Alynana Media Cambodia
Icon Collap
clinic narit

វិទ្យាស្ថានកំណើនបៃតងសកល បង្ហាញទស្សនៈវិជ្ជមានចំពោះកម្ពុជា ដែលកំពុងមាននិន្នាការលើការអភិវឌ្ឍ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន

Admin Alynana | Mar 08, 2023
វិទ្យាស្ថានកំណើនបៃតងសកល បង្ហាញទស្សនៈវិជ្ជមានចំពោះកម្ពុជា ដែលកំពុងមាននិន្នាការលើការអភិវឌ្ឍ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន
Clinic narith

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ វិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដឹកនាំដោយកញ្ញា Shomi Kim, តំណាង GGGI ប្រចាំកម្ពុជា។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង តំណាងវិទ្យាស្ថានកំណើនបៃតងសកល (GGGI) បានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ឱ្យបានជ្រាបពីគម្រោងដែលវិទ្យាស្ថាន កំពុងអនុវត្ត និងគម្រោងដែលគ្រោងនឹងអនុវត្ត នៅក្នុងប្រទេសកម្ពុជា។ 

នៅក្នុងនោះ ការសិក្សាបឋមសមិទ្ធិលទ្ធភាព (Pre-feasibility Study) សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ត្រូវបានបញ្ចប់ ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។

ចំពោះផែនការបន្ទាប់ GGGI គ្រោងនឹងសិក្សាអំពីគម្រោងលើកកម្ពស់គុណភាពខ្យល់ នៅក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប នៃខេត្តសៀមរាប ហើយគម្រោងសិក្សានេះដែរ គ្រោងនឹងចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខ ដែលប៉ាន់ស្មានថានឹងត្រូវចំណាយរយៈពេលសិក្សាចំនួន ២ឆ្នាំ ដែលទទួលបានថវិកាជំនួយពីប្រទេសបារាំង តាមរយៈ AFD។

លើសពីនេះគម្រោងសិក្សាទាក់ទងនឹងការគ្រប់គ្រងកាកសំណល់ និងលើកកម្ពស់សុខភាពអនាម័យក្នុងការស់នៅ ក៏ត្រូវបានបញ្ចូលទៅក្នុងផែនការរបស់វិទ្យាស្ថាន ក្នុងពេលខាងមុខផងដែរ។

ជាមួយគ្នានេះ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សា ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សាសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក។

ឯកឧត្តមទេសរដ្ឋមន្ត្រី  បានលើកឡើងពីការអនុវត្តការសិក្សាស្រាវជ្រាវលើទិដ្ឋភាពផ្សេងៗនៃទ្រឹស្តីកំណើនបៃតង ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវសុទិដ្ឋនិយម និងឆន្ទៈក្នុងការគាំទ្រ លើរាល់សកម្មភាពដែលវិទ្យាស្ថានកំពុង ក៏ដូចជាគ្រោងនឹងអនុវត្តនាពេលអនាគត នៅក្នុងប្រទេសកម្ពុជា។

ចំពោះការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកៀរគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីថែរក្សាបរិស្ថាន ជាមួយយុទ្ធនាការអព្យាក្រឹតកាបូន ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបពីទីតាំងស្ថានីយបញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើននៅពាសពេញផ្ទៃប្រទេស ពីសំណាក់ក្រុមហ៊ុនឯកជននានា។

លោកក៏បានស្នើទៅវិទ្យាស្ថាន GGGI ពិនិត្យលទ្ធភាពក្នុងការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធonline ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។