចិនថ្មី។ “PMI សមរម្យផ្តល់នូវកំណត់ត្រាវិជ្ជមានសម្រាប់សភាប្រជាជនជាតិនាពេលខាងមុខ។ យើងរំពឹងថារដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយគាំទ្របន្ថែមទៀត ដើម្បីពង្រឹងការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ”។
សេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំ២០២៣នេះ ខណៈពេលដែលវិស័យផលិតកម្មបានចាប់ផ្តើមឃើញសញ្ញានៃការងើបឡើងវិញកាន់តែច្រើន ទោះបីជាស្ថិតក្រោមសម្ពាធជាមួយនឹងតម្លៃរោងចក្រធ្លាក់ចុះក្នុងខែមករា ដោយសារការប្រើប្រាស់ក្នុងស្រុក និងតម្រូវការបរទេសមិនច្បាស់លាស់បន្តិចបន្តួចក៏ដោយក្តី។ ការិយាល័យស្ថិតិជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតថា អាជីវកម្មបានពន្លឿនការបន្តការងារ និងផលិតកម្មរបស់ពួកគេឡើងវិញ ដោយសារឥទ្ធិពលនៃគោលនយោបាយស្ថិរភាពសេដ្ឋកិច្ចត្រូវបានទទួលដោយវិស័យនេះ ខណៈពេលដែលផលប៉ះពាល់នៃ COVID-19 បានស្រកចុះ។ កាលពីថ្ងៃសុក្រ ធនាគារកណ្តាលរបស់ប្រទេសចិនបាននិយាយថា សេដ្ឋកិច្ចក្នុងស្រុកត្រូវបានគេរំពឹងថានឹងងើបឡើងវិញជាទូទៅនៅឆ្នាំ ២០២៣ ទោះបីជាបរិយាកាសខាងក្រៅនៅតែ “ធ្ងន់ធ្ងរ និងស្មុគស្មាញ” ក៏ដោយ៕